អន្តរជាតិ
ចាប់ពីពេលនេះ ម៉ាឡេស៊ីគ្មាន​ផ្សែង​បារី​ទៀតឡើយ នៅតាម​អាហារ​ដ្ឋា​ន​ទាំងអស់​
03, Jan 2019 , 4:28 pm        
រូបភាព
The Sun Daily
The Sun Daily
ដោយ:
​ការជក់បារី​នៅតាម​ភោជនីយដ្ឋាន (​រួមទាំង​ប្រភេទ​ភោជនីយដ្ឋាន​ហាលវាល​) ត្រូវបាន​ហាមឃាត់​ទាំងស្រុង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៩​នេះ​តទៅ​។

 
​បើ​យោងតាម​ប្រសាសន៍​របស់​អគ្គនាយក​សុខាភិបាល​នៃ​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី លោក ណ អ៊ី​ស្ហា​ម អាប់​ឌុល​ឡា ( Noor Hisham Abdullah) ការអនុវត្ត​ការហាម​ប្រាម​នេះ ត្រូវធ្វើឡើង​ស្របតាម​ការធ្វើ​វិសោធនកម្ម​ច្បាប់​គ្រប់គ្រង​ផ​លិ​ផល​ថ្នាំជក់​ឆ្នាំ​២០១៨ ដែល​ការពារ​សុខុមាលភាព​សាធារណៈ​ពី​ផ្សែង​បារី​។​
 
​សារព័ត៌មាន Channel News Asia បាន​ស្រង់​ប្រសាសន៍​លោក​អគ្គនាយក​ដដែល  ដែល​ពន្យល់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖«​សាធារណជន​ត្រូវបាន​បង្ខំ​មិន​ឲ្យ​ជក់បារី​នៅតាម​បណ្តា​អាហារ​ដ្ឋា​ន ទោះជា​ទីកន្លែង​ទាំងនោះ មាន ឬ​មិនមាន​បំពាក់​ម៉ាស៊ីនត្រជាក់​ក៏ដោយ​។ ត្រង់នេះ​មានន័យថា បំរាម​ទាំងនេះ​ត្រូវអនុវត្ត​នៅ​គ្រប់កន្លែង​អាហារ​ដ្ឋា​ន​គ្រប់​ប្រភេទ ទោះ​នៅក្នុង​បន្ទប់ ឬ​នៅ​ខាងក្រៅ​ហាលវាល​ក៏ដោយ​»​។​
 
​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​បញ្ជាក់ថា បំរាម​ការជក់បារី​នៅតាម​អាហារ​ដ្ឋា​ន​នេះ ក៏​គ្របដណ្តប់​ដល់​ហាង​ចល័ត​តូចៗ ដែល​សណ្តោង​តាម​យានយន្ត ហាង​នៅលើ​នាវា និង​នៅលើ​រថភ្លើង​ផងដែរ​។​
 
​ទន្ទឹមនឹង​ការ​រំឭក ដល់​ម្ចាស់​អាហារ​ដ្ឋា​ន​ឲ្យ​ដាក់តាំង​ស្លាក​សញ្ញា​ហាម​ជក់បារី និង​យក​ចាន​គោះ​កន្ទុយបារី​ចេញ​ឲ្យ​អស់ លោក Noor Hisham Abdullah ក៏បាន​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា អ្នក​ដែល​ត្រូវ​ជាប់ចោទ​ពីបទ​ជក់បារី​នៅក្នុង​តំបន់ហាមឃាត់ អាច​ត្រូវ​ពិន័យ​ជា​ប្រាក់​រហូតដល់ ១​ម៉ឺន​រីង​ហ្គី​ត ឬ​២៤៥០​ដុល្លារ ឬក៏​អាច​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រហូតដល់​២​ឆ្នាំ​។ លើសពីនេះ បើតាម​ការអះអាង​រប​ស់ម​ន្ត្រី​ក្រសួងសុខាភិបាល​ដដែល រាល់​ម្ចាស់​អាហារ​ដ្ឋា​ន​ដែល​មិនបាន​ដាក់តាំង​ស្លាក​សញ្ញា ហាម​ជក់បារី ក៏ត្រូវ​ពិន័យ​ជា​ប្រាក់ ៣​ពាន់​រីង​ហ្គី​ត ឬ​ត្រូវ​ជាប់ពន្ធនាគារ​៦​ខែ ហើយ​ថា បើសិនជា​ម្ចាស់​អាហារ​ដ្ឋា​ន​ណា​ដែល​ផ្តល់​ទីតាំង​ដល់​ការជក់បារី ពួកគេ​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​៥០០០​រីង​ហ្គី​ត ឬ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​១​ឆ្នាំ​៕
 

Tag:
 ម៉ាឡេស៊ី
  បារី
  No Smoking
© រក្សាសិទ្ធិដោយ thmeythmey.com