អន្តរជាតិ
មន្ត្រីជាន់ខ្ពស់​អាល្លឺម៉ង់​៖ គ្មាន​ហេតុផល​ដែល​អាល្លឺម៉ង់​ត្រូវ​រក្សា​ទ័ព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើយ បើសិន ត្រាំ ដកទ័ព​ចេញ​
29, Dec 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​មន្ត្រី​យោធា​ជានខ្ពស់​អាល្លឺម៉ង់​បានផ្តល់​យោបល់​ថា បើសិនជា​អាមេរិក​ដក​កងទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន កងទ័ព​អាល្លឺម៉ង់​អាច​នឹងរង​គ្រោះថ្នាក់​។ ដូច្នេះ វា​គ្មាន​ហេតុផល​អ្វីដែល​អាល្លឺម៉ង់​ត្រូវ​បន្ត​រក្សា​កងទ័ព​ខ្លួន​នៅ​រដ្ឋ​ខ្ទេចខ្ទាំ​ដោយសារ​ភ្លើងសង្គ្រាម​អាស៊ី​កណ្តាល​នេះឡើយ​។

 

 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​អាល្លឺម៉ង់ Tagesspiegel នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៧​ធ្នូ អតីត​នាយសេនាធិការ​កងទ័ព​អាល្លឺម៉ង់​លោក Harald Kujat បាន​ព្រមាន​ថា​ការដក​ទ័ព​របស់​អាមេរិក​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​អាល្លឺម៉ង់ ហើយ​អាល្លឺម៉ង់​ប្រហែលជា​នឹងមិន​បន្ត​ចូលរួម​ប្រតិបត្តិការ​យោធា​នៅ​ទីនោះ​ទៀតឡើយ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Press Tv អ៊ីរ៉ង់ លោក Kujat បាន​និយាយ​ដូច្នេះ​៖« ប្រសិនជា​អាមេរិក​បន្ថយ​កងទ័ព​ដែលមាន​ចំនួន​តិចតួច​កំពុង​ឈរជើង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ពិតមែន​នោះ វា​គ្មាន​ហេតុផល​អ្វីដែល​យើង​ត្រូវ​បន្ត​ប្រតិបត្តិការ​ទៀតឡើយ​»​។  
 
​អាល្លឺម៉ង់​មាន​កងទ័ព​ប្រហែល ១១០០​នាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ភាគច្រើន​នៃ​កងទ័ព​នេះ​ឈរជើង​នៅ​ទីក្រុង​ភាគ​ខាងជើង Mazar-i-Sharif និង​ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​យោធា​របស់​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ផង​។ កងទ័ព​ទាំងនោះ​ដើរតួនាទី​សំខាន់​ក្នុង​បង្វឹក និង​ប្រឹក្សា​យោបល់​ដល់​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រឆាំងនឹង​ក្រុម​ភេរវជន​ផងដែរ​។​
​យ៉ាងណាក៏ដោយ​លោក Kujat បាន​បន្ថែម លោក​រំពឹងថា សមាជិក​ណា​តូ​ដ៏ទៃទៀត​នឹង​បង្កើន​វិភាគទាន​ដើម្បី​ប​ង្គ្រា​ប់​ចន្លោះប្រហោង​នៅពេលដែល​អាមេរិក​ដក​កងទ័ព​ចេញ​នោះ​។ 
 
​ចុង​សប្តាហ៍​មុន ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ដក​កងទ័ព​អាមេរិក​យ៉ាងហោចណាស់ ៥០០០ នាក់​ក្នុងចំណោម​ទ័ព ១៤០០០​នាក់​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ​ពេលដែល​លោក​ប្រកាស​ដកទ័ព​ទាំងស្រុង ២០០០​នាក់​ពី​ស៊ី​រី​ដែរ​។ លោក​ក៏​សម្រេចចិត្ត​ដកទ័ព​ថ្មើរជើង​ទាំងស្រុង​ពី​ស៊ី​រី​ដែរ​។ ការសម្រេចចិត្ត​របស់​លោក ត្រាំ មានការ​ជំទាស់​ពី​សមាជិក​គណៈរដ្ឋមន្ត្រី​របស់លោក​ផង និង​មានការ​ទិតៀន​ពី​ក្រុម​អ្នកជំនាញ​សន្តិសុខ​ដូចគ្នា​។​
 
​ក្រៅពី​មន្ត្រី​យោធា​ជាន់ខ្ពស់​នេះ មន្ត្រី​ការបរទេស​អាល្លឺម៉ង់ និង​អ្នកនយោបាយ​អាល្លឺម៉ង់​ក៏​បង្ហាញ​កង្វល់​ចំពោះ​ការប្រកាស​ដក​កងទ័ព​អាមេរិក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថា ហើយក៏​រិះគន់​ទង្វើ​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ដែល​មិន​ឲ្យ​តម្លៃ​ការសហការ​ជាមួយ​សម្ព័ន្ធមិត្ត​ដើម្បី​ដោះស្រាយ​បញ្ហា​ពិភពលោក​ដែរ​។​
 
​រឿង​ដកទ័ព​អាមេរិក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើយ​ដែល​ធ្វើ​ឲ្យ​អាល្លឺម៉ង់​បារម្ភ​ក្នុង​កម្រិត​មធ្យម​ប៉ុណ្ណោះ ឯ​ការប្រកាស​ពី​មាត់​ប្រធានាធិបតី ត្រាំ ពេល​លោក​ទៅ​លួច​ទៅ​ជួប​កងទ័ព​ស្ងាត់ៗ​នៅ​អ៊ីរ៉ាក់​នៅ​សប្តាហ៍​នេះ​ថា អាមេរិក​នឹង​លែង​ជា​តម្រួត​ពិភពលោក​នោះ​ទើប​ធ្វើ​ឲ្យ​អាល្លឺម៉ង់​បារម្ភ​ខ្លាំង​។ ប្រធាន​គណៈកម្មការ​កា​របរ​ទេស​នៃ​សភា​អាល្លឺម៉ង់ Norbert Rottgen បាន​ទាត់ចោល​សម្តី​របស់លោក ត្រាំ ហើយ​អះអាងថា អាមេរិក​ជា​មហាអំណាច​ដែល​មិនអាច​ជំនួស​បាន និង​មាន​តួនាទី​សំខាន់បំផុត​ក្នុងការ​រក្សា​សណ្តាប់ធ្នាប់ សន្តិសុខ ស្ថិរភាព ការទូត និង​តុល្យភាព​អំណាច​ពិភពលោក​ដែរ​៕
 

Tag:
 អាល្លឺម៉ង់​
  ដូ​ណា​ល់ ត្រាំ​
  Harald Kujat
© រក្សាសិទ្ធិដោយ thmeythmey.com