អន្តរជាតិ
ឥណ្ឌា សម្ពោធ​ស្ពាន​ដែល​ឲ្យ​យន្តហោះ​ចម្បាំង​ចុះចត​បាន
27, Dec 2018 , 11:59 am        
រូបភាព
រូបភាពពី Twitter នាយករដ្ឋមន្រ្តីឥណ្ឌា
រូបភាពពី Twitter នាយករដ្ឋមន្រ្តីឥណ្ឌា
​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណា​រិ​ន្ទ្រា ម៉ូ​ឌី នៅ​ថ្ងៃទី​២៥ ខែធ្នូ បាន​បើកសម្ពោធ​ស្ពាន​វែង​ជាងគេ​របស់​ឥណ្ឌា​ដែល​ដើរតួ​ជា​ស្ពាន​សម្រាប់​រថយន្ត​ផង និង​មាន​ផ្លូវ​រថភ្លើង​ផង​។ ស្ពាន Bogibeel ស្ថិតក្នុង​រដ្ឋ Assam ជា​រដ្ឋ​ក្រីក្រ​មួយ​របស់​ឥណ្ឌា ដែល​នឹង​ជួយ​ពង្រឹងសមត្ថភាព​ការពារជាតិ ពិសេស​តំបន់​ព្រំដែន​ជាប់​ចិន​។ រថក្រោះ​ធ្ងន់ៗ​អាច​បើកបរ​លើ​ស្ពាន​នេះ​ដោយ​ស្រួល ហើយ​យន្តហោះ​ចម្បាំង​ក៏​អាច​ចុះចត​បាន​ដូចគ្នា​ដែរ​។​

 
​ភ្ជាប់​ត្រើយ​ខាងជើង​ទៅ​ត្រើយ​ខាងត្បូង​ទន្លេ Brahmaputra ស្ពាន Bogibeel ចំណាយពេល​សាងសង់​ជិត​ពីរ​ទសវត្សរ៍ និង​ចំណាយ​ទឹកប្រាក់​ចំនួន​ជាង​៨០០​លាន​ដុល្លារ​។ ស្ពាន​ដែល​ស្ថិត​ក្បែរ​ទីក្រុង Dibrugarh នៃ​រដ្ឋ Assam ជាមួយ​ផ្នែក​មួយ​នៃ​គម្រោង​ការពារជាតិ​រប​ស់​រដ្ឋាភិបាល​ក្រុង​ញូវដែលី នៅ​តំបន់​ព្រំដែន​ជាមួយ​ចិន ដែលជា​សត្រូវ​ចាស់​។ ស្ពាន​នេះ នឹង​ជួយ​បង្កើនល្បឿន​ពង្រាយ​ទ័ព​ទៅកាន់​រដ្ឋ Arunachal Pradesh ជាទី​ដែល​ឥណ្ឌា​ធ្លាប់​ប្រយុទ្ធ​ជាមួយ​ចិន​កាលពី​ឆ្នាំ​១៩៦២ ។​
 
​បើតាម​សារព័ត៌មាន​ឥណ្ឌា Times of India ស្ពាន​នេះ​មាន​ពីរ​ជាន់ ដោយ​ជាន់​ក្រោម​ជា​ផ្លូវ​រថភ្លើង​មាន​ពីរ​ខ្សែ ឯ​ជាន់​លើ​ជា​ផ្លូវ​សម្រាប់​ការធ្វើដំណើរ​របស់​យាន​យន្ត​មាន​បី​គន្លង ហើយ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ទ្រ​ទម្ងន់​យុទ្ធោបករណ៍​ធុន​ធ្ងន់​បាន​។ មានន័យថា រថក្រោះ​ធ្ងន់​ជាងគេ​របស់​ឥណ្ឌា​ដែលមាន​ទម្ងន់​៦០​តោន អាច​បើកបរ​លើ​ស្ពាន​បាន​ដោយ​ស្រួល​។ លើសពីនោះ យន្តហោះ​ចម្បាំង​ក៏​អាច​ប្រើប្រាស់​ស្ពា​នេះ ជា​ផ្លូវ​រត់​បានដែរ​។​
 
​ក្រោយ​បើក​ដំណើរការ រយៈពេល​ធ្វើដំណើរ​តាម​រថភ្លើង​ពី​ទីក្រុង Dibrugarh ទៅកាន់​ទីក្រុង Itanagar ក្នុង​រដ្ឋ Arunachal Pradesh នឹង​កាត់បន្ថយ​ចំនួន​៧៥០​គីឡូម៉ែត្រ​ឯណោះ​។ ការធ្វើដំណើរ​ពី​រដ្ឋធានី​ញូវដែលី​ទៅកាន់ Dibrugarh ក៏​នឹង​ចំណេញ​ពេល​៣​ម៉ោង​ដែរ ខណៈ​ការធ្វើដំណើរ​រាល់ដង ត្រូវ​ចំណាយពេល​ដល់​៣៧​ម៉ោង​។ 
 
Arunachal Pradesh ជា​រដ្ឋ​មួយ​ក្នុងចំណោម​រដ្ឋ​ទាំង​២៩​របស់​ឥណ្ឌា និង​ស្ថិតនៅ​ឦសាន​ជាប់​ព្រំដែន​ជាមួយ​ចិន​។ ក្នុង​សង្គ្រាម​ព្រំដែន​ឆ្នាំ​១៩៦២ ឥណ្ឌា​បាន​បាត់បង់​ទឹកដី​មួយចំនួន​ក្នុង​រដ្ឋ​នេះ​ទៅ​ឲ្យ​ចិន​។ ដូចនេះ ស្ពាន Bogibeel មាន​តួនាទី​សំខាន់​ផ្នែក​យុទ្ធសាស្ត្រ​សម្រាប់​ឥណ្ឌា​។​
 
​សូមបញ្ជាក់ថា ស្ពាន​វែង​លំដាប់​ទី​១ របស់​ឥណ្ឌា​មួយ​នេះ កើតចេញពី​កិច្ច​ព្រម​ព្រ​ង​ឆ្នាំ​១៩៨៥ រវាង​ក្រុង​ញូវដែលី និង​ក្រុម​ផ្ដាច់ខ្លួន​នៅ​រដ្ឋ Assam ដើម្បី​បញ្ចប់​យុទ្ធនាការ​បង្ហូរឈាម​ក្នុង​រដ្ឋ​មួយ​នេះ​។ នៅ​ចន្លោះ​រដ្ឋ​ទាំងពីរ​នេះ ក៏មាន​ស្ពាន​វែង​ជាងគេ​របស់​ឥណ្ឌា​មួយទៀត គឺ​ស្ពាន Dhola-Sadiya ប្រវែង​៩.១​គីឡូម៉ែត្រ ដែលជា​ប្រភេទ​ស្ពាន​សុទ្ធសាធ គ្មាន​ផ្លូវ​រថភ្លើង​ឡើយ ហើយ​មាន​គោលដៅ​យុទ្ធសាស្ត្រ​ក្នុងការ​ពង្រឹង​ការការពារ​ជាតិ​ដែរ​៕ 

Tag:
 ឥណ្ឌា​
  ណា​រិ​ន្ទ្រា ម៉ូ​ឌី​
© រក្សាសិទ្ធិដោយ thmeythmey.com