ជាតិ
​​​ន​យោ​បាយ​ជាតិ​
បោះឆ្នោត​៖ អាសនៈ​គ្រប់​ជាន់ថ្នាក់ កើន​ចំនួន​ជា​បន្តបន្ទាប់​
02, Jan 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អាសនៈ​សម្រាប់​អ្នកតំណាង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ មាន​៤​កន្លែង គឺ​អាសនៈ​ក្នុង​ព្រឹទ្ធសភា អាសនៈ​ក្នុង​រដ្ឋសភា អាសនៈ​នៅ​រាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក និង​អាសនៈ​នៅ​ឃុំ​-​សង្កាត់​។ អាសនៈ​ទាំងអស់នេះ បាន​កើនឡើង ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ​។

  

 
​អាសនៈ​ព្រឹទ្ធសភា ក្នុង​នី​តី​កាល​៣ មាន​អាសនៈ​៦១ ហើយ​ត្រូវ​បន្ថែម​ទៅជា​៦២ ក្នុង​នីតិកាល​ទី​៤​នេះ​។ ក្នុងចំណោម​សមាជិក​ព្រឹទ្ធសភា​ទាំង​៦២​រូប ៥៨​រូប ដែល​កើតចេញពី​ការបោះឆ្នោត គឺ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។ សមាជិក​២​នាក់ ត្រូវបានតែងតាំង​ដោយ​ព្រះមហាក្សត្រ និង​២​នាក់​ទៀត ដែល​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវបាន​ជ្រើសតាំង​ដោយ​រដ្ឋសភា​។ 
 
​ចំណែក រដ្ឋសភា ដែលមាន​អាសនៈ​១២៣​ក្នុង​នីតិកាល​ទី​៥ ត្រូវ​កើនឡើង​ដល់​១២៥ ក្នុង​នីតិកាល​ទី​៦​។ សម្រាប់​នីតិកាល​ទី​៦ អាសនៈ​រដ្ឋសភា​ទាំងអស់ ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ 
 
​រីឯ អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក្នុង​អាណត្តិ​ទី​៣ មាន​១១,៤៥៩ ហើយ​ក្នុង​អាណត្តិ​ទី​៤ មាន​១១,៥៧២ ដោយ​កើនឡើង​១១៣​បន្ថែមទៀត​។ 
 
​ចុងក្រោយ អាសនៈ​ដែល​គ្រោង​បង្កើន​នោះ គឺ​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​និយាយ​ជាទូទៅ​ថា ក្រុមប្រឹក្សា​។   ក្នុង​អាណត្តិ​ទី​២នេះ អាសនៈ​ក្រុមប្រឹក្សារាជធានី ខេត្ត មាន៣៩៣ ឯអាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មាន២៩៣១។
 
​នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ រដ្ឋសភា នឹង​បើក​កិច្ចប្រជុំពេញអង្គ ដើម្បី​អនុម័ត​វិសោធនកម្ម​ច្បាប់ ស្តីពី​ការបង្កើន​អាសនៈ​ក្រុមប្រឹក្សា សម្រាប់​អាណត្តិ​ទី​៣​។ ការធ្វើ​វិសោធន​កម្មនេះ គឺ​កើតឡើង​ក្រោយ​ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​។ 
 
​យ៉ាងណាក៏ដោយ ការបន្ថែម​អាសនៈ​ថ្មី​ប៉ុន្មាន សម្រាប់​ក្រុមប្រឹក្សា នៅ​មិនទាន់មាន​ព័ត៌មាន​នោះទេ​។ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា លុះត្រាតែ​ច្បាប់ ត្រូវបាន​អនុម័ត​ជាមុនសិន ទើប​អាច​ដឹងបាន​ពី​បញ្ហា​នេះ​។ 
 
​ការបោះឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​។ ប្រមុខ​រដ្ឋាភិបាល ជា​អ្នកចេញ​អនុក្រឹត្យ​ស្តីពី​ការកំណត់​ចំនួន​អាសនៈ​។ 
 
​លោក មាស នី អ្នកសិក្សា​ពី​បញ្ហា​សង្គម និង​ជា​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ ដូចជា​មិនសូវ​ពេញចិត្ត​ប៉ុន្មាន​ទេ ចំពោះ​ការបង្កើន​អាសនៈ​ទាំងនោះ​។ លោក យល់ឃើញថា បើ​ការបង្កើន​អាសនៈ គ្រាន់តែ​ដើម្បី​រក​កន្លែង​ឲ្យ​សមាជិក​បក្ស​នោះ ប្រសិទ្ធភាព​ការងារ នៅតែ​មិនមាន​។ 
 
​តាមរយៈ​សារព័ត៌មាន​ថ្មីៗ អ្នកវិភាគ​រូបនេះ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​បើ​យើង​ចេះតែ​បង្កើន ដោយ​គ្មាន​ការសិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​ជាមុន​ទេ វា នឹង​ចំណាយ​ថវិកាជាតិ​កាន់តែ​ធំ ហើយ​ប្រព័ន្ធ​គ្រប់​រដ្ឋ នៅតែ​ខ្សោយ​ដដែល​»​។ 
 
​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត (​គ​.​ជ​.​ប​) ចាត់ទុក​ការលើកឡើង​របស់​អ្នកវិភាគ ថា​គ្រាន់តែ​ជា​ទស្សនៈ​បុគ្គល​ប៉ុណ្ណោះ​។ លោក បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​បែបនេះ​ថា​៖«​ការបង្កើន​អាសនៈ គឺ​តម្រូវ​ទៅតាម​ការកើនឡើង​នូវ​ចំនួន​ប្រជាជន​»​។ 
 
​អាសនៈ​ទាំង​៤​កន្លែង ត្រូវបាន​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ស្ទើរតែ​ទាំងអស់​។ ការបោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៤ និង ការបោះឆ្នោត​រដ្ឋសភា​នីតិកាល​ទី​៦ ដែល​គ្មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ទាំងអស់​ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ​ទាំង​២​នេះ​។ 
 
​កាលពី​មិនទាន់​ត្រូវបាន​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ បាន​កាន់កាប់​អាសនៈ ប្រហាក់ប្រហែល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​។ ប៉ុន្តែ ក្រោយ​រង​ការរំលាយ អាសនៈ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​យកទៅ​បែងចែក​ឲ្យ​គណបក្ស​ដទៃ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ច្រើនជាងគេ​៕ 
 

Tag:
 បោះឆ្នោត​
  អាសនៈ CPP
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com