អន្តរជាតិ
មន្ត្រី​អាមេរិក​ទៅ​ចិន​ខែក្រោយ​ដើម្បី​ចរចា ខណៈ​បទឈប់បាញ់សល់​ជាង​៦០​ថ្ងៃ​ទៀត​
27, Dec 2018 , 10:19 pm        
រូបភាព
​ប្រតិភូ​មន្ត្រី​អាមេរិក​ទទួល​ពាណិជ្ជកម្ម​មួយក្រុម នឹងធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​ចិន​នៅ​ដើមខែ​មករា ឆ្នាំ​២០១៩ ដើម្បី​ចរចា​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​។ វា​នឹង​ក្លាយជា​ការចរចា​ទល់មុខ​លើកទីមួយ​រវាង​ភាគី​ជម្លោះ​ទាំងពីរ បន្ទាប់ពី​ថ្នាក់ដឹកនាំ​កំពូល​បាន​ជួបគ្នា​កាលពីដើម​ខែធ្នូ​នៅ​អា​ហ្ស​ង់​ទីន និង​បាន​ព្រមព្រៀងគ្នា​ផ្អាក​ចាត់វិធានការ​ប្រឆាំង​គ្នា​ទៅវិញទៅមក​រយៈពេល​៩០​ថ្ងៃ​ទៀតផង​។ យ៉ាងណាមិញ គេ​មិន​រំពឹងថា ជំនួប​ថ្នាក់ក្រោម​នេះ​នឹងមាន​លទ្ធផល​ផ្លែផ្កា​ឡើយ​។​

 
​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន ហាក់​ស្ងប់ស្ងាត់​គួរ​ឲ្យ​សាទរ ក្រោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​សម​ភាគី​ចិន ស៊ី ជិន​ភីង ជួបគ្នា​នៅ​ថ្ងៃទី​១ ខែធ្នូ នៅ​អា​ហ្ស​ង់​ទីន​ក្រៅ​ជំនួប​មហាអំណាច​សេដ្ឋកិច្ច​ទាំង​២០​។ ពេលនោះ មេដឹកនាំ​អាមេរិក និង​ចិន​ឯកភាពគ្នា​ថា នឹងមិន​ធ្វើ​សកម្មភាព​ដាក់គ្នា​ទៅវិញទៅមក​រយៈពេល​៩០ ដោយ​គិតពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨​តែម្ដង ហើយ​ទុក​ពេលនេះ ជជែក​គ្នា​លើ​ការខ្វែងគំនិត​ទាំងឡាយ​។​
 
​សារព័ត៌មាន​អាមេរិក Bloomberg News ផ្សាយ​នៅ​ថ្ងៃទី​២៦ ខែធ្នូ ថា មន្ត្រី​អាមេរិក​មួយក្រុម​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង​នៅក្នុង​សប្ដាហ៍​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ ដើម្បី​ជួបចរចា​ជាមួយ​ភាគី​ចិន​។ ប្រតិភូ​នឹង​ដឹកនាំ​ដោយ​តំណាង​រង​ទទួលបន្ទុក​ការចរចា​ពាណិជ្ជកម្ម Jeffrey Gerrish ឯខាង​ចិន​ទំនង​ដឹកនាំ​ដោយ​អនុរដ្ឋមន្ត្រី​មកពី​ក្រសួងពាណិជ្ជកម្ម​។ 
 
​គម្រោង​ជួបគ្នា​រវាង​មន្ត្រី​ចិន និង​អាមេរិក​កើតឡើង​បន្ទាប់​សញ្ញា​នៃ​ភាពល្អប្រសើរ​បាន​លេចចេញ​ខ្លះៗ ខណៈ​លោក ត្រាំ ក៏​មិនបាន​និយាយ​អ្វី​ដែរ​ពាក់ព័ន្ធ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ ទាំង​ចិន ទាំង​អាមេរិក​មាន​ពេល​ដល់​ថ្ងៃទី​១ ខែមីនា ដើម្បី​ស្វែងរក​ច្រកចេញ​នៃ​វិបត្តិ​នេះ​។ យ៉ាងណាក្ដី ដោយសារ​ជំនួប​ខែមករា ជាការ​ចរចា​ថ្នាក់ក្រោម គេ​មិនដឹងថា នឹងមាន​លទ្ធផល​យ៉ាងណា​ឡើយ តែ​អាច​ឈានដល់​ការឯកភាព​ជាគោលការណ៍​ណាមួយ​។​
 
​កាលពី​សប្ដាហ៍​មុន មន្ត្រី​អាមេរិក និង​ចិន​បាន​ជជែក​តាម​ទូរ​សព្ទ​ចំនួន​២​ដង​។ ក្រសួងពាណិជ្ជកម្ម​ចិន​អះអាងថា ការចរចា​រវាង​អាមេរិក និង​ចិន មានដំណើរ​ការ​ទៅមុខ​លើ​បញ្ហា​ដូចជា​តុល្យភាព​ពាណិជ្ជកម្ម និង​កម្មសិទ្ធិបញ្ញា​ជាដើម​។ កាលពី​ថ្ងៃទី​១៤ ខែធ្នូ ក្រុង​ប៉េកាំង​ក៏​ប្រកាស​ដែរ​ថា ចាប់ផ្ដើម​ពីថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៩ ខ្លួន​នឹង​ផ្អាក​ការអនុវត្ត​ពន្ធ​នាំចូល​បន្ថែម​លើ​ឡាន និង​គ្រឿង​បរិក្ខារ​រថយន្ត​ដែល​ផលិត​នៅ​អាមេរិក​។  
 
​សូមបញ្ជាក់ថា ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ បាន​ឆាបឆេះ​ក្នុង​ខែកក្កដា បន្ទាប់ពី​រដ្ឋបាល​លោក ត្រាំ បាន​ដំឡើង​ពន្ធ​លើ​ផលិតផល​ចិន​រាប់រយ​មុខ​។ ការដំឡើង​ពន្ធ​ទៅមក​នេះ ធ្វើ​ទំហំ​ពន្ធ​ដែល​ដំឡើង​ដោយ​ភាគី​ទាំងពីរ​មាន​ច្រើនជាង​៣០០​ពាន់​លាន​ដុល្លារ​ឯណោះ ហើយ​វា​ក៏​ធ្វើ​ឲ្យ​រញ្ជួយ​ទីផ្សារ​ហ៊ុន​ពិភពលោក​ផងដែរ​។ អាមេរិក​ចោទ​ចិន​ថា អនុវត្ត​ពាណិជ្ជកម្ម​មិន​យុត្តិធម៌ លួច​បច្ចេកវិទ្យា​ប្រទេស​ផ្សេង និង​មិន​បើកចំហ​ទីផ្សារ​៕ 
 

Tag:
 អាមេរិក​
  ចិន​
  ជម្លោះ​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com