Liverpool ត្រូវពឹងផ្អែកលើបន្ទាយ Anfield ដើម្បីធ្វើឲ្យ Napoli ស្គាល់បរាជ័យជាលើកដំបូងក្នុងក្របខណ្ឌ UEFA Champions League រដូវកាលនេះ និងដើម្បីនាំពួកគេឈានទៅវគ្គ ១៦ក្រុមចុងក្រោយ។ រីឯ Tottenham Hotspur ក៏នឹងត្រូវធ្វើការធ្ងន់ផងដែរ ដោយត្រូវធ្វើដំណើរទៅកាន់ទឹកដី Nou Cam នាជំនួបចុងក្រោយពូល B ជាមួយ Barcelona។
ហង្សក្រហម នឹងត្រូវស្វាគមន៍ក្រុមភ្ញៀវ Napoli ក្នុងជំនួបចុងក្រោយពូល C និងជាការប្រកួតកាត់សេចក្តីថាតើក្រុមណាដែលអាចឈានទៅវគ្គ ១/៨ផ្តាច់ព្រ័ត្រ ពានកំពូលអឺរ៉ុបរដូវកាល ២០១៨-២០១៩នេះ។
ក្រុមពីអ៊ីតាលីដែលដឹកនាំដោយលោក Carlo Ancelotti កំពុងឈរនៅកំពូលតារាងមាន ៩ពិន្ទុ នាំមុខក្រុមលេខពីរ Paris Saint-Germain ដែលមាន ៨ពិន្ទុ និង Liverpool មាន៦ពិន្ទុ។ ក្រុមទាំងបីសុទ្ធតែអាចប្រជែងគ្នាដើម្បីឈានទៅវគ្គបន្ត ខណៈក្រុម Red Star Belgrade នៅសល់សិទ្ធិប្រជែងកៅអីលេងនៅ Europa League ប៉ុណ្ណោះ ប្រសិនបានចំណាត់ថ្នាក់ទី៣ក្នុងពូល។
ក្រុមរបស់លោក Jurgen Klopp ត្រូវធ្វើយ៉ាងណាយកឈ្នះ Napoli ឲ្យបានលើសពី២គ្រាប់ ដើម្បីធានាកៅអីទៅវគ្គបន្ត ដ្បិតក្រុមពីអ៊ីតាលីបានយកឈ្នះ ១-០ កាលពីជើងទីមួយ។
ក្រុមយក្សបារាំង PSG ក៏នឹងត្រូវតទល់ជាមួយក្រុមពីស៊ែប៊ី Red Star សម្រាប់ការប្រកួតចុងក្រោយនេះដែរ ដោយពួកគេត្រូវការត្រឹមស្មើប៉ុណ្ណោះដើម្បីបានកៅអីទៅជុំបន្ត។
ដោយឡែកក្នុងពូល B វិញ ក្រុមដែលឈរកំពូលតារាង Barca មានពិន្ទុគ្រប់គ្រាន់ហើយដើម្បីឈានទៅវគ្គក្រោយ ខណៈ PSV Eindhoven អស់សិទ្ធិ ព្រោះរកបានតែ១ពិន្ទុប៉ុណ្ណោះ។ ក្រុមដែលត្រូវប្រជែងគ្នាសម្រាប់ពូលនេះគឺ Spurs និង Inter Milan ដែលមាន៧ពិន្ទុដូចគ្នា។
ក្រុមទាំងពីរត្រូវការឈ្នះរៀងៗខ្លួននាជំនួបចុងក្រោយ ដោយក្រុមពីអ៊ីតាលី ហាក់មានប្រៀបជាងព្រោះត្រូវប៉ះក្រុមបាតតារាង។ រីឯក្រុមរបស់លោក Mauricio Pochettino ត្រូវតទល់ជាមួយក្រុមខ្លាំង Barca ប៉ុន្តែក្រុមយក្សអេស្ប៉ាញនេះទោះបីមិនឈ្នះក៏ឡើងដោយស្វ័យប្រវត្តិហើយដែរ។
កម្មវិធីប្រកួត៖
ម៉ោង៣ទៀបភ្លឺ៖
ពូល A
-Club Brugge vs Atletico Madrid
-Monaco vs Borussia Dortmund
ពូល B
-Barcelona vs Tottenham Hotspur
-Inter vs PSV Eindhoven
ពូល C
- Red Star Belgrade vs Paris Saint-Germain
-Liverpool vs Napoli
ម៉ោង១២:៥៥ រំលងអធ្រាត្រ
ពូល D
-Galatasaray vs FC Porto
-Schalke 04 vs Lokomotiv Moscow