កីឡាអន្តរជាតិ
អន្តរជាតិ
Cazorla ស៊ុត២គ្រាប់ជួយ Villarreal ទៅតំបន់សុវត្ថិភាព តែធ្វើឲ្យ Real ខកចិត្ត
× Santi Cazorla បានបង្ហាញសម្ថភាពដ៏អស្ចារ្យដោយស៊ុតបាល់បញ្ចូលទីពីរគ្រាប់ម្នាក់ឯងដើម្បីជួយ Villarreal តាមស្មើ Real Madrid ក្នុងលទ្ធផល ២-២ នាការប្រកួតក្របខណ្ឌ La Liga នៅរាត្រីថ្ងៃទី៣ ខែមករា។ លទ្ធផលស្មើនេះបានធ្វើឲ្យ Real រិតតែមានគម្លាតឆ្ងាយពីគូប្រជែង Barcelona រហូត៧ពិន្ទុ។
Cazorla បានរកគ្រាប់បាល់ឲ្យម្ចាស់ផ្ទះ Villarreal នាំមុខ១គ្រាប់មុន នៅ៤នាទីដំបូង មុនពេល Karim Benzema និង Raphael Varane តែតម្នាក់១គ្រាប់ដើម្បីនាំ Real នាំមុខ ២-១ វិញក្នុងវគ្គទី១។
ចូលដល់វគ្គទី២ក្រុមទាំងពីរបានបន្តវាយសម្រុកគ្នាទៅវិញទៅមករហូតដល់នាទី៨២ ទើបអតីតសមាជិកក្រុម Arsenal ដដែលបានតែតក្បាលបញ្ចូលទីតាមរយៈការបញ្ជូនបាល់យ៉ាងល្អពីដៃគូតាមស្មើក្រុមភ្ញៀវវិញ។ ចប់ការប្រកួត Villarreal ស្មើ Real Madrid ២-២។
២គ្រាប់របស់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញវ័យ៣៤ឆ្នាំនេះ បានជួយ Villarreal គេចផុតពីតំបន់ត្រូវកាត់ចោលផងដែរ ដោយឡើងទៅឈរចំណាត់ថ្នាក់ទី១៧ ក្នុងតារាង La Liga សប្តាហ៍ទី១៧។
ដោយឡែក Real Madrid នៅឈរចំណាត់ថ្នាក់ទី៤ដដែល មាន៣០ពិន្ទុ ប៉ុន្តែមានគម្លាតកាន់តែឆ្ងាយពីក្រុមកំពូលតារាង Barcelona រហូត៧ពិន្ទុដែលធ្វើឲ្យពួកគេពិបាកនឹងប្រជែងពាន La Liga រដូវកាលនេះ។ ក្រុមលេខ២ Atletico Madrid មាន៣៤ពិន្ទុ តាមពីក្រោយដោយក្រុមលេខ៣ Sevilla មាន៣២ពិន្ទុ៕
Tag:
បាល់ទាត់
Santi Cazorla
Villarreal
© រក្សាសិទ្ធិដោយ thmeythmey.com