អន្តរជាតិ
យោធា​«​ហ្កា​បុ​ង​»​ធ្វើ​រដ្ឋប្រហារ​ស្តា​ប្រជាធិបតេយ្យ ខណៈ​ប្រធានាធិបតី​កំពុង​ព្យាបាល​ជំងឺ​នៅ​បរទេស​
07, Jan 2019 , 3:26 pm        
រូបភាព
​យោធា​ហ្កា​បុ​ង​នៅ​ថ្ងៃទី​៧ ខែមករា បានធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពី​ប្រធានាធិបតី Ali Bongo ដែល​កំពុង​ព្យាបាល​ជំងឺ​នៅ​បរទេស​។ ក្នុងការ​ប្រកាស​តាម​វិទ្យុ​រដ្ឋ យោធា​ហ្កា​បុ​ង​បានបង្ហាញ​ការមិន​ពេញចិត្ត​របស់​ពួកគេ​ចំពោះ​សេចក្ដីថ្លែងការណ៍​ឆ្នាំ​ថ្មី​របស់លោក Bongo ដែល​អះអាងថា សុខភាព​របស់លោក​កំពុងតែ​ល្អប្រសើរ​ហើយ​។​

 
​សំឡេង​កាំភ្លើង បានឮ​សូរ​ក្នុង​រដ្ឋធានី​លី​ប្រី​វី​ល ហើយ​រថក្រោះ និង​រថយន្ត​កងទ័ព បាន​បើក​លើ​វិថី​នានា​ក្នុង​ទីក្រុង ខណៈ​ក្រុម​យោធា​បាន​ចូល​គ្រប់គ្រង​វិទ្យុ​រដ្ឋ​ដើម្បី​ប្រកាស​ពី​ការធ្វើ​រដ្ឋប្រហារ​។ ក្នុង​សេចក្ដី​ខ្លី​មួយ​នៅ​ថ្ងៃទី​៧ ខែមករា យោធា​ហ្កា​បុ​ង​បានប្រកាស​បង្កើត​ក្រុមប្រឹក្សា​ស្រោចស្រង់​ជាតិ ដែលមាន​គោលដៅ​ស្ដា​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋ​អាហ្វ្រិក​សម្បូរ​ប្រេង​មួយ​នេះ​។​
 
​បើតាម​សារព័ត៌មាន BBC ក្រុម​យោធា​ហ្កា​បុ​ង បាន​ឆ្លៀតឱកាស​ដណ្ដើម​អំណាច​ពី​ប្រធានាធិបតី Ali Gabon ដែល​កំពុងស្ថិត​ក្នុងប្រទេស​ម៉ា​រ៉ុ​ក​ដើម្បី​ព្យាបាល​ជំងឺ​។ អវត្តមាន​ពី​ប្រទេស​ជាង​ពីរ​ខែ លោក Bongo បាន​ចេញមុខ​បកស្រាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ឆ្នាំ​ថ្មី ដោយបាន​ទទួលស្គាល់​ពី​ការធ្លាក់ចុះ​សុខភាព​របស់លោក ប៉ុន្តែ​ស្ថានភាព​ជំងឺ​កំពុងតែ​ធូរស្រាល​។ ពេល​ថ្លែងការណ៍​នោះ លោក Bongo មាន​វ័យ​៥៩​ឆ្នាំ និយាយ​មិន​ច្បាស់ ហើយ​មិនបាន​កម្រើក​ដៃស្ដាំ​ទេ​។​
 
​ទោះជា​ប្រធានាធិបតី​រូបនេះ​បាន​ពន្យល់​ហើយ​ក្ដី យោធា​ហ្កា​បុ​ង​មិន​ពេញចិត្ត​ឡើយ តែ​បង្កើតជា​ការសង្ស័យ​កាន់តែខ្លាំង​ថែមទៀត​លើ​សមត្ថភាព​ដឹកនាំ​ប្រទេស​របស់លោក​។ ក្រុមគ្រួសារ​លោក Bongo បាន​គ្រប់គ្រង​ហ្កា​បុ​ង​ជាង​៥០​ឆ្នាំ​មកហើយ ដោយ​លោក Bongo ឡើងកាន់តំណែង​បន្ត​ពី​ឪពុក​របស់លោក Omar ដែល​ស្លាប់​ក្នុង​ឆ្នាំ​២០០៩ ។ ជ័យជម្នះ​ការបោះឆ្នោត​ឆ្នាំ​២០១៦ របស់លោក Bongo ពោរពេញ​ដោយ​ភាពមិនប្រក្រតី​ជាច្រើន និង​ការតវ៉ា​ហិង្សា​ដែរ​។​
 
​ដោយឡែក ក្រុម​យោធា​ដែល​ធ្វើ​រដ្ឋប្រហារ​វិញ ទំនងជា​ក្រុម​តូច​មួយ​ប៉ុណ្ណោះ​។ ក្រុម​នេះ​បាន​អំពាវនាវ​ឲ្យ​កងទ័ព​ដទៃទៀត​កាន់កាប់​ប្រព័ន្ធ​ដឹកជញ្ជូន អាកាសយានដ្ឋាន និង​ឃ្លាំង​អាវុធ​ដើម្បី​ភាពល្អប្រសើរ​របស់​ប្រទេស​៕ 
 

Tag:
 អាហ្វ្រិក​
  ហ្កា​បុ​ង​
  Ali Bongo
© រក្សាសិទ្ធិដោយ thmeythmey.com