អន្តរជាតិ
លោក ត្រាំ​៖​បើ​ប្រធានាធិបតី​អាមេរិក​មិនមែន​ខ្ញុំ ពេលនេះ​អាស៊ី​កំពុង​ធ្វើសង្គ្រាម​ទៅហើយ​
07, Jan 2019 , 10:39 am        
រូបភាព
​ទោះ​រំលង​ផុត​ជាង​៦​ខែ​ទៅហើយ​ក្ដី ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅតែ​មិន​ភ្លេច​ឡើយ​ជំនួប​ទល់មុខ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ហើយ​ចាត់ទុក​ព្រឹត្តិការណ៍​នោះ​ជា​ជោគជ័យ​ផ្នែក​ការទូត​មួយ​ផង​។ បើតាម​លោក ត្រាំ បើ​គ្មាន​ជំនួប​រវាង​លោក និង​លោក គីម នៅ​សិង្ហ​បុរី​ទេ តំបន់​អាស៊ី​នឹង​ស្ថិតក្នុង​សង្គ្រាម​នៅពេលនេះ​។ ទោះ​ជំនួប​ឆ្នាំ​២០១៨ មិនទាន់មាន​ផ្លែផ្កា​ក្ដី ភាគី​ទាំងពីរ​កំពុង​ស្ថិតក្នុង​ការចរចា​ដើម្បី​រៀបចំ​ជំនួប​លើក​ទី​ពីរ​ទៀត​។​

 
​ករ​ជួប​ទល់មុខ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ដែលជា​គូសត្រូវ​របស់​អាមេរិក គឺជា​សមិទ្ធផល​ការទូត​ដ៏​ធំ​មួយ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក្រោយ​ឡើងកាន់តំណែង​ផ្លូវការ​ក្នុង​ឆ្នាំ​២០១៧ ។ មនុស្ស​ជាច្រើន​មិន​គិតថា ជំនួប​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង អាច​កើតឡើង​បានឡើយ ប៉ុន្តែ​លោក ត្រាំ តែង​តែង​និយាយថា លោក​អាច​ធ្វើបាន​។ ដ្បិត​មិនមាន​លទ្ធផល​អ្វី​ធំដុំ​ក្រោយ​ជំនួប​នេះ លោក ត្រាំ លើកឡើងថា ជំនួប​នេះ​បាន​ជួយ​បញ្ចៀស​សង្គ្រាម​នៅ​តំបន់​អាស៊ី​។​
 
​ប្រាប់​អ្នកសារព័ត៌មាន​មុន​ឡើង​ឧទ្ធម្ភាគចក្រ​ទៅកាន់ Camp David នៅ​ថ្ងៃទី​៦ ខែមករា លោក ត្រាំ អះអាងថា បើសិនជា​អ្នកផ្សេង​មិនមែនជា​រូបលោក​ជា​អ្នកដឹកនាំ​អាមេរិក សង្គ្រាម​នៅ​អាស៊ី​កំពុងតែ​ផ្ទុះឡើង​ពេលនេះ​។ លោក​បន្តថា សង្គ្រាម​នៅ​អាស៊ី​ជាមួយ​កូរ៉េខាងជើង គឺជា​សមរភូមិ​ដ៏​ធំ​មួយ ប្រសិនបើ​លោក​មិន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ទេនោះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​តាមពិតទៅ មុន​ឈានដល់​ជំនួប​ខែមិថុនា ឆ្នាំ​២០១៨ លោក ត្រាំ និង​លោក គីម ក្នុង​ឆ្នាំ​២០១៧ បាន​ផ្លោង​សម្ដី​ដាក់គ្នា​ទៅវិញទៅមក ហើយ​បាន​គំរាម​កម្ទេច​ប្រទេស​គូប្រជែង​ឲ្យ​ខ្ទេចខ្ទាំ​ក្លាយជា​ផេះផង់​ទៅទៀត​។ កាលនោះ ពិភពលោក​ទាំងមូល​នាំគ្នា​បារម្ភ​ខ្លាំង ដ្បិត​មេដឹកនាំ​ទាំងពីរ​សុទ្ធតែជា​មនុស្ស​ពិបាក​ស្មាន​ពី​គោលជំហរ​ឲ្យ​ច្បាស់​។ មាន​ម្ដងនោះ លោក គីម និង​លោក ត្រាំ អួត​គ្នា​ពី​ប៊ូ​តុង​ចុច​បាញ់​នុយក្លេអ៊ែរ​ក្នុង​ការិយាល័យ​ទៀត​។​
 
​យ៉ាងណាមិញ ជំនួប​នៅ​សិង្ហ​បុរី គឺជា​ចំណុច​របត់​មួយ​របស់​ពិភពលោក ដោយ​អាមេរិក និង​កូរ៉េខាងជើង បាន​ព្រមព្រៀងគ្នា​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ទាំងស្រុង​។ ប៉ុន្តែ​មកទល់ពេលនេះ ដំណើរការ​លុបបំបាត់​នុយក្លេអ៊ែរ មិន​ទទួលបាន​លទ្ធផល​ដូច​ការគ្រោងទុក​ឡើយ ដ្បិត​ភាគី​ទាំងពីរ​នៅតែ​ប្រកាន់​ជំហរ​តឹងតែង និង​មិន​បានធ្វើ​សម្បទាន​គួរ​ឲ្យ​ទទួលយក​បានឡើយ​។ ខណៈ​កូរ៉េខាងជើង​បាន​បិទ​ទីតាំង​សាកល្បង និង​មជ្ឈមណ្ឌល​ខ្លះ​នោះ អាមេរិក​ចង់បាន​លើសពីនេះ​។​
 
​ស្របគ្នា​ការជាប់គាំង​នៅតែ​បន្ត ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង​កំពុងតែ​ស្ថិតក្នុង​ការចរចា​គ្នា​ដើម​ម្បី​រៀបចំ​ជំនួប​មេដឹកនាំ​លើក​ទី​ពីរ តែ​មិនទាន់​កំណត់​ពេលវេលា​ជាក់លាក់​នៅឡើយ ខណៈ​មន្ត្រី​វ៉ាស៊ីនតោន​ចង់​រៀបចំ​នៅ​ដើមឆ្នាំ​២០១៩ ។ ចំណែកឯ​លោក ត្រាំ វិញ បាន​បង្ហើប​ថា ភាគី​ទាំងពីរ​កំពុង​ជជែក​ពី​ទីតាំង​ត្រូវធ្វើ​ម្ចាស់ផ្ទះ​ជំនួប​លើក​ទី​ពីរ​នេះ ប៉ុន្តែ​មិនមែន​សិង្ហ​បុរី​ទៀតឡើយ​។ កន្លងមក វៀតណាម​បានបង្ហាញ​បំណង​រៀបចំ​ជំនួប​នេះ​៕

Tag:
 អាមេរិក​
  អាស៊ី​
  ដូ​ណា​ល់ ត្រាំ​
  កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com