អន្តរជាតិ
អង្គការកូរ៉េខាងត្បូងមួយដកពានសិទ្ធិមនុស្សពីលោកស្រី ស៊ូជី ព្រោះមិនបានជួយជនជាតិរ៉ូហ៊ីងយ៉ា
× មូលនិធិសិទ្ធិមនុស្សដ៏ធំមួយកូរ៉េខាងត្បូង នៅថ្ងៃអង្គារទី១៨ ខែធ្នូ បានប្រកាសថា ខ្លួននឹងដកហូតពានរង្វាន់របស់លោកស្រី អ៊ុងសាន ស៊ូជី ដែលខ្លួនបានផ្តល់ឲ្យកាលពីឆ្នាំ២០០៤កន្លងទៅ។ សម្រាប់ការសម្រេចចិត្តនេះ មូលនិធិសិទ្ធិមនុស្សមួយនេះ បានបញ្ជាក់ពីហេតុផលថា លោកស្រី ស៊ូជី ធ្វើព្រងើយកន្តើយរបស់ជុំវិញសកម្មភាពព្រៃផ្សៃប្រឆាំងទៅនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
អ្នកនាំពាក្យឲ្យមូលនិធិ Memorial May 18 លោក Cho Jin-tae បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «ភាពព្រងើយកន្តើយរបស់លោកស្រីជុំវិញភាពព្រៃផ្សៃទៅលើជនជាតិភាគតិច រ៉ូហ៊ីងយ៉ា គឺផ្ទុយទៅនឹងតម្លៃរបស់ពានរង្វាន់ ដែលឈរលើគោលការណ៍ការពារ និងលើកកម្ពស់សិទ្ធិមនុស្ស»។ ជាលទ្ធផលនោះ គណៈកម្មការនៃមូលនិតិនេះ បានសម្រេចចិត្តថា នឹងដកហូតពានរង្វាន់សិទ្ធិមនុស្ស Gwangju ពីលោកស្រី អ៊ុងសាន ស៊ូជីតែម្តង។
លោកស្រី អ៊ុងសាន ស៊ូជី ដែលបច្ចុប្បន្ននេះ មានតួនាទីជាទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេស បានរងការរិះគន់យ៉ាងខ្លាំងពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញលើក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
យុទ្ធនាការហិង្សាយោធាមីយ៉ាន់ម៉ា ដែលបានចាប់ផ្ដើមកាលពីឆ្នាំ២០១៧ បានបង្ខំឲ្យជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ាជាង ៧០ម៉ឺននាក់ ចាកចេញពីប្រទេសនេះទៅកាន់បង់ក្លាដេស។ នៅទីនោះ ពួកគេកំពុងសម្ងំរស់នៅក្នុងជំរំជនភៀសខ្លួន ហើយភ័យខ្លាចនឹងវិលត្រឡប់ទៅកាន់មីយ៉ាន់ម៉ាវិញ ទោះបីជាមានកិច្ចព្រមព្រៀងមាតុភូមិនិវត្តន៍ក៏ដោយក្តី។ យោធាមីយ៉ាន់ម៉ាត្រូវបានអន្តរជាតិចោទប្រកាន់ពីបទសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់, រំលោភបំពានផ្លូវភេទ និងដុតផ្ទះជាដើម។
គួរបញ្ជាក់ដែរថា មូលនិធិដើម្បីសិទ្ធិមនុស្សរបស់កូរ៉េខាងត្បូងខាងលើនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដើម្បីរម្លឹកទៅដល់ចលនាបះបោរដើម្បីទាមទារប្រជាធិបតេយ្យកាលពីឆ្នាំ១៩៨០ក្នុងទីក្រុង Gwangju កូរ៉េខាងត្បូង។ ចុងក្រោយចលនាបះបោរនេះបានបញ្ចប់ ដោយបានបង្កឲ្យមនុស្សច្រើនជាង ២០០នាក់ បានស្លាប់និងរងរបួស។
កាលពីខែមុន អង្គការ Amnesty International បានសម្រេចដកហូតពានរង្វាន់ពីលោកស្រី ស៊ូជីផងដែរ ដោយបានលើកហេតុផលថា គឺមកពីភាពព្រងើយកន្តើយរបស់លោកស្រីជុំវិញការធ្វើទុកបុកម្នេញលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា៕
Tag:
អ៊ុងសាន ស៊ូជី
មីយ៉ាន់ម៉ា
អង្គការសិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com