អន្តរជាតិ
ជប៉ុន ត្រៀម​ពិគ្រោះ​ជាមួយ​ពលរដ្ឋ​ខ្លួន​មុន​បើកទ្វារ​ទទួល​ពលករ​បរទេស ដើម្បី​ការពារ​ប្រយោជន៍​ក្នុងស្រុក​
30, Dec 2018 , 10:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ ត្រៀម​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយនឹង​ប្រជាពលរដ្ឋ​ខ្លួន​ស្តីពី​បទបញ្ញត្តិ​ថ្មី​សម្រាប់​គ្រប់គ្រង​ពលករ​បរទេស​ដែល​ចូលមក​បម្រើការ​នៅ​ជប៉ុន​។ ផែនការ​របស់​ក្រុង​តូ​ក្យូ ធ្វើឡើង​ថា ដើម្បី​ធានា​មិន​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រជាជន​ក្នុងស្រុក ខណៈ​ឆ្នាំ​២០១៩ ខាងមុខ ជប៉ុន ក៏​គ្រោង​បើកទ្វារ​ទទួល​កម្មករ​បរទេស​ផង​នោះ​។

 
 
​បើ​មិនមាន​ការប្រែប្រួល​នោះទេ នៅ​ខែមេសា ឆ្នាំ​២០១៩​ខាងមុខ ជប៉ុន នឹង​ចាប់ផ្តើម​បើក​ចំហរទ្វារ​សម្រាប់​ក​ម្មករ​បរទេស ឬ​ជនអន្តោប្រវេសន៍​រាប់ពាន់​នាក់មក​ធ្វើ​ការងារ​ក្នុងប្រទេស​ខ្លួន​ដែល​កំពុងតែ​ប្រឈម​នឹង​កង្វះខាត​កម្លាំង​ពលកម្ម​។ ឯ​ប្រជាជន​ក្នុងស្រុក​ភាគច្រើន គឺជា​បុគ្គលិក​បច្ចេក​ជាន់ខ្ពស់​។ 
 
​គម្រោង​នេះ​ទើបតែ​ត្រូវបាន សភា​ជប៉ុន ពិនិត្យឡើងវិញ និង​សម្រេច​តាមរយៈ​ការបង្កើត​បទបញ្ញត្តិ​ថ្មី ដែល​បានអនុញ្ញាត​លើ​ទិដ្ឋាការ​ដល់​ជនអន្តោប្រវេសន៍​រហូត​ដល់​ជាង​៣០​ម៉ឺន​នាក់​។ បទបញ្ញត្តិ​នេះ បាន​ក្លាយជា​ក្តីបារម្ភ​មួយ​សម្រាប់​ប្រជាជន​ក្នុងស្រុក ពិសេស​ពាក់ព័ន្ធ​នឹង​កម្លាំង​ពលកម្ម និង​បទល្មើស​នានា ដែល​អាច​កើត​តាមរយៈ​លំហូរ​ពលកម្ម​នេះ​។​
 
​ប៉ុន្តែ មុនពេល​បទបញ្ញត្តិ​ថ្មី​នេះ​ចូល​ធរមាន​ចាប់ពី​ខែមេសា ឆ្នាំ​២០១៩​តទៅ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជប៉ុន Takashi Yamashita បានប្រកាស​បើកទ្វារ​ទទួល​ការផ្តល់​យោបល់​ពី​សំណាក់​សាធារណជន ដើម្បី​ធ្វើ​ឲ្យ​ដំណើរការ​នេះ​អាចធ្វើ​ទៅបាន​គ្រប់​ជ្រុងជ្រោយ ទាំង​លើ​ផ្នែក​ប្រាក់​ឈ្នួល និង​លក្ខខណ្ឌ​ការងារ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារ Japan Times ។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ កន្លងមក កម្មករ​បរទេស​ដែលមាន​ចេតនា​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ជប៉ុន​បានផ្តល់​កម្រៃ​ក្រៅផ្លូវការ​ចំនួន​ណាមួយ​ទៅកាន់​អ្នក​រត់ការ​ដើម្បី​ទទួលបាន​ឱកាស​នេះ​។ ក៏ប៉ុន្តែ​ក្នុង​បទបញ្ញត្តិ​ថ្មី​ដែល​ទើបតែ​អនុម័ត បើ​បុគ្គល​ណាមួយ​រកឃើញ​មាន​ករណីបែបនេះ​កើតឡើង​មែន នោះ គេ​មិន​ទទួលបាន​ឱកាស​ទៀតឡើយ​។​
 
​តាម Japan Times គម្រោង​ប្រាំ​ឆ្នាំ​របស់​ជប៉ុន ដែល​ទើបតែ​អនុម័ត​នេះ នឹង​បើកទ្វារ​ទទួល​ស្វាគមន៍​ដល់​កម្មករ​បរទេស​ឲ្យ​ចូលទៅ​បម្រើការ​ក្នុង​វិស័យ​ឧស្សាហកម្ម​១៤​ប្រភេទ ដែល​រួមមាន​ទាំង ការថែទាំ​, អ្នកយាម​, បដិសណ្ឋារកិច្ច និង​វិស័យ​កសិកម្ម​និង​សេវាកម្ម​លើក​ម្ហូប​ដើម​៕ 

Tag:
 ជប៉ុន​
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com