អន្តរជាតិ
លោកស្រី អេ​ន​ជេ​លី​ណា ជូ​លី បង្ហាញ​តម្រុយ​ចង់​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ឆ្នាំ ២០២០
29, Dec 2018 , 12:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​បទ​សម្ភាស​ជាមួយ​កម្មវិធី​«​ថ្ងៃនេះ​»​របស់​វិទ្យុ​អង់គ្លេស BBC លោកស្រី អេ​ន​ជេ​លី​ណា ជូ​លី (Angelina Julie) បានបង្ហាញ​តម្រុយ​ថា លោកស្រី​អាច​នឹង​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​។ អ្វីដែល​គួរ​កត់​ស​ម្កាល់ បេសកជន​ពិសេស​អង្គការសហប្រជាជាតិ​រូបនេះ ក៏​មិន​បដិសេធ​ដែរ​ពី​ការចូលរួម​ប្រកួត​ជែង​យក​តំណែង​ប្រធានាធិបតី​អាមេរិក​នៅក្នុង​ឆ្នាំ ២០២០​។​



«​ប្រសិនជា​អ្នក​សួរ​ខ្ញុំ ២០​ឆ្នាំមុន ខ្ញុំ​ប្រហែលជា​ត្រូវ​សើច​។ ខ្ញុំ​មិនដឹងថា​ខ្ញុំ​សក្តិសម​នឹង​កិច្ចការ​នយោបាយ​ឬ​អត់​ទេ​។ ប៉ុន្តែ​មកដល់​ឥឡូវ ខ្ញុំ​និយាយ​លេងសើច​ថា ខ្ញុំ​មិនដឹងថា ខ្ញុំ​នៅមាន​រឿង​ត្រូវ​លាក់បាំង​ទៀត​ឬ​អត់​ឡើយ​»​។ នេះ​ជាការ​ចម្លើយ​របស់លោក​ស្រី ជូ​លី ពេល​ពិធីករ Justin Webb សួរថា លោកស្រី​ពិចារណា​ចូលធ្វើ​នយោបាយ ឬ​អត់​។​
 
​ក្នុង​តំណែង​ជា​តំណាង​ពិសេស​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ លោកស្រី ជូ​លី ទទួលស្គាល់ថា ខ្លួន​មានលទ្ធភាព​ធ្វើ​ការងារ​នយោបាយ និង​មានបទពិសោធន៍​នយោបាយ​ច្រើន​ដែរ​។ ​
 
«​ខ្ញុំ​មានលទ្ធភាព​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល ហើយ​ខ្ញុំ​ក៏​អាចធ្វើ​ការងារ​ជាមួយ​ទាហាន ហើយ​ខ្ញុំ​អង្គុយ​នៅ​ទីកន្លែង​មួយ​ដែល​អាចធ្វើ​ការងារ​បាន​ច្រើន ដោយ​មិនចាំបាច់​មាន​តំណែង មិនចាំបាច់​ថា​ជា​ខ្ញុំ ឬ​ជា​គោលនយោបាយ​របស់ខ្ញុំ​ឡើយ​។ ដូច្នេះ សម្រាប់​ពេលនេះ ខ្ញុំ​នឹង​រក្សា​ភាព​ស្ងៀមស្ងាត់​សិន​»​។ លោកស្រី​ពន្យល់​បន្ថែម​ដូច្នេះ​។ 
 
​ពេល​លោកស្រី ជូ​លី និយាយ​ចប់​ភ្លាម លោក Webb សរុបសេចក្តី​ភ្លាម​ថា ការបកស្រាយ​ខាងលើ​មានន័យថា លោកស្រី​អាច​ស្ថិតក្នុង​បញ្ជី​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០ បាន​។ មិនបាន​បដិសេធ​ទេ លោកស្រី ជូ​លី គ្រាន់តែ​តប​វិញ​បែប​ស្ទាក់ស្ទើរ​ថា​៖ « អរគុណ​» ហើយ​សើច​ប៉ុណ្ណោះ​។ 
 
​លោកស្រី ជូ​លី ដែលជា​តារា​សម្តែង​ហូលីវូដ​ដ៏​ល្បី​លើ​ពិភពលោក​ផង​នោះ ត្រូវបានតែងតាំង​ជា​តំណាង​ពិសេស​របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ ២០១២ ហើយ​លោកស្រី​ក៏​កំពុងធ្វើការ​ងារ​ជា​សកម្មជន​ដ៏​សកម្ម​ដែល​ធ្វើការ​ងារ​លើ​បញ្ហា​ជាច្រើន​ក្នុងនោះ​មាន​សិទ្ធិមនុស្ស ជនភៀសខ្លួន និង​ហិង្សា​ផ្លូវភេទ​ជាដើម​៕

Tag:
 អេ​ន​ជេ​លី​ណា ជូ​លី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com