កីឡាអន្តរជាតិ
អន្តរជាតិ
Man City តាមពីក្រោយ Liverpool ៧ពិន្ទុ រីឯ Pogba បន្តស៊ុតចូលក្រោយដូរគ្រូ
× ជ័យជម្នះរបស់ Manchester City នៅលើទឹកដី Southampton បាននាំឲ្យការនាំមុខកំពូលតារាងរបស់ Liverpool ក្នុងក្របខណ្ឌ Premier League ថយពី៩ពិន្ទុមក៧ពិន្ទុ។ Tottenham Hotspur ដែលចាញ់ភ្ញៀវ Crystal Palace ធ្លាក់ទៅលេខ៣ ខណៈ Chelsea និង Manchester United កើន៣ពិន្ទុបន្ថែម។
កាលពីរាត្រីថ្ងៃសៅរ៍ Liverpool បាននាំមុខកំពូលតារាងជាបណ្តោះអាសន្នរហូតដល់ទៅ៩ពិន្ទុ ក្រោយជ័យជម្នះ ៥-១ លើ Arsenal នៅទឹកដី Anfield របស់ខ្លួន។ Ainsley Maitland-Niles រកគ្រាប់បាល់បញ្ចូលទីនាំមុខសម្រាប់កាំភ្លើងធំពេលប្រកួតបានជាង១០នាទី ប៉ុន្តែ Roberto Firmino វាយបកវិញបាន២គ្រាប់ជាបន្តបន្ទាប់ដោយគិតត្រឹមនាទី១៦។ Sadio Mane បន្ថែមគ្រាប់ទីបី មុនពេល Mohamed Salah ស៊ុតបាល់ប៉េណាល់ទីឲ្យហង្សក្រហមនាំមុខ ៤-១ នៅតង់ទីមួយ។ ឈានដល់តង់ទីពីរ Roberto Firmino មានឱកាសសម្រេចបានគ្រាប់ Hat-trick របស់ខ្លួន តាមរយៈការស៊ុតបាល់ប៉េណាល់ទីនៅនាទី៦៥ ។
មួយថ្ងៃបន្ទាប់ Manchester City បានស្តារបរាជ័យពីរប្រកួតជាប់គ្នា តាមរយៈការបំបាក់ម្ចាស់ផ្ទះ Southampton ៣-១។ David Silva រកបានគ្រាប់បើកឆាកក្រោយប្រកួតបានជាង១០នាទី មុនពេល Pierre Hojbjerg តាមស្មើសម្រាប់ Southampton នៅនាទី៣៧។ នាទីចុងក្រោយនៅតង់ទីមួយទៅហើយ Man City រកបានពីរគ្រាប់ជាប់ៗគ្នា ដែលជាការភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯងរបស់ James Ward Prowse និងការសម្រេចផលរបស់ Sergio Aguero។
ជ័យជម្នះនេះ នាំឲ្យមេឃខៀវ Man City មាន៤៧ពិន្ទុពីការប្រកួត២០លើក ដោយមានគម្លាតពីក្រុមកំពូលតារាង Liverpool ចំនួន៧ពិន្ទុ។
Tottenham Hotspur ដែលបានឈ្នះពីរលើកចុងក្រោយជាមួយនឹងការស៊ុតបាល់បញ្ចូលទីសរុប១១គ្រាប់នោះ បានធ្លាក់ទៅលេខ៣វិញ ក្រោយចាញ់ក្រុមភ្ញៀវ Wolverhampton Wanderers ៣-១ ។ Harry Kane រកគ្រាប់បាល់បញ្ចូលទីនាំមុខនៅតង់ទីមួយសម្រាប់ក្រុមមាន់ខ្នាយមាស Spurs ប៉ុន្តែនៅតង់ទីពីរ ក្រុមចចក Wolves វាយបកវិញបាន៣គ្រាប់ ដែលរកបានដោយ Willy Boly, Raul Jimenez និង Helder Costa។
ការស៊ុតបាល់បញ្ចូលទីនៅតង់ទីពីររបស់ N'Golo Kante លើ Crystal Palace នាំឲ្យ Chelsea បាន៤៣ពិន្ទុ រក្សាតំណែងនៅចំណាត់ថ្នាក់លេខ៤ ដោយ៤៣ពិន្ទុ ខណៈ Spurs មាន៤៥ពិន្ទុ។
នាការប្រកួតចុងក្រោយប្រចាំសប្តាហ៍ទី២០ លោក Ole Gunnar Solskjaer បានដឹកនាំ Manchester United ឈ្នះបីលើកជាប់ៗគ្នា ក្រោយចូលកាន់តំណែងជាអ្នកចាត់ការទូទៅបណ្តោះអាសន្នជំនួសលោក Jose Mourinho។ ក្នុងជ័យជម្នះ ៤-១ លើភ្ញៀវ Bournemouth ខ្សែបម្រើតម្លៃខ្ពស់ Paul Pogba បន្តបង្ហាញសមត្ថភាពដ៏អស្ចារ្យ តាមរយៈការស៊ុតបាល់បញ្ចូលទីបើកឆាក២គ្រាប់ និងបញ្ជូនឲ្យ Romelu Lukaku មួយគ្រាប់ចុងក្រោយនៅតង់ទីពីរ។ មួយគ្រាប់ទៀតរបស់បិសាចក្រហមរកបានដោយ Marcus Rashford នៅចុងតង់ទីមួយ មុនពេលដែល Nathan Ake វាយបកវិញភ្លាមៗនៅនាទីតែមួយសម្រាប់ Bournemouth។
លទ្ធផលគូប្រកួតផ្សេងទៀតរួមមាន Jurgen Locadia នាំម្ចាស់ផ្ទះ Brighton ឈ្នះ Everton ១-០។ ក្នុងជ័យជម្នះ ១-០ ដូចគ្នា Aleksandar Mitrovic ជួយ Fulham បាន៣ពិន្ទុលើភ្ញៀវ Huddersfield Town ខណៈ Victor Camarasa នាំសំណាងសម្រាប់ភ្ញៀវ Cardiff City លើ Leicester City ដែលសុទ្ធតែកើតឡើងនៅជិតបញ្ចប់ការប្រកួត។
Abodoulaye Doucoure ជួយឲ្យម្ចាស់ផ្ទះ Watford តាមស្មើ Newcastle United ១-១ ក្រោយការស៊ុតនាំមុខរបស់ Salomon Rondon ។ ចំណែក Burnley បានយកឈ្នះភ្ញៀវ West Ham United ២-០ ដែលរកបានដោយ Chirs Wood និង Dwight McNeil ៕
© រក្សាសិទ្ធិដោយ thmeythmey.com