អន្តរជាតិ
ឥណ្ឌូណេស៊ី​ផ្អាក​បញ្ជូន​សិស្ស​ទៅ​តៃវ៉ាន់ ព្រោះ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើការ​ជ្រុល​និង​បរិភោគ​សាច់ជ្រូក
03, Jan 2019 , 7:39 pm        
រូបភាព
និស្សិតឥណ្ឌូណេស៊ីក្នុងពិព័រណ៍ការងារ (រូបតំណាង)
និស្សិតឥណ្ឌូណេស៊ីក្នុងពិព័រណ៍ការងារ (រូបតំណាង)
ដោយ:
​ឥណ្ឌូណេស៊ី បានសម្រេច​ចិត្ត​ផ្អាក​បញ្ជូន​សិស្ស​ទៅកាន់​កោះ​តៃវ៉ាន់​នៅ​សប្តាហ៍​នេះ​។ ការសម្រេចចិត្ត​នេះ​គឺធ្វើឡើង ក្រោយពី​ធ្លាយ​ដំណឹង​ថា សិស្ស​ឥណ្ឌូណេស៊ី​រាប់រយ​នាក់ ដែល​ចូលរួម​ក្នុង​កម្មវិធី​ហាត់​ការ​នេះ ត្រូវបាន​គេ​បង្ខំ​ឲ្យ​ធ្វើការ​ហួសហេតុ​តាម​រោងចក្រ​នៅ​តៃវ៉ាន់ ព្រមទាំង​បរិភោគ​អាហារ​មាន​សាច់ជ្រូក​ថែមទៀត​ផង​។

 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​តៃវ៉ាន់​មួយ បាន​ដកស្រង់​សម្តី​របស់​សមាជិកសភា​តៃវ៉ាន់​មកពី​បក្ស គូ​មីង​តាំង (Kuomintang) លោកស្រី Ko Chih-en  ដោយបាន​បង្ហើប​ថា សិស្ស​ឥណ្ឌូណេស៊ី​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ថ្នាក់រៀន​ត្រឹម​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍ និង​មាន​ថ្ងៃ​សម្រាក​តែមួយ​ថ្ងៃ ខណៈដែល​ពួកគេ​ត្រូវ​នៅ​ធ្វើការ​រយៈពេល​បួន​ថ្ងៃ​នៅក្នុង​រោងចក្រ​។ 
 
​បើតាម​ការអះអាង​រប​ស់លោក​ស្រី Ko Chih-en  សិស្ស​ឥណ្ឌូណេស៊ី​ទាំងនោះ​ត្រូវ​ធ្វើការ​ចាប់ពី​ម៉ោង ៧:៣០ នាទី​ព្រឹក ដល់​ម៉ោង ៧:៣០​យប់ ហើយ​ពួកគេ​មាន​ពេល​ឈប់សម្រាក​តែ ២​ម៉ោង​ប៉ុណ្ណោះ​។ មួយវិញទៀត​នោះ ទោះបីជា​ភាគច្រើន​នៃ​សិស្ស​ឥណ្ឌូណេស៊ី​ជា​អ្នក​កាន់សាសនា​ឥស្លាម​ក្តី របប​អាហារ​របស់​ពួកគេ​មាន​ផ្ទុក​សាច់ជ្រូក​បន្ទះ​ថែម​ទៀតផង​។ 
 
​យោងតាម​ទី​ភ្នា​ក់​ព័ត៌មាន​ជប៉ុន  Kyodo អ្នកនាំពាក្យ​ក្រសួង​ការ​បរ​ទស​ឥណ្ឌូណេស៊ី លោក Arrmanatha Nasir បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថ្ងៃទី ២ ខែមករា ថា ការិយាល័យ​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី​ប្រចាំ​ទីក្រុង​តៃប៉ិ បានស្នើ​សុំ​ឲ្យ​មានការ​បំភ្លឺ និង​ស​ម្រួ​ប​សម្រួល​ជាមួយ​អាជ្ញាធរ​តៃវ៉ាន់ ដើម្បី​បើក​ការស៊ើបអង្កេត​លើ​ការអនុវត្ត​កម្មវិធី​ហាត់​ការដែល​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៧​មក​នោះ​។​
 
​លោក Nasir បាន​បន្ថែមថា ការិយាល័យ​ពាណិជ្ជកម្ម​ក៏បាន​ស្នើសុំ​ទៅកាន់​អាជ្ញាធរ​តៃវ៉ាន់ ដើម្បី​ចាត់ចែង​សកម្មភាព​ចាំបាច់​ណាមួយ ក្នុង​គោលបំណង​ជួយ​ការពារ​សុវត្ថិភាព និង​ផលប្រយោជន៍​របស់​សិស្ស​ឥណ្ឌូណេស៊ី ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​ហាត់​ការ​ខាងលើនេះ​។ 
 
​គួរ​បញ្ជាក់ដែរថា បច្ចុប្បន្ននេះ មាន​សិស្ស​ឥណ្ឌូណេស៊ី​ប្រមាណ ប្រាំមួយ​ពាន់​នាក់​ហើយ ដែល​កំពុង​សិក្សា​នៅ​កោះ​តៃវ៉ាន់ ហើយ​ជាង​១០០០​នាក់ បាន​ទៅ​សិក្សា​នៅ​ទីនោះ ដោយ​តាម​កម្មវិធី​ហាត់​ការ ពី​ឆ្នាំ ២០១៧ និង​២០១៨​។ នេះ​បើតាម​សម្តី​របស់លោក Nasir៕
 

Tag:
 ឥណ្ឌូណេស៊ី​
  តៃវ៉ាន់​
  កម្មវិធី​ហាត់​ការ
© រក្សាសិទ្ធិដោយ thmeythmey.com