អន្តរជាតិ
លួច​ទៅ​អ៊ីរ៉ាក់​ស្ងាត់ៗ លោក ត្រាំ ប្រកាសថា អាមេរិក​នឹង​លែង​ជា​តម្រួត​ពិភពលោក​ទៀតហើយ
27, Dec 2018 , 2:15 pm        
រូបភាព
លោក ដូណាល់ ត្រាំ និងជំទាវទី១ សួរសុខទុក្ខទាហានអាមេរិកនៅអ៊ីរ៉ាក់ (រូបភាព AFP)
លោក ដូណាល់ ត្រាំ និងជំទាវទី១ សួរសុខទុក្ខទាហានអាមេរិកនៅអ៊ីរ៉ាក់ (រូបភាព AFP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៦ ខែធ្នូ បាន​ទៅសួរសុខទុក្ខ​ទាហាន​អាមេរិក​ដែល​កំពុង​ឈរជើង​នៅ​អ៊ីរ៉ាក់​។ ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់លោក ត្រាំ ទៅកាន់​តំបន់​សង្គ្រាម​បែបនេះ ត្រូវធ្វើឡើង​យ៉ាង​សម្ងាត់​បំផុត​។ អមដំណើរ​ដោយ​ស្ត្រី​ទីមួយ មេ​ឡា​នី ត្រាំ ប្រធានាធិបតី​អាមេរិក​បាន​និយាយ​ការពារ​ការសម្រេចចិត្ត​ដកទ័ព​ពី​ស៊ី​រី និង​អះអាង​ជាថ្មី​ថា អាមេរិក​លែង​ឲ្យ​ប្រទេស​ណា​កេងប្រវ័ញ្ច​ទៀត ហើយក៏​លែង​ធ្វើជា​តម្រួត​ពិភពលោក​ដូច​មុន​ទៀត​ដែរ​។​

 
​ការ​ទៅសួរសុខទុក្ខ​ទាហាន​នៅ​តំបន់​សមរភូមិ​ដើម្បី​លើកទឹកចិត្ត ជា​អ្វីដែល​ប្រធានាធិបតី​អាមេរិក​មុនៗ​ធ្លាប់​ធ្វើឡើង ដោយ​ទម្លាប់​នេះ​មាន​តាំងពី​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១១ មក​។ ប៉ុន្តែ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​រង​រិះគន់​ខ្លាំង ព្រោះ​លោក​មិនទាន់​ទៅកាន់​បន្ទាយ​ទាហាន​អាមេរិក​នៅ​តំបន់​ដែល​កំពុងមាន​ការប្រយុទ្ធ​គ្នា​ឡើយ ពេល​លោក​ចូលកាន់​តំណែង​នៅ​ដើមឆ្នាំ​២០១៧ មក​នោះ​។   
 
​យ៉ាងណាមិញ លោក ត្រាំ និង​ភរិយា​បាន​ទៅដល់​បន្ទាយ​ទ័ពអាកាស Al-Asad នៅ​ភាគ​ខាងលិច​អ៊ីរ៉ាក់ ដើម្បី​សួរសុខទុក្ខ​យោធា​អាមេរិក​។ ទស្សនកិច្ច​នេះ ត្រូវ​រៀបចំឡើង​ដោយ​គ្មាន​នរណា​ដឹង​មុន​ឡើយ សូម្បីតែ​អ្នកសារព័ត៌មាន​ប្រចាំ​សេត​វិមាន​ដែល​ដើរ​តាម​យក​ព័ត៌មាន​របស់​ប្រធានាធិបតី​អាមេរិក ក៏​ដឹង​រឿងនេះ​នៅ​ចុងក្រោយ​ដែរ​។ លោក ត្រាំ វិញ បាន​ហៅ​ការហោះហើរ​នេះ ជា​ដំណើរ​សម្ងាត់​បំផុត តែ​លោក​ក៏មាន​អារម្មណ៍​មិន​ស្រួល​ដែរ ដ្បិត​យន្តហោះ Air Force One មិនត្រូវ​បានអនុញ្ញាត​ឲ្យ​បើកភ្លើង​ឡើយ​។​
 
​ពី​ទឹកដី​អ៊ីរ៉ាក់​នៅ​ថ្ងៃទី​២៦ ខែធ្នូ លោក ត្រាំ បាន​ការពារ​គោលនយោបាយ​របស់លោក​ជុំវិញ​ការដកខ្លួន​ពី​សម្ព័ន្ធ​ចម្រុះ​អន្តរជាតិ​ដើម្បី​បោសសម្អាត​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ដែល​ប្រជាជន​អាមេរិក​គិតថា គ្មាន​ថ្ងៃ​បញ្ចប់​ឡើយ​។ 
 
​មេដឹកនាំ​អាមេរិក​រូបនេះ​ព្យាយាម​ការពារ​«​នយោបាយ​តម្កល់​ប្រយោជន៍​អាមេរិក​ជាធំ​» ដោយ​និយាយថា វា​ជា​រឿង​មិន​យុត្តិធម៌​ឡើយ​សម្រាប់​អាមេរិក​ដែល​ត្រូវ​លីសែង​អ​ម្រែ​ក​ដ៏​ធ្ងន់​នេះ​តែម្នាក់ឯង ខណៈ​ប្រទេស​ជាច្រើន​កេងចំណេញ​ពី​អាមេរិក និង​ប្រើ​យោធា​អាមេរិក​ដើម្បី​ការពារ​ពួកគេ​។ លោក​ក៏​ត្អូញត្អែរ​ពី​ការអន្តរាគមន៍​របស់​អាមេរិក​នៅ​គ្រប់​ទីកន្លែង​ពេញ​ពិភពលោក​ដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
«​យើង​ទៅ​ឈរជើង​នៅ​ពាសពេញ​ពិភពលោក​។ យើង​ទៅដល់​ប្រទេស​ដែល​សឹងតែ​គ្មាន​នរណា​ធ្លាប់​ឮឈ្មោះ​អ្វី​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ត្រាំ ទៅកាន់​ទាហាន​អាមេរិក​ប្រមាណ​១០០​នាក់​។ ចំណែកឯ​ការដក​ទ័ព​ពី​ស៊ី​រី​វិញ លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​បាន​បដិសេធ​យោបល់​របស់​ក្រុម​ឧ​ត្ត​ម​សេនីយ៍​ដែល​ចង់​ឲ្យ​អាមេរិក​បន្ត​រក្សា​វត្តមាន​របស់ខ្លួន​ទៀត និង​ថា គ្មាន​ពេល​សម្រាប់​ការប្រយុទ្ធ​ជាមួយ​ពួក​ជ្រុលនិយម​ទៀតហើយ​។​
 
​ទោះ​ដកទ័ព​ថ្មើរជើង​ចេញ​ទាំងស្រុង​ពី​ស៊ី​រី​មែន ទ័ព​អាមេរិក​នឹង​បន្ត​ឈរជើង​នៅ​អ៊ីរ៉ាក់​ដដែល​។ នេះ​ជាការ​លើកឡើង​របស់លោក ត្រាំ ដែល​ចង់​ឲ្យ​ទាហាន​អាមេរិក​នៅ​អ៊ីរ៉ាក់ បំពេញ​តួនាទី​ជំនួស​វិញ បើ​ស្ថានការណ៍​ស៊ី​រី​នៅ​ថ្ងៃ​អនាគត​តម្រូវ​ឲ្យ​មានការ​អន្តរាគមន៍​មែន​នោះ​។ 
 
​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ អ៊ីរ៉ាក់​ដូចជា​មិនសូវ​ពេញចិត្ត​នឹង​ទស្សនកិច្ច​របស់លោក ត្រាំ ឡើយ ដ្បិត​ប្រធានាធិបតី​អាមេរិក​មិនបាន​ចូល​សួរសុខទុក្ខ​ម្ចាស់ផ្ទះ​ឡើយ​។ តាម​គម្រោង លោក ត្រាំ ត្រូវ​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ Adel Abdul Mahdi ប៉ុន្តែ​ចុងក្រោយ​បែរជា​ជជែក​តាម​ទូរ​សព្ទ​ទៅវិញ​។ ការិយាល័យ​លោក Mahdi ប្រកាសថា អាមេរិក និង​អ៊ីរ៉ាក់​មិនត្រូវ​គ្នា​ជុំវិញ​ទីតាំង​ជំនួប ដោយ​លោក Mahdi មិន​ចង់​ជួប​លោក ត្រាំ នៅ​បន្ទាយ​យោធា​អាមេរិក​ឡើយ​។​
 
​ក្រោយ​ស្ថិតនៅ​អ៊ីរ៉ាក់​ជាង​៣​ម៉ោង លោក ត្រាំ ក៏​ចាកចេញ និង​ធ្វើដំណើរ​ឆ្ពោះទៅកាន់​អាល្លឺម៉ង់​ទៀត ដោយ​ឆៀង​ចូល​សួរសុខទុក្ខ​យោធា​អាមេរិក​នៅ​បន្ទាយ​ទាហាន Ramstein ៕
 

Tag:
 អាមេរិក​
  អ៊ីរ៉ាក់​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com