អន្តរជាតិ
ឆ្នាំ​២០១៩ យោធា​ចិន ដាក់​ផែនការ​បង្កើន​ការហ្វឹកហាត់​និង​ត្រៀមលក្ខណៈ​ធ្វើសង្គ្រាម
03, Jan 2019 , 8:39 am        
រូបភាព
ដោយ:
​ការត្រៀម​លក្ខណៈ​សម្រាប់​ធ្វើសង្គ្រាម និង​បង្កើន​ការ​ហ្វឹក​ហ្វឹ​ន គឺជា​គោលដៅ​អាទិភាព​បំផុត​មួយ សម្រាប់​យោធា​ចិន នា​ឆ្នាំ​២០១៩​នេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត​ផ្លូវការ​របស់​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន (PLA Daily) នៅ​ថ្ងៃ​អង្គារ ទី​០១ ខែមករា ឆ្នាំ​២០១៩​។

 
​នៅ​ដើមឆ្នាំ​២០១៩​នេះ កាសែត​យោធា​ចិន  PLA Daily  បាន​គូសបញ្ជាក់​នៅក្នុង​អត្ថបទ​វិចារណកថា ថា​៖ «​ការ​ហ្វឹក​ហ្វឹ​ន​របស់​កងទ័ព និង​ការ​ត្រៀមលក្ខណៈ​សម្រាប់ធ្វើ​សង្គ្រាម គឺជា​ការងារ​ដ៏​ចាំបាច់ និង​ជា​គោលដៅ​អាទិភាព​បំផុត​សម្រាប់​យោធា​ចិន​។ យើង​មិនត្រូវ​បណ្តែតបណ្តោយ​ឲ្យ​មាន​ចន្លោះប្រហោង​ណាមួយ​កើតឡើង​នៅក្នុង​ផ្នែក​ទាំង​នេះឡើយ​»​។ 
 
«​យើង​គួរតែ​ត្រៀមលក្ខណៈ​ឲ្យ​ល្អ​បំផុត សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យោធា​ចិន នៅ​គ្រប់ផ្នែក​ទាំងអស់ ព្រមទាំង​ពង្រឹង​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​សមត្ថភាព​ប្រយុទ្ធ​របស់​កងទ័ព​យើង  ដើម្បី​ប្រឆាំង​ទៅនឹង​បញ្ហា​អាសន្ន​នានា​…​ក្នុង​គោលដៅ​ធានាថា យើង​អាច​ប្រឈមមុខ​នឹង​បញ្ហា​ទាំងឡាយ ហើយ​អាច​យកជ័យ​ជម្នះ​គ្រប់​ស្ថានការណ៍​ទាំងអស់​»​។ នេះ​បើ​យោងតាម​អត្ថបទ​វិចារណកថា​ដដែល​នេះ​។ 
 
​ក្រៅពី​ការបង្កើន​ការហ្វឹកហាត់ និង​ត្រៀមលក្ខណៈ​ធ្វើសង្គ្រាម ក៏មាន​ផងដែរ​អាទិភាព​ផ្សេងៗ​ទៀត​មានដូចជា ការដាក់ចេញ និង​អនុវត្ត​ផែនការ​ដ៏​លម្អិត​ក្នុង​គោលដៅ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​យោធា​, ជំរុញ​ការធ្វើកំណែទម្រង់​និង​ន​វា​នុ​ត្ត​ន៍ ហើយ​និង​ការពង្រឹង​ស្មារតី​ក្រុម​នៅក្នុង​កងទ័ព​រំដោះប្រជាជន​ចិន​ផងដែរ​។​
 
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដែលជា​អគ្គមេបញ្ជាកា​កងទ័ព​ចិន​ផងដែរ​នោះ បាន​ជំរុញ​ឲ្យ​កងទ័ព​ចិន​រំដោះប្រជាជន​ចិន ប្រឹងប្រែង​ពង្រឹងសមត្ថភាព​ប្រយុទ្ធ​របស់ខ្លួន ចាប់តាំងពី​លោក​បាន​ក្តោប​ក្តាប់​អំណាច កាលពី​ចុងឆ្នាំ​២០១២​មកម្ល៉េះ​។ ត្រង់ចំណុច​នេះ អ្នកជំនាញ​យល់ឃើញថា ការបង្កើន​លំ​ហាត់​ហ្វឹក​ហ្វឹ​ន​របស់​ចិន គឺមាន​គោលបំណង​ដើម្បី​បង្ហាញ​សាច់ដុំ​របស់​យោធា​ចិន ខណៈ​ខ្លួន​កំពុងមាន​ភាព​តានតឹង​ស្រាប់​ជាមួយ​ក្រុង​វ៉ាស៊ីនតោន នៅក្នុង​សមុទ្រ​តៃវ៉ាន់ និង​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​យោងតាម​សារព័ត៌មាន​ហុងកុង South China Morning Post អតីត​អនុរដ្ឋមន្ត្រី​ការពារជាតិ​តៃវ៉ាន់ លោក Lin Chong-Pin បាន​គូសបញ្ជាក់ថា ការដាក់ចេញ​ផែនការ​ថ្មី​នេះ​គឺ​ដើម្បី​បង្ហាញ​ពី​កម្លាំង​ដ៏​ខ្លាំងក្លា​របស់​យោធា​ចិន ទៅដល់​គូរ​ប្រជែង​របស់ខ្លួន​ជាពិសេស សហរដ្ឋអាមេរិក ក្នុង​គោលដៅ​ចង់​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ងាក​មករក​ផ្លូវ​ដោះស្រាយ​តាមបែប​ការទូត​វិញ ព្រោះ​បើ​មិន​ដូច្នោះ​ទេ ផលវិបាក​នឹង​កើតឡើង​កាន់តែ​ធំ បើសិន​មហាអំណាច​យោធា​ទាំងពីរ​នេះ ផ្ទុះ​ជម្លោះ​យោធា​ជាមួយគ្នា​នោះ​៕
 

Tag:
 ចិន
  យោធាចិន
© រក្សាសិទ្ធិដោយ thmeythmey.com