អន្តរជាតិ
ហ្វីលីពីន​៖ ចិន នឹង​ស្តាប់ បើ ព្រុយ​ណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​រួម​ជំហរ​តែមួយ​លើ​សមុទ្រ​ចិន​ខាងត្បូង​
30, Dec 2018 , 8:19 pm        
រូបភាព
ដោយ:
​ប្រមុខ​ការពារជាតិ​ហ្វីលីពីន បានបង្ហាញ​ជំហរ​នៅ​មិនទាន់​អាច​យកបាន​នៅឡើយ​ពី​ស្ថានភាព​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ហ្វីលីពីន នៅតែ​ចង់ឃើញ​រដ្ឋ​សមាជិក​អាស៊ាន ដែលជា​ភាគី​ទាមទារ​លើ​តំបន់​អធិបតេយ្យ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ទាំង​ប្រាំ រួមគ្នា​ក្នុង​សំឡេង​តែមួយ​ដើម្បី​តទល់​ជាមួយនឹង​ចិន និង​ធ្វើ​ឲ្យ​ចិន អាច​បន្ទន់ខ្លួន​ស្តាប់​អាស៊ាន​។

 
​បើទោះបីជា​ហ្វីលីពីន និង​ចិន កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់កាល​ស្អិតល្មួត​ក្នុង​ទំនាក់ទំនង​ថ្មី នៃ​សករាជ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ និង​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង​ក៏ដោយ ហ្វីលីពីន នៅតែ​ស្វះ​ស្វែងរក​មធ្យោបាយ​តទល់​ជាមួយនឹង​ចិន​ដើម្បី​ធានា​ពី​ការមិន​បាត់បង់​អធិបតេយ្យ​ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​
 
​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​របស់ខ្លួន Inquirer រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន Delfin Lorenzana បាន​ជឿជាក់ថា រដ្ឋ​អាស៊ាន អាច​តទល់​ជាមួយនឹង​ចិន បើ​អាស៊ាន មាន​ជំហរ​តែមួយ និង​រឹងមាំ​។ ក៏ប៉ុន្តែ លោក​រដ្ឋមន្ត្រី បាន​រអ៊ូរ​រទាំ​ថា បញ្ហា​របស់​ភាគី​ពាក់ព័ន្ធ​របស់​អាស៊ាន​គឺ អាស៊ាន​មិនទាន់​រឹងមាំ​ក្នុង​គោលជំហរ​ប្រឆាំងនឹង​ចិន​។ 
 
​លោក​រដ្ឋមន្ត្រី ក្នុង​កិច្ចសម្ភាសន៍​ដដែល​នោះ បានលើកឡើង​ពី​ការមើលស្រាល​របស់​ចិន ទៅលើ​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង ដែល​សម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះក្តី​លើ​ចិន ដោ​យម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍​ក្រុងឡាអេ កាលពី​ឆ្នាំ​២០១៦​កន្លងទៅ​។ លោក​រដ្ឋមន្ត្រី ក៏​បង្ហើប​ពី​ជំនួប​រវាង​លោក ជាមួយ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ហ្វីលីពីន ពាក់ព័ន្ធ​នឹង​ការ​ឲ្យ​ចិន​គោរព​តាមច្បាប់​សមុទ្រ​របស់​អង្គការសហប្រជាជាតិ ដែល​ចិន​ជា​ហត្ថលេខី តែ​ចិន នៅតែ​អះអាងថា ប្រវត្តិសាស្ត្រ​របស់ខ្លួន មាន​អាទិភាព​ជាង​។​
 
​ដោយ​មើលឃើញ​ពី​ជំហរ​រឹងត្អឹង​របស់​ចិន​បែបនេះ ទើបបានជា​ប្រមុខ​ការពារជាតិ​ហ្វីលីពីន​រូបនេះ ផ្ញើ​សារ​ទៅកាន់​មិត្ត​អាស៊ាន​យ៉ាង​ដូច្នេះ​ថា​៖« មាន​ភាគី​ប្រាំ​ប្រទេស​របស់​អាស៊ាន ដែល​ជាប់​ពាក់ព័ន្ធ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ព្រុយ​ណេ និង​ហ្វីលីពីន​។ ប្រសិនបើ​ប្រទេស​ទាំង​ប្រាំ នឹងមាន​សំឡេង​តែមួយ ខ្ញុំ គិតថា វា មាន​លក្ខណៈ​ខ្លាំង​គ្រប់គ្រាន់​ហើយ​សម្រាប់​តទល់​»​។ 
 
​រដ្ឋមន្ត្រី​ខាងលើ អះអាងថា កន្លងមក អតីតរដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន ក៏មាន​បំណង​ចេញ​សេចក្តីថ្លែងការណ៍​ប្រឆាំងនឹង​ចិន​ផងដែរ ក៏ប៉ុន្តែ មាន​រដ្ឋ​អាស៊ាន​ពីរ សុំ​មិន​ឲ្យ​ធ្វើ​។ លោក មិន​បញ្ចេញ​ឈ្មោះ​រដ្ឋ​អាស៊ាន​ណាមួយ​ឡើយ ដែល​មិន​ចង់​ឲ្យ​មាន​សេចក្តីថ្លែងការណ៍​ប្រឆាំងនឹង​ចិន​។ 
 
​សូម​ជម្រាប​ផងដែរ សមុទ្រ​ចិន​ខាងត្បូង តាមរយៈ​ក្របខណ្ឌ​ដោះស្រាយ​របស់​អាស៊ាន មាន​រដ្ឋ​ពាក់ព័ន្ធ​សំខាន់​ដោយផ្ទាល់​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ ចិន បានទាមទារ​គ្រប់គ្រង​តំបន់​នេះ​យោងតាម​ប្រវត្តិសាស្ត្រ​របស់ខ្លួន​លើ​តំបន់​ស្ទើរតែ​ទាំងស្រុង ខណៈ​រដ្ឋ​អាស៊ាន​ទាមទារ​តាមច្បាប់​អន្តរជាតិ​។
 
​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​របស់​អាស៊ាន​ទាំង​បួន ព្រុយ​ណេ និង​ម៉ាឡេស៊ី មិនសូវ​មានរឿង​ប្រទាំង​ប្រទើស​ជាមួយនឹង​ចិន​ប៉ុន្មាន​ឡើយ​។ សម្រាប់​ឥណ្ឌូណេស៊ី​វិញ មានរឿង​ចម្រូងចម្រាស់​បន្តិច​ខ្លះ​ដែរ ពាក់ព័ន្ធ​នឹង​តំបន់​គ្រប់គ្រង​នៃ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ ក្បែរ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន មាន​ចេតនា​ចង់បាន​ផងដែរ​នោះ​៕ 
 

Tag:
 ចិន​
  ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com