ជាតិ
នយោបាយជាតិ
នាយករដ្ឋមន្ត្រី ឲ្យអតីតថ្នាក់ដឹកនាំបក្សប្រឆាំង ដាក់សំណើ បើចង់ចូលធ្វើនយោបាយវិញ ប្រធានគណបក្សប្រជាជនកម្ពុជា ឈរជជែកជាមួយមន្រ្តីជាន់ខ្ពស់មួយចំនួននៃគណបក្សសង្គ្រោះជាតិ ដូចជាលោក អេង ឆៃអ៊ាង និងលោក យ៉ែម បុញ្ញឫទ្ធិ ជាដើម នៅថ្ងៃបុណ្យឯករាជ្យជាតិលើ៦៣ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦
× ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ អាចនឹងមានឱកាសបានវិលមកកាន់ឆាកនយោបាយវិញ នៅពេលច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានធ្វើវិសោធនកម្មរួច នាពេលខាងមុននេះ។ ប៉ុន្តែ អ្នកទាំងនោះ ត្រូវដាក់សំណើ ទៅកាន់នាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីមហាផ្ទៃជាមុនសិន ហើយបន្ទាប់មកទើបមានការពិចារណាថាឲ្យឬមិនឲ្យ។
ក្នុងពីធីជួបសំណេះសំណាលជាមួយកម្មការ-កម្មការិនី នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារនេះ ទៅកាន់ថ្នាក់ដឹកនាំជាង១០០នាក់ នៃអតីតគណបក្សប្រឆាំង ដែលត្រូវបានតុលាការកំពូលដកសិទ្ធិនយោបាយ។ នាយករដ្ឋមន្ត្រី បញ្ជាក់ថា ទោះជាច្បាប់នេះ ត្រូវបានកែប្រែរួចហើយក៏ដោយ ក៏មិនមានន័យថា ថ្នាក់ដឹកនាំទាំងអស់នៃអតីតគណបក្សប្រឆាំង បានចូលធ្វើនយោបាយវិញដែរ។
សំឡេងនាយករដ្ឋមន្រ្តី
ប្រមុខរដ្ឋាភិបាល ប្រាប់ថា ពួកគេ អាចដាក់សំណើជាលក្ខណៈបុគ្គលម្នាក់ៗឬជាសំណើដែលមានគ្នាបួន-ប្រាំនាក់។ ប្រមុខរដ្ឋាភិបាល បានបន្ថែមថា អ្នកដែលគោរពតាមសាលដីការបស់តុលាការកំពូល អាចនឹងទទួលបានសិទ្ធិធ្វើនយោបាយវិញ តែអ្នកដែលប្រឆាំង ប្រហែលជាមិនបានទទួលនោះទេ។
មេដឹកនាំរូបនេះ សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«បើគេមានការស្នើសុំ នាយករដ្ឋមន្ត្រី នឹងពិនិត្យថា គេមិនបានប្រឆាំងសាលដីការបស់តុលាការកំពូល។ អ្នកប្រឆាំង មិនត្រឹមតែអត់បានសិទ្ធិធ្វើនយោបាយទេ គឺត្រូវជាប់គុកទៀតផង។ ពេលច្បាប់ចូលជាធរមាន ក្នុងឋានៈជាខ្ញុំនាយករដ្ឋមន្ត្រី ខ្ញុំ រង់ចាំទទួលសំណើពីសាមីខ្លួនម្នាក់ៗ គឺត្រូវស្នើមកនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីមហាផ្ទៃ។ ដូច្នេះ រដ្ឋមន្រី្តមហាផ្ទៃ ត្រូវយល់ គឺ ម្នាក់ម្តង ឬបួនប្រាំនាក់»។
សម្តេច ហ៊ុន សែន បានបកស្រាយថា បំណងនៃការកែប្រែច្បាប់នេះ មិនមែនដើម្បីសំដៅតែទៅលើគណបក្សណាមួយនោះទេ តែសំដៅលើគណបក្សទូទៅ និងជាការគិតគូរពីកម្ពុជាទៅថ្ងៃអនាគត។
ថ្ងៃទី១៣ ខែធ្នូ រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យនិងអនុម័តធ្វើវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) ស្តីពីគណបក្សនយោបាយ។ មាត្រានេះ គឺចែងអំពីអំណាចរបស់តុលាការកំពូល ដែលអាចហាមអ្នកនយោបាយ មិនឲ្យធ្វើនយោបាយ៥ឆ្នាំ។
ប៉ុន្តែ នៅពេលមាត្រានេះ ត្រូវបានធ្វើវិសោធនកម្មរួច នាយករដ្ឋមន្រ្តី នឹងមានសិទ្ធិថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីសុំឲ្យព្រះអង្គ ប្រទាននីតិសម្បទា ដោយឲ្យអ្នកជាប់បម្រាម អាចធ្វើនយោបាយវិញ មុនកាលកំណត់របស់តុលាការកំពូល៕
Tag:
ច្បាប់នយោបាយ
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com