មិនមែនជារឿងសាមញ្ញឡើយ ដើម្បីក្លាយជាអត្តពលិកកំពូលក្នុងវិស័យកីឡាផ្សេងៗនៅជុំវិញពិភពលោក។ មានកីឡាករជាច្រើនបានប្រកបអាជីពជាលក្ខណៈក្រុម និងឯកត្តជនទៅតាមប្រភេទកីឡាដែលពួកគេស្រលាញ់ និងចូលចិត្ត ដែលក្នុងនោះមានកីឡាករខ្លះបានវិវត្តន៍ខ្លួនគេផ្ទាល់ឲ្យមានឈ្មោះល្បីរន្ទឺលើសកលលោកបើទោះពួកគេបានចូលនិវត្តន៍ទោហើយក្តី។
ភាពល្បីល្បាញរបស់អត្តពលិកទាំងនោះ បាននាំឲ្យពួកគេក្លាយខ្លួនជាសេដ្ឋីមានទ្រព្យសម្បត្តិស្ដុកស្ដម្ភតាមរយៈការបង្ហាញខ្លួនក្នុងកីឡា ស្របពេលមានអ្នកតាមដាន និងគាំទ្រទស្សនារាប់លានអ្នកនៅជុំវិញពិភពលោក។
បើយោងតាមតួរលេខដែលបានចងក្រងដោយទស្សនាវដ្តី Forbes និងគេហទំព័រ Celebrity Net Worth បានសិក្សាស្រាវជ្រាវចុងក្រោយបំផុត ដោយបង្ហាញពីអត្តពលិក និងអ្នកល្បីឈ្មោះក្នុងវិស័យកីឡាចំនួន២០រូប ដែលមានទ្រព្យច្រើនជាងគេបំផុតលើលោកប្រចាំឆ្នាំ២០១៨។
ខាងក្រោមនេះជាបុគ្គលកំពូលៗដែលមានទ្រព្យសម្បត្តិច្រើនជាងគេទាំង២០រូប៖
១- Michael Jordan មានទ្រព្យសម្បត្តិ ១,៦ ពាន់លានដុល្លារអាមេរិក។ អតីតកីឡាករបាល់បោះដ៏មានប្រជាប្រិយភាពរបស់អាមេរិករូបនេះ ធ្លាប់បង្ហាញខ្លួនក្នុងក្របខណ្ឌ NBA រហូត១៥រដូវកាលជាមួយក្លិប Chicago Bulls និង Washington Wizards។
២- Ion Tiriac មានទ្រព្យសម្បត្តិ ១,២៨ ពាន់លានដុល្លារអាមេរិក។ បុរសសញ្ជាតិរូម៉ានី វ័យ៧៩ឆ្នាំ ដែលជាអតីតកីឡាករវាយកូនបាល់ និង hockey រូបនេះបច្ចុប្បន្នជាម្ចាស់កម្មវិធីវាយកូនបាល់ Mutua Madrid Open Tennis Tournament។
៣- Vince McMahon មានទ្រព្យសម្បត្តិ ១,២២ ពាន់លានដុល្លារអាមេរិក។ ជាអតីតកីឡាករចំបាប់របស់អាមេរិក បច្ចុប្បន្នលោកជាប្រធាន និងជានាយកប្រតិបត្តិស្ថាប័នកីឡាកាស WWE ដ៏ល្បីល្បាញ។
៤- Michael Schumacher មានទ្រព្យសម្បត្តិ ៧៨០ លានដុល្លារអាមេរិក។ Schumacher សញ្ចាតិអាល្លឺម៉ង់ ជាអតីតម្ចាស់ជើងឯកប្រណាំងរថយន្តលំដាប់ពិភពលោក Formaula One ៧សម័យកាល។
៥- Tiger Woods បច្ចុប្បន្នមានទ្រព្យ ៧៤០លានដុល្លារអាមេរិក។ អ្នកវាយកូនហ្គោលសញ្ជាត្តិអាមេរិក វ័យ ៤២ឆ្នាំរូបនេះ ជាមហាសេដ្ឋីកីឡា ដែលឈ្នះពានរង្វាន់ច្រើនបំផុត ដែលរួមមាន US Open Championship ១៥ដង British Open ១១លើក និង Masters ១២លើក ចាប់តាំងពីរូបគេផ្តើមអាជីពនេះក្នុងឆ្នាំ១៩៩៦មក។
៦- Magic Johnson មានទ្រព្យសម្បត្តិ ៦០០ លានដុល្លារអាមេរិក។ Johnson ជាអតីតកីឡាករបាល់បោះសញ្ជាតិអាមេរិក ដែលធ្លាប់លេងឲ្យក្លិប Los Angeles Lakers នៃលីគ NBA ១៣សម័យកាល។ បច្ចុប្បន្នលោកជានាយកក្លិប LA Lakers នេះតែម្តង។
៧- Roger Staubach មានទ្រព្យសម្បត្តិ ៦០០ លានដុល្លារអាមេរិក។ Staubach ជាអតីតកីឡាករបាល់ទាត់បែបអាមេរិករបស់ក្រុម Dallas Cowboys រយៈពេល១១រដូវកាល។ បុរសញ្ចាតិអាមេរិករូបនេះ បច្ចុប្បន្នមានវ័យ៧៦ឆ្នាំ។
៨- Floyd Mayweather មានប្រាក់សរុប ៥៦០ លានដុល្លារអាមេរិក។ កំពូលអ្នកប្រដាល់មិនដែលចាញ់របស់អាមេរិក វ័យ៤១ឆ្នាំ រូបនេះ រកប្រាក់បានច្រើនសន្ធឹកក្នុងការបង្ហាញខ្លួនលើសង្វៀង២ប្រកួតចុងក្រោយជាមួយអ្នកប្រដាល់ហ្វីលីពីន Manny Paquiao និងអ្នកវាយក្រុងទ្រុង UFC កីឡាករ Conor McGregor។
៩- Kobe Bryant មានទ្រព្យសម្បត្តិ ៥០០ លានដុល្លារអាមេរិក។ Bryant ជាអតីតកីឡាករបាល់បោះរបស់ក្លិប LA Lakers នៃក្របខណ្ឌ NBA រហូតដល់២០រដូវកាល។ បុរសសញ្ញជាតិអាមេរិកវ័យ៤០ឆ្នាំរូបនេះ កំពុងកាន់កំណត់ត្រាកីឡាករដែលប្រកបអាជីពក្នុងក្លិបតែមួយយូរបំផុតផងដែរ។
១០- Eddie Jordan មានទ្រព្យសម្បត្តិ ៤៧៥ លានដុល្លារអាមេរិក។ Jordan ជាអតីតកីឡាករប្រណាំងរថយន្ត និងជាអតីតម្ចាស់ក្រុម Motorsport ផងដែរ។ បុរសសញ្ជាតិសាធារណរដ្ឋអៀរឡង់ វ័យ៧០ឆ្នាំរូបនេះជាស្ថាបនិកនៃទីលានប្រណាំងរថយន្ត Formula One ក្នុងប្រទេសហ្សកដានី Jordan Grand Prix។
១១- David Beckham មានប្រាក់ ៤៥០លានដុល្លារអាមេរិក។ អតីតកីឡាករបាល់ទាត់របស់ Manchester United និងជម្រើសជាតិអង់គ្លេសរូបនេះ ភាគច្រើនរកចំណូលបានសន្ធឹកពីវិស័យជំនួញផ្ទាល់ខ្លួនរបស់គេ។
១២- Roger Federer មានទ្រព្យ ៤៥០លានដុល្លារអាមេរិក។ កីឡាករវាយកូនបាល់សញ្ជាតិស្វីស វ័យ៣៦ឆ្នាំរូបនេះ ទើបតែឈ្នះពាន Australian Open ជាលើកទី ៦ និងជាពាន Grand Slam លើកទី ២០ របស់គេដែរ។ Federe ក៏ទើបទទួលបានពានរង្វាន់អត្តពលិកឆ្នើមប្រចាំឆ្នាំ២០១៧ Laureus World Sportsman of the Year ផងដែរ។
១៣- Cristiano Ronaldo មានទ្រព្យសម្បត្តិ ៤៥០លានដុល្លារអាមេរិក។ ខ្សែប្រយុទ្ធរបស់ Juventus និងជម្រើសជាតិព័រទុយហ្គាល់រូបនេះ ជាអត្តពលិកដែលមានប្រជាប្រិយភាពបំផុតលើលោក ដោយមានអ្នកគាំទ្រតាមបណ្តាញសង្គមជាង ២០០លាននាក់។ អតីតសមាជិកក្រុម Manchester United វ័យ ៣៣ឆ្នាំរូបនេះ រកចំណូលបានពីវិស័យកីឡាបាល់ទាត់ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងជំនួញរបស់គេ។
១៤- LeBron James មានប្រាក់ ៤០០ លានដុល្លារអាមេរិក។ កីឡាករបាល់បោះរបស់ក្រុម Cleveland Cavaliers នៃក្របខណ្ឌកំពូល NBA សញ្ជាតិអាមេរិក វ័យ៣៣ឆ្នាំរូបនេះមានឈ្មោះល្បីល្បាញនៅអាមេរិក ហើយរូបគេរកប្រាក់ចំណូលបានពីស័យនេះ និងការផ្សាយពាណិជ្ជឲ្យក្រុមហ៊ុនសម្ភារកីឡាមួយចំនួនដែលមានម៉ាកល្បីៗនៅជុំវិញពិភពលោក។
១៥- Michael Buffer មានទ្រព្យសម្បត្តិ ៤០០លានដុល្លារអាមេរិក។ Buffer ជាពិធីករការប្រកួតប្រដាល់ និងចំបាប់អាជីពដ៏ល្បាញល្បីនៅលើសង្វៀន។ បុរសញ្ជាតិអាមេរិក វ័យ៧៤ឆ្នាំនេះ មានស្ទាយនិយាយប្រចាំត្រកូតផ្ទាល់របស់លោកតែម្តងគឺ « Let’s get ready to rumble!»។
១៦- Shaquille O’Neal មានទ្រព្យសម្បត្តិ ៤០០លានដុល្លារអាមេរិក។ O’Neal ជាអតីតកីឡាករបាល់បោះ ដែលលេងក្នុងក្របខណ្ឌ NBA ១៩ រដូវកាល។
១៧- Lionel Messi មានប្រាក់ ៤០០លានដុល្លារអាមេរិក។ ខ្សែប្រយុទ្ធក្រុម Barcelona និងជម្រើសជាតិអាហ្សង់ទីន វ័យ៣១ឆ្នាំរូបនេះ រកប្រាក់បានច្រើនពីកីឡាបាល់ទាត់ដោយទទួលបានប្រាក់បៀវត្សខ្ពស់ជាងគេក្នុងក្របខណ្ឌ La Liga របស់អេស្ប៉ាញ។
១៨- Bud Selig មានទ្រព្យសម្បត្តិ ៣៧៥ លានដុល្លារអាមេរិក។ Selig ជានាយកប្រតិបត្តិនៃលីគកីឡាបេស្បលកំពូលអាមេរិក Major League Baseball។ បុរសញ្ជាតិអាមេរិក វ័យ៨៤ឆ្នាំ ក៏ជាស្ថាបនិកក្លិបកីឡាបេស្បល Milwaukee Brewers ផងដែរ។
១៩- Phil Mickelson មានប្រាក់សរុប ៣៧៥លានដុល្លារអាមេរិក។ កីឡាករវាយកូនហ្គោលលំដាប់ពិភពលោកសញ្ជាតិអាមេរិកវ័យ ៤៧ឆ្នាំរូបនេះ ធ្លាប់ឈ្នះពានក្នុងក្របខណ្ឌ PGA Tour រហូតដល់ទៅ ៤៣លើក ព្រមទាំងពាន Major Championships ៥ផងដែរ។
២០- Jack Nicklaus មានប្រាក់សរុប ៣២០លានដុល្លារអាមេរិក។ ជាអតីតកីឡាករវាយកូនហ្គោលអាជីពរបស់អាមេរិក ដែលធ្លាប់ឈ្នះពានលំដាប់ពិភពលោក world championships រហូតដល់១៨សម័យ៕