ជាតិ
សង្គមអន្តរជាតិ
អាយុ១០៧ឆ្នាំទៅហើយ លោកតា Anthony នៅតែបន្តអាជីពជាជាងកាត់សក់
×
លោកតា Anthony Mancinelli បានចាប់ផ្តើមអាជីពជាជាងកាត់សក់តាំងពីឆ្នាំ១៩២២មកម្ល៉េះ។ បច្ចុប្បន្នបុរសចំណាស់អាមេរិករូបនេះ មានវ័យដល់ទៅ១០៧ឆ្នាំ ប៉ុន្តែគាត់មិនដែលបោះបង់របរកាន់កន្ត្រៃចោលឡើយ។
មានដើមកំណើតអ៊ីតាលី លោក Anthony បានចាប់ផ្តើមរៀនយកអាជីពជាជាងកាត់សក់នៅអាមេរិក តាំងពីអាយុ១១ឆ្នាំ។ ៩៦ឆ្នាំក្រោយ លោកនៅតែបំពេញការងារដដែលនេះ នៅក្នុងហាងមួយតាមបណ្តោយផ្លូវមួយនៃក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
កើតក្នុងគ្រួសារដែលមានកូន៨នាក់ លោក Anthony បានរៀនយកអាជីពកាត់សក់តាំងពីក្មេងក្នុងគោលបំណងសម្រាលបន្ទុកឪពុកម្តាយរបស់ខ្លួន។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន RTL ដោយបុរសវ័យ១០៧ឆ្នាំរូបនេះ អះអាងថា ជាការងារដែលលោកធ្វើប្រកបដោយឆន្ទៈ។
VIDEO
លោកអាចកាត់សក់យកតាមម៉ូតគ្រប់សម័យកាលដែលខ្លួនបានឆ្លងកាត់ ជាពិសេសទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៨០ ដ៏ពេញនិយម។ ទោះបីជាលោកតាមមានវ័យចំណាស់ក៏ដោយ ប៉ុន្តែគាត់មានម៉ូយជាប្រចាំ។
បច្ចុប្បន្ន លោកតា Anthony មានសុខភាពល្អប្រសើរ ហើយលោកកាន់តែល្បីល្បាញបន្ថែមទៀតនៅក្នុងតំបន់ បន្ទាប់ពីសៀវភៅកំណត់ត្រាពិភពលោក Guinness World Records បានចុះឈ្មោះលោកក្នុងបញ្ជីក្នុងនាមជា «អ្នកកាត់សក់ដែលមានវ័យចំណាស់ជាងគេបំផុតលើពិភពលោក»៕
© រក្សាសិទ្ធិដោយ thmeythmey.com