ព្រឹត្តិការណ៍ការប្រកួតដណ្តើមពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ នឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ។ ក្រៅពីម្ចាស់ផ្ទះអេមេរ៉ាតអារ៉ាប់រួម មានក្រុមមកពីតំបន់អាស៊ី ២៣ ប្រទេសផ្សេងទៀតចូលរួមប្រកួតប្រជែងចាប់ពីថ្ងៃទី៥ ខែមករា រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ពោលគឺមានរយៈពេល២៨ថ្ងៃ។
Asain Cup 2019 លើកទី១៧នេះ ចែកចេញជា៦ពូល ពី A ដល់ F ដោយក្នុងមួយពូលមាន៤ក្រុម ដែលមានការប្រកួតសរុប៦២លើក។
ខណៈពេលដែលការប្រកួតនៅមិនទាន់ចូលមកដល់ សារព័ត៌មានថ្មីៗនឹងបង្ហាញលោកអ្នកអំពីកីឡាករសំខាន់ៗចំនួន៥រូបដែលនឹងទទួលការចាប់អារម្មណ៍ខ្លាំងបំផុតនាព្រឹត្តិការណ៍នេះ។
១. Son Heung-min (កូរ៉េខាងត្បូង) ជាកីឡាករកំពុងលេចធ្លោខ្លាំងនៅក្នុងក្របខណ្ឌ Premier League តាមរយៈការស៊ុតបញ្ចូលជាច្រើនគ្រាប់ដើម្បីជួយ Tottenham Hotspur ឈរនៅចំណាត់ថ្នាក់ទី២បណ្តោះអាសន្នរដូវកាលនេះ។ សម្រាប់ក្រុមជម្រើសជាតិ Son ក៏ធ្វើឲ្យមានការចាប់អារម្មណ៍ផងដែរនាការប្រកួត World Cup នៅរុស្ស៊ី ដែលជួយក្រុមយកឈ្នះអាល្លឺម៉ង់ដល់ទៅ ២-០។
កូរ៉េខាងត្បូងស្ថិតនៅពូល C ជាមួយចិន កៀហ្ស៊ីស៊ីស្ថាន និងហ្វីលីពីន។ ជំនួបដំបូង កូរ៉េខាងត្បូងត្រូវតទល់ជាមួយហ្វីលីពីន នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។
២. Wu Lei (ចិន) ជាខ្សែបម្រើឆ្នើមរបស់ក្លិប Shanghai SIPG F.C នៃលីគបាល់ទាត់កំពូលចិន (Chinese Super League) រដូវកាលនេះ ដោយកំពុងឈរជាអ្នកស៊ុតចូលទីច្រើនជាងគេចំនួន២៧គ្រាប់ ក្នុងការបង្ហាញខ្លួន២៩ប្រកួតក្នុងលីគ។ Lei ជាប់ជម្រើសជាតិចិន៥៩លើក និងសម្រេចទីបាន១៣គ្រាប់ផងដែរ។
Wu Lei (ខាងស្តាំ)
៣. Ali Mabkhout (អេមេរ៉ាតអារ៉ាប់រួម) ជាខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Al Jazira។ Mabkhout ជាអ្នកស៊ុតច្រើនជាងគេនៅ Asian Cup ឆ្នាំ២០១៥ និងជាអ្នកស៊ុតគ្រាប់ជ័យជម្នះដើម្បីជួយជម្រើសជាតិអេមេរ៉ាតអារ៉ាប់រួមយកឈ្នះអ៊ីរ៉ាក់យកចំណាត់ថ្នាក់លេខ៣ នាព្រឹត្តិការណ៍នោះទៀតផងដែរ។ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះរកគ្រាប់បាល់បញ្ចូលទីឲ្យជម្រើសជាតិ៤៤គ្រាប់ក្នុងការបង្ហាញខ្លួន៦៥ប្រកួត។
ម្ចាស់ផ្ទះអេមេរ៉ាតអារ៉ាប់រួម ស្ថិតនៅពូល A ត្រូវតទល់ជាមួយ បារ៉ែន ឥណ្ឌា និង ថៃ។
៤. Maya Yoshida (ជប៉ុន) ជាខ្សែការពារដ៏រឹងមាំមួយរូបរបស់ក្លិប Southampton នៅ Premier League។ ប្រធានក្រុមជម្រើសជាតិជប៉ុន វ័យ៣០រូបនេះ ដើរតូយ៉ាងសំខាន់ក្នុងការនាំក្រុមរហស្សនាមសាម៉ូរ៉ៃលើកពាន Asian Cup នេះក្នុងឆ្នាំ២០១១។
ជប៉ុនស្ថិតនៅពូល F ត្រូវប៉ះ អូម៉ង់ តួកម៉េនីស្ថាន និង អ៊ូសបេគីស្ថាន។
៥. Mat Ryan (អូស្ត្រាលី) ជាអ្នកចាំទីដៃទីមួយរបស់ក្លិប Brighton & Hove Albion នៅ Premier League។ Ryan វ័យ២៦ឆ្នាំ ធ្លាប់បង្ហាញខ្លួនឲ្យអូស្ត្រាលីនៅ World Cup ពីរលើកចុងក្រោយ និងជាបេក្ខភាពម្នាក់ក្នុងការជួយក្រុមរហស្សនាម Socceroos លើកពាន Asian Cup ឆ្នាំ២០១៥ផងដែរ។
ក្រុមការពារតំណែងជើងឯកអូស្ត្រាលី នឹងត្រូវតទល់ជាមួយ ហ្សកដានី ប៉ាឡេស្ទីន និង ស៊ីរី ក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល B៕