អន្តរជាតិ
តំណាងរាស្ត្រ​បក្ស​កាន់អំណាច​បង់​ក្លា​ដែ​ស​ប្រញាប់​ស្បថ​ចូលកាន់​តំណែង ឯ​បក្សប្រឆាំង​និង​សហគមន៍​អន្តរជាតិ​ថ្កោលទោស​
03, Jan 2019 , 5:09 pm        
រូបភាព
លោកស្រីនាយករដ្ឋមន្ត្រីសៀក ហាស៊ីណា និយាយទៅកាន់អ្នកកាសែតក្រោយបិទមណ្ឌលបោះឆ្នោតថ្ងៃអាទិត្យទី ៣០ ធ្នូ (AFP)
លោកស្រីនាយករដ្ឋមន្ត្រីសៀក ហាស៊ីណា និយាយទៅកាន់អ្នកកាសែតក្រោយបិទមណ្ឌលបោះឆ្នោតថ្ងៃអាទិត្យទី ៣០ ធ្នូ (AFP)
ដោយ: ថ្មីៗ
​តំណាងរាស្ត្រ​បក្សប្រឆាំង​បង់​ក្លា​ដែ​ស​ពហិកា​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​នៃ​សមាជិកសភា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដោយ​បន្ត​ទាត់ចោល​លទ្ធផល​បោះឆ្នោត​ដែល​ហ៊ុមព័ទ្ធ​ដោយ​ភាពមិនប្រក្រតី​និង ហិង្សា​បង្ហូរឈាម​ផង​។ ក្រៅពី​ពហិកា​របស់​បក្សប្រឆាំង សហគមន៍​អន្តរជាតិ​ក៏​ថ្កោលទោស​ការបោះឆ្នោត​និង​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ករណី​មិន​ប្រក្រតី​នេះដែរ​។


 
​ក្រោយ​បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​សាកល​កាលពី​ចុង​សប្តាហ៍​មុន សមាជិក​បក្ស​កាន់អំណាច​សម្ព័ន្ធ  Awami ប្រញាប់ប្រញាល់​ស្បថ​ចូលកាន់​តំណែង​ជា​តំណាងរាស្ត្រ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៣ ខែមករា​នេះ​។  
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សមាជិក​គណបក្សប្រឆាំង​ដ៏​ធំជាតិនិយម​បង់​ក្លា​ដែ​ស (BNP) នាំគ្នា​ពហិកា​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​នេះ ដោយ​ពួកគេ​បន្ត​ទាត់ចោល​លទ្ធផល​បោះឆ្នោត ហើយក៏​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ករណី​បោះឆ្នោត​នេះដែរ​។ 
 
​តាម​លទ្ធផល​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ សម្ព័ន្ធ​បក្ស​កាន់អំណាច​របស់លោក​ស្រី​នាយករដ្ឋមន្ត្រី សៀក ហា​ស៊ីណា (Sheikh Hasina) ឈ្នះ​បាន​អាសនៈ​ច្រើន​រហូតដល់ ២៩១ ក្នុងចំណោម​អាសនៈ​សរុប ៣០០​។ ប៉ុន្តែ​ការបោះឆ្នោត​នេះ​ពោរពេញ​ដោយ​ភាពមិនប្រក្រតី​ច្រើន ហើយ​ក៏មាន​អំពើហិង្សា​បង្ហូរឈាម​រហូតដល់​មាន​អ្នកស្លាប់​ច្រើន​នាក់​ទៀត​។​
 
​ដោយឡែក ការបោះឆ្នោត​និង​លទ្ធផល​បោះឆ្នោត​រង​ការ​ថ្កោលទោស​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ដែលមាន​ទីស្នាក់ការ​នៅ​អាមេរិក​នោះបាន​ចាត់ទុក​ការបោះឆ្នោត​នៅ​បង់​ក្លា​ដែ​ស​នោះ​ថា​ជា យុទ្ធនាការ​ពោរពេញ​ដោយ​ហិង្សា ការគំរាមកំហែង​និង​បង្ក្រាប​ក្រុមប្រឆាំង ជាពិសេស​ការប្រើប្រាស់​ច្បាប់​ដើម្បី​សង្កត់សង្កិន​ឬ​រឹតត្បិត​សិទ្ធិសេរីភាព​តែម្តង​។ 
 
​ស្ថាប័ន​សិទ្ធិមនុស្ស​នេះ​ក៏បាន​ទាមទារ​ឲ្យ​មានការ​រៀបចំ​ការស៊ើបអង្កេត​ឯករាជ្យ និង​គ្រប់​ជ្រុងជ្រោយ​មួយ​ដើម្បី​ស្វែងរក​បញ្ហា​នៅ​ពីក្រោយ​ហិង្សា និង​ភាពមិនប្រក្រតី​ផង​។​
​ក្រៅពី​ស្ថាប័ន​សិទ្ធិមនុស្ស បណ្ត​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ជាច្រើន​មាន​អាមេរិក និង​សមាជិក​សហភាព​អឺរ៉ុប បានចេញ​មុខ​ថ្កោលទោស​លទ្ធផល​បោះឆ្នោត និង​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​លើ​ករណី​បោះឆ្នោត​នេះដែរ​។​
 
​សូមបញ្ជាក់ថា ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​របស់​ប​ក្ស​កាន់អំណាច ដែល​ហ៊ុមព័ទ្ធ​ដោយ​ភាពមិនប្រក្រតី​និង​បង្ហូរឈាម​គ្នា​ធ្ងន់ធ្ងរ​នោះ​កំពុង​ធ្វើ​ឲ្យ​ឲ្យ​គេ​ចោទប្រកាន់ថា លោកស្រី ហា​ស៊ីណា ប្រើ​មធ្យោបាយ​អាក្រក់​ដោយ​បំបិទ​សំឡេង​ក្រុមប្រឆាំង និង​សង្កត់សង្កិន​សិទ្ធិសេរីភាព​បញ្ចេញមតិ​តាមរយៈ​ការប្រើប្រាស់​ច្បាប់​ប្រឆាំង​សារព័ត៌មាន​ផង​។​
 
​ក្រោយ​ទទួល​ជ័យជម្នះ លោកស្រី នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ជាថ្មីទៀត​សម្រាប់​អាណត្តិ​ទី​បួន​។ ហា​ស៊ីណា បាន​ដឹកនាំ​បង់​ក្លា​ដែ​ស​អាណត្តិ​ទីមួយ​ចាប់ពី​ឆ្នាំ ១៩៩៦​ដល់​ឆ្នាំ ២០០១ ហើយ​នៅ​ឆ្នាំ ២០០៨​លោកស្រី​បានឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស​ជាថ្មី​រហូតដល់​ពីរ​អាណ​ត្តិ មុន​ឈ្នះឆ្នោត​ចុង​សប្តាហ៍​មុន​៕ 
 

Tag:
 បង់​ក្លា​ដែ​ស​
 ​សៀក ហា​ស៊ីណា​
  Awami
© រក្សាសិទ្ធិដោយ thmeythmey.com