កីឡាជាតិ
ជាតិ
កិច្ចព្រមព្រៀង​លក់​ក្លិប Wisla Krakow ទៅ​ឲ្យ​អ្នកជំនួញ​ខ្មែរ​-​បារាំង ត្រូវបាន​លុបចោល​
04, Jan 2019 , 10:40 am        
រូបភាព
លោក លី វណ្ណា និង​លោក Mats Hartling មើលការប្រកួត​របស់ Wisla Krakow។ រូបថត Porebski
លោក លី វណ្ណា និង​លោក Mats Hartling មើលការប្រកួត​របស់ Wisla Krakow។ រូបថត Porebski
ដោយ: រួបរួម
​កិច្ចព្រមព្រៀង​លក់​ភាគហ៊ុន​របស់​ក្លិប Wisla Krakow ត្រូវ​លុបចោល​។ នេះ​បើតាម​ការប្រកាស​របស់​សមាគម​កីឡា Wisla Sport Association ដោយ​អះអាងថា ក្រុមហ៊ុន Alelega Luxembourg Sar របស់​អ្នកជំនួញ​ខ្មែរ​-​បារាំង លោក លី វណ្ណា និង​ក្រុមហ៊ុន Noble Capital Partners Ltd., របស់​ដៃគូ​អង់គ្លេស លោក Mats Hartling មិនបាន​ឈានដល់​កិច្ចព្រមព្រៀង​លើ​ការបង់ប្រាក់​នោះឡើយ​។​

 
​កាលពី​ថ្ងៃទី​២២ ខែធ្នូ លោក លី វណ្ណា និង​លោក Mats Hartling បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​ភាគហ៊ុន​១០០​ភាគរយ​របស់​ក្លិប​កីឡាបាល់ទាត់​កំពូល​ប៉ូឡូញ Wisla Krakow ដែល​ក្នុងនោះ​ក្លិប​តម្រូវ​ឲ្យ​ម្ចាស់​ភាគហ៊ុន​ថ្មី​បញ្ចេញ​កញ្ចប់​ថវិកា​ចំនួន​១២​លាន​ស្លូ​ទី (​ប្រមាណ​៣​លាន​ដុល្លារ​អាមេរិក​) ដើម្បី​ដោះស្រាយ​បំណុល​ជាបន្ទាន់​នៅត្រឹម​ថ្ងៃទី​២៨ ខែធ្នូ​។​
 
​បើតាម​កាសែត​បារាំង Le Figaro ដែល​យក​ប្រភពពី​បណ្តាសារ​ព័ត៌មាន​ប៉ូឡូញ ដៃគូ​ដែល​បាន​ចុះហត្ថលេខា​ទិញ​ភាគហ៊ុន​មិនបាន​បង់ប្រាក់​តាម​ពេល​កំណត់​នោះឡើយ​។ សមាគម​កីឡា Wisla Sport Association បានប្រកាស​រំសាយ​ចោល​កិច្ចសន្យា​នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩ ហើយ​ប្រកាស​ខ្លួន​ជា​ម្ចាស់​ភាគហ៊ុន​ទាំងមូល​តាមផ្លូវ​ច្បាប់​ឡើងវិញ​។​
 
​ក្នុង​ព្រមព្រៀង ក្រុមហ៊ុន Alelega Luxembourg Sar របស់​អ្នកជំនួញ​ខ្មែរ​-​បារាំង លោក លី វណ្ណា មាន​ភាគហ៊ុន​៦០​ភាគរយ ខណៈ​ក្រុមហ៊ុន​អង់គ្លេស Noble Capital Partners Ltd., របស់លោក Mats Hartling មាន​៤០​ភាគរយ​។ ប៉ុន្តែ​ដល់​ថ្ងៃ​កំណ​ត់ទី​២៨ ខែធ្នូ ម្ចាស់​ភាគហ៊ុន​ថ្មី​មិនបាន​បង់ប្រាក់​ដោះស្រាយ​បំណុល​បន្ទាន់ ឡើយ​។​
 
​លោក Tadeusz Czerwiński ដែល​ត្រូវបានតែងតាំង​ជា​ប្រធាន​ថ្មី​របស់​ក្លិប Wisla Krakow បាន​អះអាងថា ដៃគូ​ថ្មី​មិនបាន​ផ្ទេរ​លុយ​តាម​ពេល​កំណត់ និង​បាត់​ទំនាក់ទំនង​គ្នា​។ តាម​ការផ្សាយ​របស់​កា​សែត​ប៉ូឡូញ sport.dziennik.pl ភរិយា​របស់លោក លី វណ្ណា បាន​ប្រាប់​ទៅ​លោក Czerwiński យ៉ាងខ្លី​ថា ស្វាមី​របស់ខ្លួន​ជួប​នូវ​បញ្ហា​សុខភាព​ក្នុង​ដំណើរ​លើ​យន្តហោះ​ទៅកាន់​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។​
 
​កន្លងមក សមាគម​កីឡា Wisla Sport Association បានប្រកាស​លក់​ក្លិប Wisla Krakow ដ៏​ចំណាស់​ក្នុង​ក្របខណ្ឌ​កំពូល​ប៉ូឡូញ Ekstraklasa ដើម្បី​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​។ ក្លិប​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩០៦ ហើយ​ធ្លាប់​ឈ្នះ​ជើងឯក​១៣​លើក ដោយ​លើកចុងក្រោយ​នៅ​ឆ្នាំ​២០១១​។ បរាជ័យ​ក្នុង​ការលក់​ចេញ​នេះ នាំ​ឲ្យ​ក្លិប​ប្រឈម​បាត់បង់​កីឡាករ បុគ្គលិក​សំខាន់ៗ​ជាច្រើន​បន្ថែមទៀត​៕
 

Tag:
 លី វណ្ណា​
  Wisla Krakow
© រក្សាសិទ្ធិដោយ thmeythmey.com