កីឡាអន្តរជាតិ
អន្តរជាតិ
Floyd បាន​៩​លាន​ដុល្លារ ក្រោយ​ប្រើពេល​១៤០​វិនាទី​បំបាក់​កីឡាករ​ជប៉ុន Nasukawa
01, Jan 2019 , 1:38 pm        
រូបភាព
ដោយ:
Floyd Mayweather ប្រើប្រាស់​រយៈពេល​តែ​១៤០​វិនាទី​ប៉ុណ្ណោះ​ក្នុងការ​ផ្តួល​កីឡាករ​សេរី​ជប៉ុន Tenshin Nasukawa នា​ការប្រកួត​មិត្តភាព​មួយ នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កាលពី​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ។ ចំពោះ​ការប្រកួត​នេះ Floyd បាន​អះអាង​ខ្លួន​ទទួលបាន​ចំណូល​៩​លាន​ដុល្លារ​អាមេរិក សម្រាប់​វត្តមាន​៩​នាទី​នៅ​សង្វៀន​។​

 
​អ្នក​ប្រដាល់សកល​អាជីព​ដ៏​ល្បីល្បាញ​របស់​អាមេរិក Floyd Mayweather អាយុ​៤១​ឆ្នាំ បាន​ប្រើពេល​តែ​ជាង​២​នាទី ដើម្បី​បំបាក់​អំនួត​កីឡាករ​វ័យក្មេង​របស់​ជប៉ុន Tenshin Nasukawa នា​ការប្រកួត​មិត្តភាព​។ អ្នក​ប្រដាល់​រហស្សនាម​«​ក្មេងប្រុស​និ​ន​ចា​»​ជនជាតិ​ជប៉ុន​រូបនេះ ស្រក់​ទឹកភ្នែក​បន្ទាប់ពី​ក្រុមការងារ​របស់គេ​បោះ​កន្សែង​សុំ​ចុះចាញ់ ក្រោយ Floyd Mayweather វាយ​ឲ្យ​រូបគេ​ដួល​៣​លើក​ក្នុង​ទឹក​ទី​១​។​
 
​មុន​ការប្រកួត​មកដល់​កីឡាករ​ជប៉ុន​វ័យ​២០​ឆ្នាំ​ខាងលើ​បាន​និយាយថា រូបគេ​នឹង​បង្កើត​ការភ្ញាក់ផ្អើល​ជូន​ទស្សនិកជន តាមរយៈ​ការប្រើ​ទេពកោសល្យ​ប្រដាល់សេរី​របស់ខ្លួន ផ្តួល​កីឡាករ Floyd Mayweather​។ ប៉ុន្តែ​អ្វីៗ​ផ្ទុយ​ពី​គ្រោងទុក​របស់គេ បន្ទាប់ពី​អ្នក​ប្រដាល់​ជើងចាស់​រូបនេះ​ធ្វើ​ឲ្យ​អ្នក​ប្រដាល់សេរី​អាជីព​រូបនេះ ស្គាល់​បរាជ័យ​ជា​លើកដំបូង​ក្នុងចំណោម​២៨​ប្រកួត​។  
 
 
​ជ័យជម្នះ​នេះ​ជួយ​ឲ្យ​អ្នក​ប្រដាល់សកល​អាជីព​របស់​អាមេរិក Floyd Mayweather វ័យ​៤១​ឆ្នាំ អាច​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​។ Floyd ធ្លាប់​ប្រកួត​៥០​លើក​រួចមកហើយ ដោយ​ទទួល​ជ័យជម្នះ​ទាំង​៥០​លើក​។ ចំណែក​កីឡាករ​ជប៉ុន​ខាងលើ​មាន​ប្រវត្តិ​ប្រកួត​២៨​លើក ដោយ​ឈ្នះ​ទាំង​២៨​លើក​ដូចគ្នា​។  
 
​សម្រាប់​ការប្រកួត​ដែល​រៀបចំ​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​កាលពី​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ Floyd បាន​ប្រើ​កណ្តាប់ដៃ​វាយ Tenshin ឲ្យ​អាជ្ញាកណ្តាល​រាប់​ម្តង​ត្រឹម​១​នាទី​ដំបូង​នៃ​ទឹក​ទី​១​។ បន្ទាប់មក Tenshin ត្រូវ​អាជ្ញាកណ្តាល​រាប់​ម្តងទៀត​នៅ​៧៦​វិនាទី​បន្ទាប់ មុន​ក្រុមការងារ​របស់ Tenshin បាន​បោះ​កន្សែង​សុំ​ចុះចាញ់​នៅ​៦៧​វិនាទី​បន្ទាប់ ក្រោយ Floyd វាយ​ឲ្យ​គេ​ដួល​ជា​លើក​ទី​៣​ក្នុង​ទឹក​នេះ​។  
 
​តាមពិត​ជំនួប​រវាង​ពួកគេ​ទាំងពីរ​គ្រោង​រៀបចំ​តាំងពីដើម​ខែវិច្ឆិកា ឆ្នាំ​២០១៨ មកម្ល៉េះ តែ​ត្រូវបាន​លុបចោល​វិញ ក្រោយ​កីឡាករ Floyd Mayweather មិន​ឯកភាព​លើ​លក្ខខណ្ឌ​នៃ​ការប្រកួត​៕  
 

Tag:
 Floyed Mayweather
  ប្រដាល់សកល
© រក្សាសិទ្ធិដោយ thmeythmey.com