អន្តរជាតិ
នាយករដ្ឋមន្ត្រី Hasina រំពឹង​ឈ្នះឆ្នោត​អាណត្តិ​ទី​បួន ខណៈ​ការឃោសនា​បញ្ចប់​ទៅដោយ​ហិង្សា​បង្ហូរឈាម​
29, Dec 2018 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការឃោសនាបោះឆ្នោត​សាកលបង់​ក្លា​ដែ​ស​បញ្ចប់​ទៅជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​ទី ២៨ ខែធ្នូ​នេះ ប៉ុន្តែ​ករណី​អំពើហិង្សា​បង្ហូរឈាម និង​ការចោទប្រកាន់​គ្នា​ទៅវិញទៅមក​រវាង​ក្រុមគាំទ្រ​បក្ស​កាន់អំណាច និង​បក្សប្រឆាំង​កំពុង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ព្រួយបារម្ភ​ខ្លាំង​ផងដែរ​។ ការបោះឆ្នោត​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ ខណៈ​នាយករដ្ឋមន្ត្រី Sheikh Hasina កំពុង​ស្វែងរក​លទ្ធភាព​ឈានទៅ​ជាប់ឆ្នោត​អាណត្តិ​ទី​បួន​ទៀត​។​


 
​ម៉ោង​ប្រាំបី​ព្រឹក​ថ្ងៃ​សុក្រ​ទី ២៨ ខែធ្នូ ការឃោសនាបោះឆ្នោត​បង់​ក្លា​ដែ​ស​បានបញ្ចប់​ជា​ផ្លូវការ​។ ប៉ុន្តែ​ក្នុងពេល​ឃោសនា​នេះ មនុស្ស​ជាច្រើន​រយ​នាក់​ត្រូវបាន​ឃុំខ្លួន ហើយ​ច្រើន​នាក់​ផ្សេងទៀត​ត្រូវបាន​គេ​អះអាងថា ស្លាប់​ដោយសារ​អំពើហិង្សា​បង្ហូរឈាម​តាម​ដងផ្លូវ​ផង​។ ចំណែក ក្រុមប្រឆាំង​ក៏បាន​ចោទប្រកាន់​ដែរ​ថា រដ្ឋាភិបាល​ព្យាយាម​បង្ក្រាប​គណបក្សប្រឆាំង​ដើម្បី​យក​ប្រៀប​ក្នុងការ​បោះឆ្នោត​ថ្ងៃអាទិត្យ​ទៀត​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប៉ូលិស​អះអាងថា អ្នកគាំទ្រ​ម្នាក់​របស់​គណបក្ស​សម្ព័ន្ធ Awami ដែលជា​បក្ស​កាន់អំណាច​របស់​នាយក​រដ្ឋមន្ត្រី Sheik Hasina ត្រូវបាន​សមាជិក​បក្ស​ប្រឆាំង​ជាតិនិយម​បង់​ក្លា​ដែ​ស (BNP) សម្លាប់​នៅ​ទីក្រុង Sylhet នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ។  ឯខាង​គណបក្សប្រឆាំង BNP បាន​ចោទថា ប៉ូលិស​ឃុំ​សមាជិក​ខ្លួន ១៩​នាក់​ផងដែរ​។ 
 
​ចាប់ពី​បើក​យុទ្ធនា​ការឃោសនា​ជា​ផ្លូវការ​ពីថ្ងៃ​៨​ខែវិច្ឆិកា​មក គេ​ឃើញ​មានការ​ចោទប្រកាន់​គ្នា​ជា​ហូ​ហែរ​អំឡុងពេល​ឃោសនា​រវាង​អាជ្ញាធរ  និង​បក្សប្រឆាំង BNP​។ ប៉ូលិស​បង់​ក្លា​ដែ​ស​រាយការណ៍​ថា អ្នកស្លាប់​ដែលជា​អ្នកគាំទ្រ​បក្ស​កាន់អំណាច​សម្ព័ន្ធ Awami មាន​ពីរ​នាក់​រាប់​ចាប់ពី​ថ្ងៃ​ឃោសនា​ថ្ងៃ​ដំបូង​។ 
 
​ឯខាង​បក្សប្រឆាំង BNP វិញ​បាន​បញ្ជាក់ថា អ្នកគាំទ្រ​ខ្លួន​ប្រាំបី​នាក់​ឯណោះ​បាន​ស្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​នាពេល​ឃោសនា​នេះ​។ គណបក្ស​នេះ​ក៏បាន​ចោទប្រកាន់​ផងដែរ​ថា រដ្ឋាភិបាល​កំពុង​ប្រើ​វិធានការ​ផ្តាច់​ការបំពាន​ប្រជាធិបតេយ្យ និង​សេរីភាព​បញ្ចេញមតិ ហើយ​អាជ្ញាធរ​លម្អៀង​និង​បាន​ឃាត់ខ្លួន​សកម្មជន​ខ្លួន​រាប់ពាន់នាក់​ដែល​ព្យាយាម​បាតុកម្ម​ប្រឆាំងនឹង​ប្រព័ន្ធ​បោះឆ្នោត​ដែល​មិន​សុចរិត ។​
 
​ឆ្លើយតប​នឹង​ការចោទប្រកាន់ ក្នុងការ​បង្ហាញមុខ​ថ្ងៃ​ជួបជុំ​អ្នកគាំទ្រ​ចុងក្រោយ​ថ្ងៃ​សុក្រ នាយករដ្ឋមន្ត្រី Hasina ដែល​កំពុង​ស្វះ​ស្វែងរក​ការជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ជាថ្មី​សម្រាប់​អាណត្តិ​ទី​បួន​នោះបាន​អះអាងថា វា​គ្មាន​ភាពលម្អៀង និង​ការប្រើប្រាស់​មធ្យោបាយ​ផ្តាច់ការ​ក្នុងការ​បង្ក្រាប​បក្សប្រឆាំង​ឡើយ​។      
 
​នៅ​បង់​ក្លា​ដែ​ស អ្នកមាន​សិទ្ធិ​បោះឆ្នោត​សរុប​មាន ១០៤​លាន​នាក់ ហើយ​ការបោះឆ្នោត​នឹង​ចាប់​ផ្តើមឡើង​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ៣០ ខែធ្នូ​។ ក្រោម​ការដឹកនាំ​របស់​លោកស្រី​ចាប់ពី​ឆ្នាំ ២០០៨​មកនេះ បង់​ក្លា​ដែ​សមាន​សេដ្ឋកិច្ច​រីកចម្រើន​គួរ​ឲ្យ​កត់​ស​ម្កាល់ ហើយ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​គឺ ៦,៣​ភាគរយ​។ របាយការណ៍​ស្ទង់​មតិ​ថ្មីៗ​នេះ​បង្ហាញថា​លោកស្រី Hasina មានលទ្ធភាព​ខ្ពស់​ក្នុង​ការបន្ត​កាន់តំណែង​ជាថ្មីទៀត​។ Hasina បាន​ដឹកនាំ​បង់​ក្លា​ដែ​ស​អាណត្តិ​ទីមួយ​ចាប់ពី​ឆ្នាំ ១៩៩៦​ដល់​ឆ្នាំ ២០០១ ហើយ​នៅ​ឆ្នាំ ២០០៨​លោកស្រី​បានឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស​ជាថ្មី​មកដល់​បច្ចុប្បន្ន​។ 
 
​យ៉ាងណាក៏ដោយ អំពើហិង្សា​រហូត​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ និង​ការចោទប្រកាន់ថា រដ្ឋាភិបាល​កំពុង​បង្ក្រាប​ក្រុមប្រឆាំង​កំពុង​ធ្វើ​ឲ្យ​អន្តរជាតិ​ព្រួយបារម្ភ​ខ្លាំង​។ ក្រុម​បក្សប្រឆាំង BNP ដែល​ពឹងផ្អែក​សំខាន់​លើ​ការប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​ខ្លួន​នោះបាន​ទិតៀន​អាជ្ញាធរ​បង់​ក្លា​ដែ​ស​ចាស់ដៃ​ដែរ ពេល​ប្រព័ន្ធ​អ៊ីនធឺណិត 3G និង 4G ត្រូវបាន​ផ្អាក​ដំណើរការ​ជាច្រើន​ម៉ោង​។ ប៉ុន្តែ​ខាង​អាជ្ញាធរ​បាន​បកស្រាយ​ថា វា​ជា​វិធានការ​ប្រឆាំងនឹង​ការប្រើប្រាស់​ការឃោសនា​មិន​សមស្រប ក្នុងពេលដែល​ការឃោសនា​ត្រូវ​បិទ​បញ្ចប់​ប៉ុណ្ណោះ​។
​ជុំវិញ​បញ្ហា​ចម្រូងចម្រាស​នេះ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​បង់​ក្លា​ដែ​ស Earl Miller បាន​ថ្លែងថា រដ្ឋបាល​អាមេរិក​ព្រួយបារម្ភ​ខ្លាំង​ដោយសារ​ហិង្សា​កម្រិតធ្ងន់​ដែល​កើតឡើង​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ក្នុ​ថ​ដូ​វ​កាល​ឃោសនាបោះឆ្នោត​។ ខាង​ស្ថានទូត​ក៏បាន​ជួបពិភាក្សា​ជាមួយ​ប្រធាន​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ផងដែរ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។ 
 
​ចំណែក​អគ្គលេខា​ង​ធិ​ការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres វិញ​ក៏បាន​អំពាវនាវ​ទៅកាន់​អាជ្ញាធរ និង​ពលរដ្ឋ​បង់​ក្លា​ដែ​ស​អត់ធ្មត់ និង​ធ្វើយ៉ាងណា​ធានា​ឲ្យ​បាន​នូវ​ការបោះឆ្នោត​ដោយ​ភាព គ្មាន​ហិង្សា គ្មាន​ការគំរាមកំហែង និង​បង្ខិតបង្ខំ​៕
 

Tag:
 បង់​ក្លា​ដែ​ស​
  Sheikh Hasina
  បោះឆ្នោត​
  ហិង្សា​
© រក្សាសិទ្ធិដោយ thmeythmey.com