កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ទទួលបានពាន Globe Soccer Awards នៅឌូបៃ
× Cristiano Ronaldo បានទទួលពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ ២០១៨ (Globe Soccer Awards) ពីកម្មវិធីដែលរៀបចំឡើងក្នុងទីក្រុងឌូបៃ ប្រទេសអេមេរ៉ាតអារ៉ាប់រួម នៅយប់ថ្ងៃ៣ ខែមករា ឆ្នាំ២០១៩។
ខ្សែប្រយុទ្ធឆ្នើមរបស់ Juventus រូបនេះបានធ្វើដំណើរទៅចូលរួមព្រឹត្តិការណ៍នេះនៅឯសណ្ឋាគារលំដាប់ផ្តាយប្រាំ Madinat Jumeirah ជាមួយមិត្តស្រីនាង Georgina Rodriguez និងកូនប្រុស Cristiano Junior។
Ronaldo បានចាត់ទុកពាននេះជាកាដូឆ្នាំថ្មី ឆ្នាំ២០១៩របស់ខ្លួនតែម្តង។ «តើមានវិធីណាដែលល្អជាងនេះដើម្បីចាប់ផ្តើមឆ្នាំថ្មី។ អរគុណចំពោះការដឹងពីគុណតម្លៃ និងការយកចិត្តទុកដាក់ដែលខ្ញុំបានទទួលនៅថ្ងៃនេះ»។
អតីកីឡាករ Manchester United និង Real Madrid វ័យ៣៣ឆ្នាំរូបនេះ បានប្រជែងឈ្នះសមាជិកក្រុមជម្រើសជាតិបារាំងពីររូបគឺ Kylian Mbappe និង Antoine Griezmann ដើម្បីទទួលពានរង្វាន់ Globe Soccer Awards ជាលើកទី ៥ របស់ខ្លួនផងដែរ។
ដោយឡែក Didier Deschamps ជាប់ជាគ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំ២០១៨ (Best Coach of the Year) និងវីរបុរសប្រេស៊ីល Ronaldo ទទួលពានរង្វាន់ Player Career Award ហើយ Atletico Madrid ជាប់ជាក្លិបល្អបំផុតប្រចាំឆ្នាំ Best club of the year។
Globe Soccer Awards បានបង្កើតឡើងរយៈពេល១០ឆ្នាំមកហើយគិតទាំងលើកនេះ។ ពាននេះធ្វើឡើងដើម្បីអបអរសាទរដល់សមិទ្ធផលរបស់កីឡាករបាល់ទាត់ គ្រូបង្វឹក អ្នកគ្រប់គ្រងក្លិប និងភ្នាក់ងារកីឡាករក្នុងរយៈពេល១២ខែ៕
Tag:
បាល់ទាត់
Globe Soccer Awards
Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com