កីឡាអន្តរជាតិ
អន្តរជាតិ
Real ខើចឱកាសដណ្តើមពាន La Liga ជាមួយ Barca ក្រោយចាញ់ Sociedad ២-០
× Real Madrid បានរងបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតដោយចាញ់ក្រុម Real Sociedad ក្នុងលទ្ធផល ២-០ នាការប្រកួតក្របខណ្ឌ La Liga និងជាជ័យជម្នះលើកដំបូងរបស់ Sociedad នៅឯកីឡដ្ឋាន Bernabeu ក្នុងរយៈពេល ១៥ ឆ្នាំចុក្រោយ។
ក្នុងទឹកដី Bernabeu នៅរាត្រីថ្ងៃទី៦ ខែមករា ក្រុមភ្ញៀវអាចរកគ្រាប់បាល់នាំមុខមុនដោយកីឡាករ Willian Jose តាំងពី៣នាទីដំបូងក្នុងវគ្គទី១។ Sociedad ដែលមាន១គ្រាប់នាំមុខ រិតតែមានប្រៀបបន្ថែមទៀតលើ Real បន្ទាប់ពី Lucas Vazquez បានកាតក្រហមក្រោយទទួលកាតលឿងទី២នៅនាទី៦១។ ការប្រកួតបានបន្តរហូតនាទី៨៣ កីឡាករ Ruben Pardo បានបន្ថែមគ្រាប់ទី២ឲ្យ Sociedad ដែលធ្វើឲ្យ Real បរាជ័យក្នុងដីខ្លួនឯងដោយលទ្ធផល ២-០។
Sociedad ទើបស្គាល់ជាតិឈ្នះនៅដី Real Madrid លើកដំបូងក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ ស្របពេលក្រុមម្ចាស់ជើងឯក Champions League ច្រើនជាងគេកំពុងធ្លាក់ទម្រងលេងគួរឲ្យកត់សម្គាល់ក្រោយការចាកចេញរបស់ Cristiano Ronaldo។
នេះជាបរាជ័យទី៦របស់ក្រុមរហស្សនាមស្តេចសសម្រាប់ការប្រកួតក្នុងលីគរដូវកាលនេះ ដែលនាំឲ្យពួកគេរិតថមថយឱកាសដើម្បីប្រជែងពាន La Liga ជាមួយគូប្រជែង Barcelona ដែលកំពុងនាំមុខរហូតដល់១០ពិន្ទុ។
ឆ្លងកាត់ការប្រកួត១៨លើកកន្លងមក ក្រុមរបស់លោក Santiago Solari ស្ថិតនៅចំណាត់ថ្នាក់ទី៥ក្នុងតារាង (តំបន់ត្រូវកាត់ចេញពី Champions League រដូវកាលក្រោយ) មាន ៣០ពិន្ទុ តាមពីក្រោយ Deportivo Alaves មួយពិន្ទុ Sevilla ៣ពិន្ទុ និង Atletico Madrid ចំនួន៥ពិន្ទុ។
Barcelona ដែលយកជ័យជម្នះលើ Getafe ២-១ កំពុងឈរនៅកំពូលតារាង La Liga របស់អេស្ប៉ាញមាន៤០ពិន្ទុក្រោយឆ្លងកាត់ការប្រកួត១៨លើកដូចគ្នា៕
Tag:
បាល់ទាត់
Real Madrid
La Liga
© រក្សាសិទ្ធិដោយ thmeythmey.com