អន្តរជាតិ
ភ្នាក់ងារទេសចរណ៍​កូរ៉េខាងជើង អំពាវនាវ​ទេសចរ​បរទេស​ទៅ​កម្សាន្ត​នៅ​ប្រទេស​ខ្លួន​ឱកាស​ចូលឆ្នាំ​សកល​
31, Dec 2018 , 3:30 pm        
រូបភាព
ដោយ:
​ខណៈ​រដ្ឋាភិបាល​កូរ៉េខាងជើង កំពុងតែបន្ត​បើក​ចិត្ត និង​បេះដូង​ផ្សារភ្ជាប់​ខ្លួន​ជាមួយនឹង​សហគមន៍​អន្តរជាតិ ភ្នាក់ងារទេសចរណ៍រ​ដ្ឋ​កូរ៉េខាងជើង ក៏បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​បរទេស​ឲ្យ​ទៅ​កម្សាន្ត​នៅក្នុង​ប្រ​ទស​ខ្លួន ជាពិសេស​ក្នុង​ថ្ងៃ​ចូលឆ្នាំ​សកល​ជាមួយនឹង​ការរៀបចំ​កម្មវិធី​ពិសេសៗ​។​


 
​ភ្នាក់ងារទេសចរណ៍រ​ដ្ឋ​កូរ៉េខាងជើង នៅ​ថ្ងៃ​៣០ ធ្នូ បានចេញ​ផ្សាយ​កម្មវិធី​ទេសចរណ៍​មួយ ដោយបាន​ផ្សព្វផ្សាយ​ឲ្យ​ភ្ញៀវទេសចរ​បទេស​ចូលទៅ​ធ្វើដំណើរ​កម្សាន្ត​នៅក្នុង​ប្រទេស​ខ្លួន នាឱកាស​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Yonhap​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ កម្មវិធី​ទេសចរណ៍​កម្សាន្ត​ដែល​រៀបចំ​ដោយ​ភ្នាក់ងាររដ្ឋ​កូរ៉េខាងជើង នឹងធ្វើ​ឡើង​ក្នុង​ក្រុង​ព្យុងយ៉ាង និង​តំបន់​ទេសចរណ៍​ដែលមាន​ភាព​ទាក់ទាញ​របស់​ប្រទេស​រួមទាំង​វិមាន​គីម អ៊ី​ល​ស៊ុ​ង​។ កម្មវិធី​នេះដែរ នឹងត្រូវ​ប្រព្រឹត្តឡើង​ចាប់ពី​ថ្ងៃ​២៩ ធ្នូ ដល់​ថ្ងៃទី​៥ មករា ឆ្នាំ​២០១៩​។ 
 
​សម្រាប់ Yonhap ដែលជា​ភ្នាក់ងារ​ព័ត៌មាន​តាមដាន​ព្រឹត្តិការណ៍​កូរ៉េខាងជើង​ច្រើន​បំផុត​នោះ នេះ គឺជា​រឿង​ដ៏​កម្រ​មួយ​ហើយ ដែល​ភ្នាក់ងារទេសចរណ៍​រដ្ឋ​កូរ៉េខាងជើង ផ្សព្វផ្សាយ​ពាណិជ្ជ​ម្ម​ពី​កម្មវិធី​ឆ្លង​ឆ្នាំ ដោយ​ដាក់​គោលដៅ​ទៅលើ​ភ្ញៀវ​បរទេស​។ នេះ ហាក់​បង្ហាញថា កូរ៉េខាងជើង ព្យាយាម​ធ្វើ​ឲ្យ​មាន​លំហូរ​នៃ​រូបិយវត្ថុ​អន្តរជាតិ ខណៈដែល​ប្រទេស ស្ថិតនៅក្នុង​ដំណាក់កាល​ទណ្ឌកម្មសេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។​
 
​សូម​ជម្រាប​ផងដែរ​ថា ឆ្នាំ​២០១៨ ត្រូវបាន​ចាត់ទុកថា ជា​ព្រឹត្តិការណ៍​ពិ​សេសមួយ​សម្រាប់​កូរ៉េខាងជើង និង​សហគមន៍​អន្តរជាតិ​។ នោះ ក៏​ព្រោះតែ​កូរ៉េខាងជើង បាន​ងាក​មក​ផ្សារភ្ជាប់​ជាមួយនឹង​សហគមន៍​អន្តរជាតិ និង​ជាពិសេស​នោះ បាន​ប្តេជ្ញាចិត្ត​ក្នុងការ​បញ្ឈប់​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ទៀតផង​។​
 
​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កូរ៉េខាងជើង ត្រូវបាន​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​ដាក់ទណ្ឌកម្ម​ជា​បន្តបន្ទាប់ ក្នុង​គោលដៅ​បំបិទ​ប្រភព​សេដ្ឋកិច្ច​ដើម្បី​ទ្រទ្រង់​រដ្ឋាភិបាល​កូរ៉េខាងជើង ដែល​បាន​បំពាន​នឹង​បម្រាម​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ម្តង​ហើយ​ម្តងទៀត​៕ 
 

Tag:
 កូរ៉េខាងជើង​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com