អន្តរជាតិ
ទស្សនកិច្ច​ផ្លេកបន្ទោរ​របស់លោក ត្រាំ នៅ​អ៊ីរ៉ាក់ កំពុង​បង្ករឿង​ចម្រូងចម្រាស​
28, Dec 2018 , 10:11 am        
រូបភាព
លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើមួក MAGA របស់យោធាអាមេរិក (រូបភាព CNN)
លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើមួក MAGA របស់យោធាអាមេរិក (រូបភាព CNN)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ទើប​បញ្ចប់​ទស្សនកិច្ច​ដ៏​ខ្លី​មួយ​នៅ​អ៊ីរ៉ាក់ ដើម្បី​សួរសុខទុក្ខ​ទាហាន​អាមេរិក​នៅ​តំបន់​សង្គ្រាម​។ ប៉ុន្តែ​ទស្សនកិច្ច​សម្ងាត់​បំផុត​មួយ​នេះ កំពុង​បង្កើត​រឿងចម្រូងចម្រាស​។ បញ្ហា​ទីមួយ លោក ត្រាំ បាន​បញ្ចេញ​ទីតាំង និង​អត្តសញ្ញាណ​របស់​កម្លាំង​ពិសេស Navy SEAL ដែលជា​ទូទៅ ជា​រឿង​លាក់​ការណ៍​បំផុត​។ បញ្ហា​ទី​ពីរ លោក ត្រាំ បាន​ចុះហត្ថលេខា​លើ​មួក MAGA (Make America Great Again) ដែលជា​ពាក្យស្លោក​របស់លោក​ក្នុង​យុទ្ធនា​ការបោះឆ្នោត​។

 
​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​ទៅកាន់​អ៊ីរ៉ាក់​នៅ​ថ្ងៃទី​២៦ ខែធ្នូ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សួរសុខទុក្ខ និង​ជជែក​ជាមួយ​យោធា​អាមេរិក​ដែល​ត្រូវបាន​ពង្រាយ​នៅឯ​បន្ទាយ Al Asad ។ លោក ត្រាំ ដែល​អមដំណើរ​ដោយ​ស្ត្រី​ទីមួយ មេ​ឡា​នី ត្រាំ ក៏បាន​ចុះហត្ថលេខា​លើ​មួក MAGA ពណ៌​ក្រហម ដែល​ក្រុម​ទាហាន​យកមក ក៏ដូចជា​ថតរូប និង​វីដេអូ​ជាមួយ​ពួកគេ​ផង​។ លោក​បាន​បង្ហោះ​វីដេអូ​មួយ​ពី​សកម្មភាព​នៅ​អ៊ីរ៉ាក់ មុនពេល​បន្តដំណើរ​ទៅកាន់​បន្ទាយ​យោធា​អាមេរិក​នៅ​អាល្លឺម៉ង់​។​
 
​តាមរយៈ​វីដេអូ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter របស់លោក ត្រាំ គេ​ឃើញ​ប្រធានាធិបតី​រូបនេះ​បាន​ឈរ​ថត​ជាមួយ​កម្លាំង​ពិសេស Navy Seal ទៀតផង​។ បើតាម​អ្នកសារព័ត៌មាន​ដែល​ធ្វើដំណើរ​ជាមួយ​លោក ត្រាំ សមាជិក​កម្លាំង​ពិសេស​ដែល​ឈ្មោះថា Kyu Lee បាន​ប្រា​ប់លោក ត្រាំ ថា រូបគេ​ជា​មេក្រុម Seal Team Five ហើយ​ពេល​មួយ​នោះ ក៏​ស្នើ​ត​ថ​រូប​ជាមួយ​លោក ត្រាំ ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ការបង្ហាញ​មុខមាត់រ​បស់​កម្លាំង​ពិសេស គឺជា​រឿង​កម្រ​ណាស់​។ ជាធម្មតា ទីតាំង​ឈរជើង និង​អត្តសញ្ញាណ​របស់​កម្លាំង​ពិសេស ជាការ​សម្ងាត់​បំផុត​។ ក្នុងករណី​ពួកគេ​ត្រូវបាន​ថត​ក្នុង​វីដេអូ​ពេល​កំពុង​បំពេញភារកិច្ច​នៅ​តំបន់​សង្គ្រាម​នោះ មុខ និង​គ្រឿង​សម្គាល់​អត្តសញ្ញាណ​ផ្សេងៗ ក៏ត្រូវ​បិទបាំង​ទៅទៀត​។ ដូច្នេះហើយ​ទើប​វីដេអូ​របស់លោក ត្រាំ ដែលជា​អគ្គមេបញ្ជាការ​កងទ័ព​អាមេរិក បង្ក​ជាការ​រិះគន់ និង​មានការ​លើកឡើងថា ប្រធានាធិបតី​អាមេរិក​កំពុង​បំពាន​ច្បាប់​ស្ដីពី​ប្រតិបត្តិការ​សន្តិសុខ​ផង​។ 
 
​អ្នកជំនាញ​ចារកម្ម​កងទ័ពជើងទឹក​អាមេរិក Malcolm Nance បាន​ប្រាប់​សារព័ត៌មាន​Newsweek ថា​៖«​ការបង្ហាញ​អត្ត​សញ្ញា​បែបនេះ ទោះ​ធ្វើ​ដោយ​អគ្គមេបញ្ជាការ​កងទ័ព​ក្ដី ជាការ​ឃោសនា​ដ៏​កងរំពង ព្រោះ​សមាជិក​កម្លាំង​ពិសេស អាច​ត្រូវបាន​ចាប់ខ្លួន​ដោយ​រដ្ឋាភិបាល​បរទេស ឬក៏​ក្រុម​ភេរវជន​។​»
 
​ក្រៅពី​ធ្វេសប្រហែស​បង្ហាញ​អត្តសញ្ញាណ​កម្លាំង​ពិសេស​នោះ លោក ត្រាំ ក៏​ជួប​រឿងចម្រូងចម្រាស​មួយទៀត គឺ​ការចុះហត្ថលេខា​លើ​មួក MAGA ។ អំឡុង​ទស្សនកិច្ច​នៅ​អ៊ីរ៉ាក់​និង​នៅ​អាល្លឺម៉ង់​ដែរនោះ ទាហាន​អាមេរិក​ជាច្រើន​បាន​តម្រង់​ជួរ​រង់ចាំ​លោក ត្រាំ ដើម្បី​សុំ​ហត្ថលេខា​លើ​មួក​ពណ៌​ក្រហម​ដែលមាន​ប៉ាក់​ពាក្យឃោសនា​របស់លោក​ផ្ទាល់​។ ការណ៍​នេះ​ហាក់ដូចជា​ផ្ទុយ​ច្បាប់​អាមេរិក​ដែល​ហាម​យោធា​ចូលរួម​សកម្មភាព​នយោបាយ​ពេល​ពាក់​ឯកសណ្ឋាន​។ 
 
​យ៉ាងណាមិញ លោក ត្រាំ បាន​និយាយ​ការពារ​ខ្លួន​ពាក់ព័ន្ធ​ពាក្យរិះគន់​នេះ​។ លោក​បាន​បង្ហោះ​សារ​លើ​Twitter នៅ​ថ្ងៃទី​២៨ ខែធ្នូ ថា បើ​ទាហាន​ក្មេងៗ​ទាំងនោះ​ចង់បាន​ហត្ថលេខា​របស់លោក​លើ​មួក MAGA លោក​នឹង​ឲ្យ​ពួកគេ ដោយ​មិន​បដិសេធ​អ្វី​ឡើយ​។ ជុំវិញ​បញ្ហា​នេះដែរ កងទ័ពអាកាស​អាមេរិក​ប្រចាំ​អឺរ៉ុប​អះអាងថា វា​មិនមែនជា​រឿង​ខុសឆ្គង​ឡើយ​ដែល​ទាហាន​អាមេរិក​យក​របស់​ផ្ទាល់ខ្លួន​ឲ្យ​ប្រធានាធិបតី​ចុះហត្ថលេខា​ពីលើ​នោះ​៕ 
 

Tag:
 អាមេរិក​
  អ៊ីរ៉ាក់​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com