អន្តរជាតិ
ស៊ី ប្រាប់ ត្រាំ ថា សហប្រតិបត្តិការ​រវាង​អាមេរិក​-​ចិន ជា​ជម្រើស​ល្អ​បំផុត
02, Jan 2019 , 10:39 pm        
រូបភាព
ដោយ:
​ថ្លែង​នៅក្នុង​សារ​អបអរសាទរ​ខួប​៤០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋអាមេរិក និង​ចិន នៅ​ថ្ងៃទី​០១ ខែមករា ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ប្រាប់​សម​ភាគី​អាមេរិក ដូ​ណា​ល់ ត្រាំ បែបនេះ​ថា ប្រវត្តិសាស្ត្រ​បង្ហាញថា កិច្ចសហប្រតិបត្តិការ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ប្រទេស​ទាំងពីរ​។ ជាមួយគ្នានេះ លោក​បាន​បញ្ជាក់ទៀតថា ឆ្នាំ​២០១៩ នឹង​ពាំ​នាំយក​នូវ​កាលានុវត្តភាព និង​បញ្ហា​ប្រឈម​ជាច្រើន​ទៅដល់​ពិភពលោក​។​

 
​នៅក្នុង​សារ​ផ្ញើ​ទៅកាន់​លោក ត្រាំ នៅ​ថ្ងៃ​អង្គារ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​ចិន មាន​ឡើង និង​មាន​ចុះ ហើយ​ក៏បាន​បង្កើត​ដំណើរការ​ទៅមុខ​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​ផងដែរ ក្នុង​រយៈពេល​បួន​ទសវត្សរ៍​មកនេះ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន  Xinhua  លោក​បាន​បន្ថែមទៀតថា ការណ៍​នេះ​បានផ្តល់​ផលប្រយោជន៍​យ៉ាង​ធំធេង​ដល់​ប្រជាជន​របស់​ប្រទេស​ទាំងពីរ ហើយ​ព្រមទាំង​បានផ្តល់​វិភាគទាន​យ៉ាងច្រើន​ក្រៃលែង​ដល់​សន្តិភាព​, ស្ថិរភាព និង​វិបុលភាព​ពិភពលោក​ថែមទៀត​ផង​។ 
 
​ទន្ទឹមនឹង​គ្នា​នេះ មេដឹកនាំ​ចិន​ដ៏​មាន​ឥទ្ធិពល​រូបនេះ បាន​គូស​បញ្ជាក់ទៀតថា ក្នុង​ឆ្នាំ​២០១៨  ចិន​បាន​ជំរុញ​ឲ្យ​មាន​វិធាន​ដ៏​សំខាន់​សម្រាប់ធ្វើ​កំណែទម្រង់​ដល់​ទៅ​ជាង ១០០ ឯណោះ​។  លោក​បានលើកឡើង​បែបនេះ​៖ «​ជំហាន​នៃ​កំណែទម្រង់​របស់​យើង​នឹង​ទៅមុខ​ជានិច្ច ហើយ​ទ្វារ​សេដ្ឋកិច្ច​របស់​យើង​នឹង​បើកចំហ​កាន់តែ​ធំ​ទូលាយ​ជាង​មុន​»​។ 
 
​បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក និង​ចិន  កំពុង​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​សិន​។ គោលបំណង​នៃ​ការបង្កើត​បទ​ឈប់​បាញ់​រយៈពេល​៩០​ថ្ងៃ ដែល​បានចាប់ផ្តើម​កាលពីដើម​ខែធ្នូ​កន្លងមក​នោះ គឺ​ដើម្បី​ទុកពេល​សម្រាប់​ការចរចា​រវាង​រក​ច្រក​ចេញពី​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​ដ៏​តានតឹង​មួយ​នេះ​។ 
 
​ត្រឡប់មកវិញ  នៅក្នុង​សារ​អបអរសាទរ​ដដែល​នេះ  ទោះបី​លោក ស៊ី ជិន​ភីង ពុំបាន​លើកឡើង​ឲ្យ​ចំ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ អាមេរិក​ក្តី  ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់ថា ឆ្នាំ​២០១៩ នឹង​ពាំ​នាំយក​នូវ​កាលានុវត្តភាព​និង​បញ្ហា​ប្រឈម​ជាច្រើន​។  «​ខណៈ​យើង​បើកភ្នែក សម្លឹង​ទៅកាន់​ពិភពលោក យើង​នឹង​ឃើញ​ការផ្លាស់ប្តូរ​ដ៏​ធំធេង​…​ហើយ​វា​ជាការ​ផ្លាស់ប្តូរ ដែល​យើង​ពុំ​ធ្លាប់​បានឃើញ​ពីមុនមក នា​រយៈពេល​១០០​ឆ្នាំ​ចុង​ក្រោយនេះ​»​។ 
 
«​បើទោះបីជា​ស្ថានការណ៍​អន្តរជាតិ​ផ្លាស់ប្តូរ​បែបណាក៏ដោយ ទំនុកចិត្ត និង​ការសម្រេចចិត្ត​ចុងក្រោយ​របស់​ចិន​ក្នុងការ​ការពារ​សន្តិសុខ និង​អធិបតេយ្យភាព​ជាតិ នឹង​ពុំ​ផ្លាស់ប្តូរ​នោះឡើយ​។ ហើយ​ម្យ៉ាងវិញទៀត សុច្ឆន្ទៈ និង​សេចក្តី​ស្មោះត្រង់​របស់​ចិន​សម្រាប់​រក្សា​សន្តិភាព​ពិភពលោក និង​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​រួម ក៏​នឹងមិន​ផ្លាស់ប្តូរ​ផងដែរ​»​។ នេះ​ជា​បកស្រាយ​បន្ថែម​របស់លោក​ស៊ី ជីន​ភីង​៕ 
 

Tag:
 ស៊ី ជិន​ភីង​
  សហរដ្ឋអាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com