អន្តរជាតិ
លោក អូ​បា​ម៉ា និង​ភរិយា​បាន​ចំណាត់ថ្នាក់​លេខ​មួយ​ជា «​បុរស និង​ស្ត្រី​គួរ​ឲ្យ​កោតសរសើរ​ជាងគេ​» ឆ្នាំ​២០១៨
31, Dec 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​លោកស្រី មី​ឆែ​ល អូ​បា​ម៉ា (Michelle Obama) ជាប់​ឈ្មោះ​ជា​ស្ត្រី​គួរ​ឲ្យ​កោតសរសើរ​បំផុត ខណៈ​ស្វាមី​លោកស្រី បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​ជាប់​ឈ្មោះ​ជា​បុរស​ដែល​គួរ​ឲ្យ​កោតសរសើរ​ប្រចាំឆ្នាំ ២០១៨​ដែរ​។ នេះ​បើតាម​ការស្ទង់មតិ​រប​ស់ Gallup Poll ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​។


 
​ការឈាន​មកកាន់​តំណែង​លេខ​រៀង​ទីមួយ​ជា​«​ស្ត្រី​គួរ​ឲ្យ​កោតសរសើរ​» របស់​អតីត​ស្រី្ត​ទីមួយ មី​ឆែ​ល អូ​បា​ម៉ា នេះ​គឺ​ជំនួស​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែល​ធ្លាប់ជា​រដ្ឋមន្ត្រីការបរទេស​ផង ស្ត្រី​ទីមួយ​ផង និង​ជា​បេក្ខជន​ប្រធានាធិបតី​ផង​។ គ្លី​ន​តុ​ន​ធ្លាក់​ទៅ​លេខ​រៀង​ទី​បី ហើយ​ចំណាត់ថ្នាក់​ទី​ពីរបាន​ទៅ​លោកស្រី  Oprah Winfrey ដែលជា​តារា​សម្តែង​និង​ដឹកនាំ​កម្មវិធី The Oprah Winfrey Show ។ 
 
​លោកស្រី គ្លី​ន​តុ​ន បាន​កាន់កាប់​លេខ​រៀង​មួយ​ទីមួយ​រយៈពេល ១៧​ឆ្នាំ​ជាប់​គ្នា ហើយ​លោកស្រី​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ស្ថិតក្នុង​ក្នុង​លំដាប់ថ្នាក់​ខ្ពស់​ជាងគេ ២២​ដង​មកហើយ​។ ប៉ុន្តែ​បើតាម Gallup ការប្រែប្រួល​ចំណាត់ថ្នាក់​នៅ​ឆ្នាំនេះ​គឺ​ដោយសារ​លោកស្រី គ្លី​ន​តុ​ន​ចាប់ផ្តើម​ដកខ្លួន​និង​ចំណាយពេល​វេលា​ឯកជន​ច្រើន​។ 
 
​ឯ​លោកស្រី មី​ឆែ​ល ចាប់ផ្តើម​ចេញមុខ​កាន់​តែ​ខ្លាំង​ក្នុង​សកម្មភាព​សាធារណៈ និង​ជជែក​វែកញែក​ដោយ​ចំហ​ពី​ជីវិត និង​បញ្ហានយោបាយ​បច្ចុប្បន្ន​ង​។ សៀវភៅ Becoming របស់លោក​ស្រី​ក៏​ក្លាយជា​សៀវភៅ​លក់ដាច់​និង​ពេញនិយម​បំផុត​ប្រចាំឆ្នាំ​ដែរ​។​
 
​ដោយឡែក ស្វាមី​លោកស្រី មី​ឆែ​ល គឺ​លោក បា​រ៉ា​ក់​អូ​បា​ម៉ា វិញ ក៏​ស្ថិតនៅ​លេខ​រៀង​ទីមួយ​ដែរ​សម្រាប់​បុរស​ដែល​គួរ​ឲ្យ​កោតសរសើរ​បំផុត​នៅ​ឆ្នាំ ២០១៨​។ លោក​ស្ថិតនៅ​ចំណាត់ថ្នាក់​ទីមួយ​នេះ​អស់​រយៈពេល​ដប់​មួយឆ្នាំ​ជាប់ៗ​គ្នា​មកហើយ​។ 
 
​ចំណែក​ប្រធានាធិបតី​បច្ចុប្បន្ន​លោក ដូ​ណា​ល់ ត្រាំ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​ពីរ  ហើយ​លោក ច​ច ដា​ប៊ិ​ល​យូ​ប៊ូ​ស ស្ថិតនៅ​ចំណាត់​ទី​បី​។ អតីត​ប្រធានាធិបតី ប៊ី​ល គ្លី​ន​តុ​ន ឯណោះ​វិញ​គឺ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​ប្រាំពីរ​ឯណោះ​។  
 
​សូមបញ្ជាក់ថា របាយការណ៍​ស្ទង់​មតិ Gallup Poll ត្រូវបាន​រៀបចំឡើង​រៀងរាល់ឆ្នាំ​ចាប់ពី​ឆ្នាំ ១៩៤៦​មក​។ ការស្ទង់មតិ​នេះ​ធ្វើឡើង​ដោយ​ការ​សួរ​សំណួរ​បើក​ទៅកាន់​អ្នកចូលរួម​ថា តើ​ស្ត្រី ឬ​បុរស​ណាមួយ​នៅលើ​ពិភពលោក​ដែល​ពួកគេ​កោតសរសើរ​ខ្លាំងជាងគេ​៕
 

Tag:
 បា​រ៉ា​ក់ អូ​បា​ម៉ា​
  មី​ឆែ​ល អូ​បា​ម៉ា​
  Gallup Poll
© រក្សាសិទ្ធិដោយ thmeythmey.com