ជាតិ
សេដ្ឋកិច្ច
កាស៊ីណូ ត្រឹម​ដាច់​ឆ្នាំ​២០១៨ រដ្ឋាភិបាល​បានផ្ដល់​អាជ្ញា​បណ្ណ ១៥០ ភាគច្រើន​នៅ​ព្រះសីហនុ​
03, Jan 2019 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការផ្ដល់​អាជ្ញា​បណ្ណ​ឲ្យ​បង្កើត​​កាស៊ីណូ មាន​សន្ទុះ​កើនឡើង​។ សរុប​មកដល់​បំណាច់​ឆ្នាំ​២០១៨ រដ្ឋាភិបាល​បានផ្ដល់​អាជ្ញា​បណ្ណ​ចំនួន ១៥០ ដល់​វិនិយោគិន ដែល​កើនឡើង ៥៣​ភាគរយ ធៀប​នឹង​បំណាច់​ឆ្នាំ​២០១៧ ។


 
​ក្នុង​ចំនួន​កាស៊ីណូ ១៥០ អាជ្ញា​បណ្ណ​នេះ ខេត្ត​ព្រះសីហនុ​មាន ៨៨​ទីតាំង​ទៅហើយ​។ នេះ​បើតាម​ការដកស្រង់​តួលេខ​ពី​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ ចុះ​ថ្ងៃទី​២​ខែមករា​។​
 
​លោក រស់ ភីរុណ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ មិនបាន​បង្ហាញ​តួលេខ​ថវិកា​ចូល​រដ្ឋ​ពី​អាជីវកម្ម​កាស៊ីណូ​នេះ​ទេ ដោយ​លោក​អះអាងថា​ក្រសួង​កំពុង​រៀបចំ​របាយការណ៍​។ តែ​លោក​ប្រាប់ថា រដ្ឋាភិបាល​មាន​ទិសដៅ​ប្រមូល​ប្រាក់ចំណូល​ពី​វិស័យនេះ​ចំនួន ៥៦ លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨​។ 
 
​បើតាម​លោក ភីរុណ ច្បាប់​គ្រប់គ្រង​កាស៊ីណូ និង​អាជីវកម្ម​ភ្នាល់​ល្បែង កំពុងស្ថិត​ក្នុង​នីតិវិធី​ពង្រាង ដែល​សង្ឃឹមថា​រដ្ឋ​កាន់​តែ​ប្រមូល​ចំណូល​បាន​ច្រើន ពេល​ច្បាប់​នេះ​ដាក់​អនុវត្ត​។ 
 
​ខេត្ត​ព្រះសីហនុ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ កំពុង​ទទួលបាន​កំណើន​ដ៏​គំហុក​នៃ​ភ្ញៀវទេសចរ និង​វិនិយោគ​ចិន​។ ទោះជា​ការវិនិយោគ​ទាំងនោះ បានទទួល​ការស្វាគមន៍​ពី​រដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​ក្ដី តែ​ការវិនិយោគ​ដែល​ដណ្ដើម​ផលប្រយោជន៍​រាប់​តាំងពី​ការងារ សេវាកម្ម​-​អាជីវកម្ម​តូចៗ និង​វត្តមាន​កាស៊ីណូ​យ៉ាងច្រើន រង​កា​រិះគន់​។ មានការ​បារម្ភ​ថា វត្តមាន​កាស៊ីណូ​កំពុង​ប្រែក្លាយ​មុខមាត់​តំបន់ឆ្នេរ​ដ៏​ស្រស់ស្អាត​នេះ ទៅជា​តំបន់​បន​ល្បែង​ដ៏​ពេញនិយម​ទៅវិញ និង​បង្ក​អ​ន្តិ​សុខ​សង្គម​។ 
 
​លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា លើកឡើងថា កំណើន​វត្តមាន​ការ​ស៊ី​ណូ គឺជា​និន្នាការ​គួរ​ឲ្យ​ព្រួយបារម្ភ​អំពី​ហានិភ័យ​សង្គម​។ លោក​សង្កត់ធ្ងន់ថា បើ​គ្មាន​ការអនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង​នោះទេ សន្ទុះ​អាជីវកម្ម​ល្បែងស៊ីសង នឹង​ក្លាយ​ជាហេតុ​មួយ​នៃ​ផលប៉ះពាល់​សង្គម​។​
 
​បើតាម​លោក ឈាង វណ្ណា​រិ​ទ្ធិ ដែល​បានផ្ដល់​កិច្ច​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ កាលពីពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​គួរ​ដក​បទពិសោធន៍​ពី​បរទេស ដែល​សើរើ​លើ​ការវិនិយោគ​ណា​ដែល​មិន​ផ្ដល់​ប្រយោជន៍​សេដ្ឋកិច្ច ឬ​ប៉ះពាល់​សង្គម​។ លោក​បាន​សង្កត់ធ្ងន់​លើ​ការវិនិយោគ​កាស៊ីណូ​នៅ​កម្ពុជា ដែល​គួរ​ពិនិត្យឡើងវិញ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«(​ការវិនិយោគ​ចិន​) នៅមាន​កង្វះខាត​ច្រើន ដោយសារតែ​ការ​នាំចូល​កម្លាំង​ពលកម្ម ខ្វះ​តម្លាភាព ជាដើម ហើយ​ការវិនិយោគ​លើ​វិស័យ​កាស៊ីណូ អត់​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាជន​របស់​យើង​ច្រើន​ទេ ដូចនេះ​យើង​ជា​ម្ចាស់ផ្ទះ​ត្រូវ​ទទួលខុសត្រូវ​លើ​ផលប៉ះពាល់​ទាំងឡាយ​ដែល​កើតចេញពី​ការវិនិយោគ​បរទេស​»៕
 

Tag:
 កាស៊ីណូ
© រក្សាសិទ្ធិដោយ thmeythmey.com