កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
កីឡាករប្រណាំង F1 ៥រូបដែលជោគជ័យ និងលេចធ្លោជាងគេនៅឆ្នាំ២០១៨
× ការប្រកួតកីឡាប្រណាំងរថយន្ត Formula One ឬកាំជ្រួចលើវាលរាប ជាព្រឹត្តិការណ៍កីឡាដ៏ធំមួយលើពិភពលោក ដោយ Lewis Hamilton ជាកីឡាករដែលទទួលបានជោគជ័យដ៏ធំធេងបំផុតនៅឆ្នាំ២០១៨។ ក្រៅពីកីឡាករអង់គ្លេសរូបនេះ សារព័ត៌មានកីឡា ESPN បានបង្ហាញពីកីឡាករលេចធ្លោ៤រូបទៀតប្រចាំឆ្នាំ បើទោះបីជាពួកគេមិនបានដណ្តើមជើងឯកក៏ដោយ ប៉ុន្តែពួកគេមានសមត្ថភាពដ៏គួរឲ្យកត់សម្គាល់ ជាពិសេសកីឡាករវ័យក្មេង។
កីឡាករទាំងនោះ រួមមាន៖
១. LEWIS HAMILTON
សមត្ថភាពរបស់ Hamilton នៅឆ្នាំនេះ មិនមែនត្រឹមល្អឥតខ្ចោះប្រចាំប៉ុណ្ណោះទេ ប៉ុន្តែជាលទ្ធផលដ៏អស្ចារ្យសម្រាប់អាជីព១២ឆ្នាំរបស់គេក្នុង F1។ ការនាំមុខ១១លើកពីការប្រកួត២១លើក ធ្វើឲ្យកីឡាករអង់គ្លេសដែលបើកឲ្យ Mercedes រូបនេះ ឈ្នះជើងឯក F1 ជាលើកទី៥ ដែលមានកំណត់ត្រាស្មើវីរបុរសអាហ្សង់ទីន Juan Manuel Fangio និងតាមពីក្រោយវីរបុរសអាល្លឺម៉ង់ Michael Schumacher ដែលឈ្នះ៧លើក។
២. MAX VERSTAPPEN
កីឡាករហូឡង់ដែលបើកបរឲ្យ Red Bull រូបនេះ បញ្ចប់ទីលឿនជាងគេបំផុតនាព្រឹត្តិការណ៍ដំបូងនៅ Sao Paulo។ វ័យត្រឹម២១ឆ្នាំប៉ុណ្ណោះ Verstappen បានបញ្ចប់ចំណាត់ថ្នាក់លេខ៤ពិភពលោកក្នុងឆ្នាំ២០១៨ ហើយបានទៅដល់ទីមុនគេនាការប្រកួតក្នុងប្រទេសអូទ្រីស និងម៉ិកស៊ិក ថែមទៀតផង។
៣. CHARLES LECLERC
ទោះបីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៣ពិភពលោកក៏ដោយ ប៉ុន្តែកីឡាករម៉ូណាកូវ័យ២១ឆ្នាំនៃក្រុម Sauber-Ferrari រូបនេះ បង្ហាញនូវសមត្ថភាពដ៏គួរឲ្យកត់សម្គាល់ក្នុងចំណោមកីឡាករក្មេងៗ។ Leclerc បានបញ្ចប់ចំណាត់ថ្នាក់ Top 10 ចំនួន១០លើកក្នុងចំណោមការប្រកួត២១លើក ហើយលទ្ធផលដែលល្អបំផុតគឺចំណាត់ថ្នាក់លេខ៦នៅក្រុងបាគូ ប្រទេសអាសែបៃហ្សង់។
៤. DANIEL RICCIARDO
កីឡាករអូស្ត្រាលីវ័យ២៩ឆ្នាំរូបនេះ ត្រូវចូលរួមក្នុងក្រុម Renault នៅឆ្នាំ២០១៩ បន្ទាប់ពីបានជោគជ័យដ៏គួរឲ្យកត់សម្គាល់នៅក្រុម Red Bull ជាមួយ Verstappen។ ជ័យជម្នះនៅចិន និងម៉ូណាកូ រួមទាំងការបញ្ចប់ចំណាត់ថ្នាក់ល្អប្រសើរនៅប្រទេសផ្សេងទៀត នាំឲ្យ Ricciardo ទទួលបានលេខ៦លំដាប់ពិភពលោកក្នុងឆ្នាំ២០១៨ ។
៥. Fernando Alonso៖
ទោះបីមិនលេចធ្លោរខ្លាំង ប៉ុន្តែកីឡាករជើងចាស់អេស្ប៉ាញវ័យ៣៧ឆ្នាំ រូបនេះ នៅតែជាកីឡាករឆ្នើមក្នុងព្រឹត្តិការណ៍ F1 ជាមួយក្រុម McLaren។ Alonso ដែលធ្លាប់ឈ្នះជើងឯកឆ្នាំ២០០៥ និងឆ្នាំ២០០៦ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១១នៅឆ្នាំ២០១៨។ ទោះបីប្រកាសចូលនិវត្តន៍ពីព្រឹត្តិការណ៍ជាច្រើនក៏ដោយ តែ Alonso នៅតែបន្តជោគជ័យក្នុងព្រឹត្តិការណ៍ Toyota Gazoo Racing៕
© រក្សាសិទ្ធិដោយ thmeythmey.com