អន្តរជាតិ
ត្រាំ ចំអកឲ្យ​នាយ​ករដ្ឋមន្ត្រី​ឥណ្ឌា​ដែល​សង់​បណ្ណាល័យ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​
03, Jan 2019 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដើមឆ្នាំ ២០១៩​នេះ បាន​ចំអក​ឲ្យ​នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី ដែល​ចំណាយលុយ​សាងសង់​បណ្ណាល័យ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ក្រៅពី​ប្រៀបធៀប​ការចំណាយ​សង់​បណ្ណាល័យ​ជាមួយ​ការចំណាយ​របស់​អាមេរិក​ក្នុង​សង្គ្រាម​អា​ហ្វ​ហ្គា​នី​ស្ថាន លោក ត្រាំ ក៏​អះអាង​ថែមថា សង់​បណ្ណាល័យ​គ្មាន​ប្រយោជន៍​ឡើយ​ព្រោះ​គ្មាន​អ្នកណា​អាន​។


 
​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​សម្រាប់​ដើមឆ្នាំ ២០១៩ នៅ​ថ្ងៃ​ពុធ​ទី ២ ខែមករា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​លើកយក​បញ្ហា​ការចូលរួម​របស់​ឥណ្ឌា​ក្នុងការ​ដោះស្រាយ​បញ្ហា​អា​ហ្វ​ហ្គា​នី​ស្ថាន​មក​ពិភាក្សា ស្របពេល​ដែល​ទ័ព​អាមេរិក​នៅ​ទីនោះ​យ៉ាងតិច ៥០០០​នាក់​នឹងត្រូវ​ដកចេញ​ផង​។​
 
​មិន​ត្រឹមតែ​អួតអាង​ថា លោក​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី ប្រមុខរដ្ឋ​អាមេរិក​រូបនេះ​បាន​ឆ្លៀត​ចម្អក​ឲ្យ មេដឹកនាំ​ឥណ្ឌា ដែល​បាន​បន្ត​ប្រាប់​លោក​ផ្ទាល់ ពី​ជំនួយ​របស់​ឥណ្ឌា​ក្នុងការ​សាងសង់​បណ្ណាល័យ​មួយ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែរ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា លោក ត្រាំ បាន​និយាយ​ពេញៗ​មាត់​ថា ឥណ្ឌា​ចំណាយលុយ​ឥតប្រយោជន៍​លើ​ការសង់​បណ្ណាល័យ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​លុយ​ប៉ុណ្ណោះ​ស្មើនឹង​អាមេរិក​ចំណាយ​លើ​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រឹម​ប្រាំ​ម៉ោង​ប៉ុណ្ណោះ​។​
 
«​អ្នកដឹង​ទេ​ថា វា​ដូចជា​អ្វី​? វា​ប្រហែល​ស្មើនឹង​អ្វីដែល​យើង​ចំណាយ​ប្រាំ​ម៉ោង​ប៉ុណ្ណោះ​។ ហើយ​យើង​អាច​និយាយបានថា អរគុណ​ណាស់​សម្រាប់​បណ្ណាល័យ​មួយ ខ្ញុំ​មិនដឹងថា អ្នកណា​ប្រើប្រាស់​បណ្ណាល័យ​នេះ​ទេ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​»​។ ប្រធានាធិបតី​អាមេរិក​និយាយ​បែបនេះ​។​
 
​យ៉ាងណាក៏ដោយ លោក ត្រាំ មិនបាន​និយាយ​ឲ្យ​ច្បាស់​ថា​លោក​កំពុង​សំដៅលើ​គម្រោង​មួយណា​របស់​រដ្ឋាភិបាល​ឥណ្ឌា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើយ​។ ប៉ុន្តែ​ឥណ្ឌា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ផ្តល់ជំនួយ​ដល់​មិត្ត​ជិតខាង​របស់ខ្លួន ហើយក៏​ប្តេជ្ញា​ជួយ បី​ពាន់​លាន​ដុល្លារ​ដល់​ក្រុង​កា​ប៊ុល​ដោះស្រាយ​បញ្ហា ចាប់ពី​អាមេរិក​ឈាន​ពាន​ឆ្នាំ ២០០១ ដើម្បី​កម្ចាត់​របប​ដឹកនាំ​របស់​ក្រុម​តា​លី​បង់​ដែរ​។ 
 
​គម្រោង​ធំៗ​របស់​ឥណ្ឌា​គឺ​ផ្តោតលើ​ការសាងសង់​ឡើងវិញ​វិទ្យាល័យ​ដ៏​ល្បីឈ្មោះ​មួយ​នៅ​ក្រុង​កា​ប៊ុល និង​ផ្តល់​អាហារូបករណ៍​ចំនួន ១០០០​កន្លែង​ដល់​សិស្ស​អា​ហ្វ​ហ្គ​នី​ស្ថាន​រៀងរាល់ឆ្នាំ​ផង​ដើម្បី​ធានាថា អា​ហ្វ​ហ្គា​នី​ស្ថាន​អាចមាន​ធនធានមនុស្ស​គ្រប់គ្រាន់​ជួយ​ស្តារ​ប្រទេសជាតិ​និង​អភិវឌ្ឍ​ប្រទេសជាតិ​បាន​។  
 
​ក្នុងពេល​សម្ពោធ​វិមាន​សភា​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​សង់​ដោយ​ជំនួយ​ឥណ្ឌា​ឆ្នាំ ២០១៥ លោក ម៉ូ​ឌី បានប្រកាស​ដែរ​ថា ឥណ្ឌា​នឹង​លើកកម្ពស់​កម្មវិធី​ដែល​ជួយ​បង្កើត​អំណាច​យុវជន​អា​ហ្វ​ហ្គា​នី​ស្ថាន តាមរយៈ​ការបំពាក់​បំប៉ន់​ជំនាញ​បច្ចេកទេស និង ការអប់រំ​សម័យ​ទំនើប​ផងដែរ​។​
 
​ត្រឡប់មកវិញ ក្រៅពី​ចម្អក​ឲ្យ​ឥណ្ឌា ដូ​ណា​ល់ ត្រាំ ក៏បាន​ការពារ​ការសម្រេច​ចិត្ត​ដកទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​របស់លោក​ផងដែរ ក្រោយ​មានការ​រិះគន់​ច្រើន​។ លោក​បាន​ទាញយក​សង្គ្រាម​សូ​វៀត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ឧទាហរណ៍​ដោយ​ពន្យល់ថា សូ​វៀត​ដួលរលំ​ដោយសារ​ក្ស័យធន​នឹង​សង្គ្រាម​ដប់ឆ្នាំ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ពី ១៩៧៩​ដល់​១៩៨៩​នោះ​។ ដូច្នេះហើយ​លោក ត្រាំ និយាយ​ដោយ​ចំហ​ថា ជម្រើស​ដកទ័ព​ចេញ និង​វិនិយោគ​លុយ​កាន់តែ​តិច​នៅក្នុង​សង្គ្រាម​បរទេស​ជា​រឿង​ត្រឹមត្រូវ​៕ 
 

Tag:
 អា​ហ្វ​ហ្គា​នី​ស្ថាន​
  ដូ​ណា​ល់ ត្រាំ​
  អាមេរិក​
  ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com