អន្តរជាតិ
ប្រធានាធិបតី​វៀតណាម ក្រើនរម្លឹក​ពលរដ្ឋ និង​មន្ត្រី​កុំ​ត្រេក​ត្រ​អរ​ហួស​នឹង​ការលូតលាស់​នៃ​សេដ្ឋកិច្ច​
30, Dec 2018 , 10:38 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ទទួលស្គាល់ថា សេដ្ឋកិច្ច​វៀតណាម មានការ​អភិវឌ្ឍ និង​រីកចម្រើន​គួរ​សម្គាល់​ក្នុង​ឆ្នាំ​២០១៨ ក៏ប៉ុន្តែ ក្រុង​ហាណូយ មិន​ចង់​ឲ្យ​មន្ត្រី និង​ប្រជាជន​ខ្លួន ត្រេកត្រអាល​ខ្លាំងពេក​ជាមួយនឹង​ស្ថានភាព​មួយ​នេះ​។ ក្រុង​ហាណូយ ចង់​ឲ្យ​ភាគី​ពាក់ព័ន្ធ​ត្រៀមខ្លួន​សម្រាប់​បញ្ហា​ប្រឈម និង​ផល​លំបាក​ក្នុង​វិស័យសេដ្ឋកិច្ច ដែល​អាច​បង្ក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​។


 
​លោក​ប្រធានាធិបតី​វៀតណាម Nguyễn Phú Trọng នៅ​ថ្ងៃ​២៨ ធ្នូ តាមរយៈ​កិច្ចប្រជុំ​រដ្ឋាភិបាល​ជាមួយនឹង​ប្រជាជន​តាម​តំបន់ បាន​កត់សម្គាល់ថា ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​វៀតណាម​ក្នុង​ឆ្នាំ​២០១៨ ប្រកបដោយ​ជោគជ័យ​ខ្ពស់ ក៏ប៉ុន្តែ​លោក​ប្រធានាធិបតី អះអាងថា នេះ  នៅ​មិនទាន់​គ្រប់គ្រាន់ នៅឡើយ​នោះទេ​សម្រាប់​ការអភិវឌ្ឍ​ជាតិ​នា​សម័យកាល​បច្ចុប្បន្ន​។ នេះ​បើ​យោងតាម Vietnam News​។​
 
​លោក​ប្រធានាធិបតី និង​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​ផងដែរ​នោះ បាន​លើកឡើងថា វៀតណាម នៅមាន​បញ្ហា​ប្រឈម​ជាច្រើន ដែល​អាច​បង្ក​មកពី​ការវិវត្ត​ដែល​មិនអាច​ព្យាករ​បាន​ក្នុង​តំបន់ និង​សកល ក៏ដូចជា ហានិភ័យ​របស់​សេដ្ឋកិច្ចពិភពលោក ជាពិសេស​នោះ លើ​វិស័យ​ហិរញ្ញវត្ថុ រូបិយវត្ថុ និង​ការនាំចេញ ដែល​ប៉ះពាល់​មកពី​សង្គ្រាម​ពាណិជ្ជកម្ម​របស់​មហាអំណាច ។ 
 
​បន្ថែម​ពី​ការ​ក្រើនរម្លឹក​ពី​ការមិន​ត្រេកត្រអាល​ពេក​ទៅនឹង​សមិទ្ធផល​របស់ខ្លួន​ប​ច្ចុ​ប្បន្ន ប្រមុខរដ្ឋ​វៀតណាម​រូបនេះ ក៏បាន​គូសបញ្ជាក់​ពី​ការងារ​ចម្បង​ក្នុង​ឆ្នាំ​២០១៩ ដែលជា​បេសកកម្ម​អភិវឌ្ឍ​ជាតិ រួមមាន ការធ្វើ​ឲ្យ​ម៉ាក្រូសេដ្ឋកិច្ច​វៀតណាម​កា​ន់​តែ​រឹងមាំ​, គ្រប់គ្រង​ឲ្យ​បាន​នូវ​កម្រិត​អតិផរណា និង​ធ្វើ​ឲ្យ​ល្អប្រសើរ​លើ​សមត្ថភាព​ក្នុងការ​ឆ្លើយតប​ទៅលើ​ការអភិវឌ្ឍ​ទីផ្សារ​។​
 
​ការរក្សា​ល្បើ​ន នៃ​កំណើន និង​គុណភាព តាមរយៈ​ការបង្កើន​បរិយាកាស​វិនិយោគ និង​ធុរកិច្ច និង​ជំរុញ​ការប្រកួតប្រជែង គុណភាព ប្រសិទ្ធភាព  បរិមាណ​ក្នុង​សេដ្ឋកិច្ច ក៏​ជា​ចំណុច​អាទិភាព ដែល​រដ្ឋាភិបាល​វៀតណាម ដាក់​ក្នុង​គោលនយោបាយ​ជាតិ​ឆ្នាំ​២០១៩​ផងដែរ​។​
 
​គួរ​ជម្រាប​ផងដែរ​ថា ថ្មីៗ​នេះ វៀតណាម ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​អ្នកជំនាញ​សេដ្ឋកិច្ច​ស្តីពី​កំណើនសេដ្ឋកិច្ច ដែល​មានការ​លេចធ្លោ​ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​។ កំណើន​របស់​វៀតណាម ក៏បាន​ក្លាយជា​គំរូ​មួយ​ដល់​ប្រទេស​ផ្សេង​ដូចជា​កូរ៉េខាងជើង មក​រៀនសូត្រ​តាម ខណៈ​ម៉ាឡេស៊ី ក៏​ព្រមាន​ពលរដ្ឋ​ខ្លួន​ឲ្យ​ប្រឹងប្រែង​ដូច​ពលរដ្ឋ​វៀតណាម បើ​មិន​ចង់​ឲ្យ​វៀតណាម វ៉ា​ខ្លួន​តាមរយៈ​កំណើន និង​ទំហំ​សេដ្ឋកិច្ច​៕  
 
 

Tag:
 វៀតណាម​
  សេដ្ឋកិច្ច​
  Ngyen Phu Trong
© រក្សាសិទ្ធិដោយ thmeythmey.com