ថ្វីត្បិតល្បឿនមិនមែនជាអ្វីគ្រប់យ៉ាងសម្រាប់កីឡាករបាល់ទាត់ក្នុងការធ្វើឲ្យពួកគេល្បីល្បាញក៏ដោយប៉ុន្តែវាគឺជាផ្នែកមួយសំខាន់ក្នុងការប្រកួតដែលអាចធ្វើឲ្យមានការចាប់អារម្មណ៍ពីទស្សនា។ កីឡាករដែលមានល្បឿនលឿន បានធ្វើឲ្យអ្នកគាំទ្រមានភាពសប្បាយរីករាយក្នុងការទស្សនា និងធ្វើឲ្យការប្រកួតកាន់តែល្អមើល។ បច្ច័យទាំងនេះហើយ ដែលបង្កើនឲ្យមានអ្នកគាំទ្រច្រើនក្នុងកីឡដ្ឋាននៅពេលមានការប្រកួតម្តងៗ។
កីឡាករបាល់ទាត់ដែលមានល្បឿនលឿនបំផុតលើលោកនាពេលបច្ចុប្បន្ននេះគឺមានដូចជា Leroy Sane (Man City), Gareth Bale (Real Madrid), Kylian Mbappe (PSG), Hector Bellerin (Arsenal), Kyle Walker (Man City), Jamie Vardy (Leicester City), Lionel Messi (Barcelona)និង Cristiano Ronaldo (Juventus)។
ប៉ុន្តែថ្ងៃនេះសារព័ត៌មានថ្មីៗសូមបង្ហាញលោកអ្នកពីកីឡាករបាល់ទាត់ដែលមានល្បឿនលឿនបំផុតចំនួន៥រូបក្នុងចំណោម២០រូបពីក្របខណ្ឌ Premier League រដូវកាលនេះ ដោយផ្អែកលើការចុះផ្សាយរបស់ក្រុមហ៊ុន Opta ដែលបានបញ្ចេញបញ្ជីឈ្មោះកីឡាករទាំងនោះនាពេលកន្លងមក។
ជារឿងគួរឲ្យភ្ញាក់ផ្អើលដែរ កីឡាករឆ្នើរបស់ Liverpool ពីររូប Mohamad Salah និង Sadio Mane រួមទាំង Eden Hazard របស់ Chelsea, Marcus Rashford របស់ Manchester United, Hector Bellerin របស់ Arsenal និង Raheem Sterling របស់ក្រុម Manchester City មិនជាប់ឈ្នោះក្នុងបញ្ជីរបស់ Opta សម្រាប់រដូវកាល ២០១៨-២០១៩ នេះឡើយ។
Richarlison ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Everton, Timothy Fosu-Mensah (Fulham), Ben Chilwell (Leicester City), Kevin de Bruyne (Man City), Ricardo Pereira (Leicester City)និង Leroy Sane (Man City) ស្ថិតក្នុងចំណោមកីឡាករ ២០រូប ប៉ុន្តែមិនជាប់ក្នុងចំណោមកីឡាកររត់លឿនជាគេទាំង៥ឡើយ។
កីឡាករដែលមានល្បឿនលឿនបំផុតទាំង ៥រូប ប្រចាំក្របខណ្ឌ Premier League រដូវកាលនេះមានដូចជា៖
១- Dominic Calvert-Lewin ខ្សែប្រយុទ្ធរបស់ Everton បានប្រើល្បឿន ៣៤,៩៣៥គីឡូម៉ែត្រ/១ម៉ោង ពេលប៉ះជាមួយ Southampton
២- Kyle Walker ខ្សែការពារស្លាបស្នាំរបស់ Man City ប្រើប្រាស់ល្បឿន ៣៤,៨៤៥ គីឡូម៉ែត្រ/១ម៉ោង ពេលតទល់ជាមួយ Arsenal
៣- Aaron Lennon ខ្សែបម្រើ Burnley ប្រើប្រាស់ល្បឿន ៣៤,៨២៦ គីឡូម៉ែត្រ/១ម៉ោង ពេលតទល់ជាមួយ Southampton
៤- Ryan Fredericks ខ្សែការពារ West Ham United ប្រើប្រាស់ល្បឿន ៣៤,៧៦៧ គីឡូម៉ែត្រ/១ម៉ោង ពេលតទល់ជាមួយ Arsenal
៥- Pierre E. Aubameyang ខ្សែប្រយុទ្ធឆ្មើម Arsenal ប្រើប្រាស់ល្បឿន ៣៤,៧៥៣ គីឡូម៉ែត្រ/១ម៉ោង ពេលតទល់ជាមួយ Man City