អន្តរជាតិ
លោក គីម ជុង​អ៊ុន ទៅ​ចិន​លើក​ទី​៤ មុន​គម្រោង​នៃជំនួប​ជាមួយ​លោក ត្រាំ
08, Jan 2019 , 9:12 am        
រូបភាព
មេដឹកនាំកូរ៉េខាងជើងចាកចេញពីទីក្រុងព្យុងយ៉ាង។ (រូបភាព KCNA)
មេដឹកនាំកូរ៉េខាងជើងចាកចេញពីទីក្រុងព្យុងយ៉ាង។ (រូបភាព KCNA)
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន កំពុងស្ថិត​នៅឯ​រដ្ឋធានី​ប៉េកាំង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដើម្បី​ធ្វើ​ទស្សនកិច្ច​៤​ថ្ងៃ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​នៅ​ថ្ងៃទី​៨ ខែមករា​។ ដំណើរ​ទស្សនកិច្ច​លើក​ទី​៤ នេះ ធ្វើឡើង ខណៈពេលដែល​កូរ៉េខាងជើង កំពុង​ជជែក​គ្នា​ជាមួយ​អាមេរិក​ដើម្បី​រៀបចំ​ជំនួប​រវាង​លោក គីម និង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។

 
​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ទឹកដី​ចិន ចាប់ផ្ដើម​តាំងពី​ថ្ងៃទី​៧​មកម្ល៉េះ និង​បញ្ចប់​វិញ​នៅ​ថ្ងៃទី​១០ ខែមករា​។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់លោក គីម ទៅកាន់​ចិន​ក្នុង​ឆ្នាំ​២០១៩ តែ​ជំនួប​រវាង​លោក និង​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង គឺជា​ជំនួប​លើក​ទី​៤ ហើយ​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ផ្សាយ​ថា ទស្សនកិច្ច​របស់លោក គីម ធ្វើឡើង​តាម​ការអញ្ជើញ​របស់លោក ស៊ី ។​
 
​ក្នុង​ដំណើរ​លើក​នេះ មេដឹកនាំ​កូរ៉េខាងជើង​នាំ​ភរិយា​របស់ខ្លួន​លោកស្រី Ri Sol-ju ទៅជា​មួយ​ផងដែរ​។ លោក គីម យ៉ុង​ឈុ​ល មន្ត្រី​ទទួល​ការចរចា​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​, លោក រី យ៉ុង​ហូ ប្រមុខ​ការទូត​កូរ៉េខាងជើង និង​រដ្ឋមន្ត្រី​ការពារជាតិ ណូ ក្វាង​ឈុ​ល ក៏​ស្ថិត​ក្នុងចំណោម​ប្រតិភូ​កូរ៉េខាងជើង​ដែរ​។ ដូច​ដំណើរ​ទស្សនកិច្ច​នៅ​ប៉េកាំង​លើក​មុន​ដែរ មេដឹកនាំ​កូរ៉េខាងជើង និង​មន្ត្រី​អមដំណើរ បាន​ប្រើប្រាស់​រថភ្លើង​ពិសេស​ធ្វើដំណើរ​ពី​ទីក្រុង​ព្យុងយ៉ាង​។​
 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន និង​កូរ៉េខាងជើង មិនបាន​ផ្សាយ​អ្វី​ទាក់ទង​របៀបវារៈ​នៃ​ជំនួប​នេះ​ទេ​។ ប៉ុន្តែ​ជំនួប​នេះ ធ្វើឡើង​ស្របគ្នា​នឹង​ការជាប់គាំង​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ តែ​កើតឡើង​មុន​គម្រោង​ជំនួប​រវាង​លោក គីម និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ព្រមទាំង​ជំនួប​មេដឹកនាំ​អន្តរ​កូរ៉េ​ផង​។ លោក គីម និង​លោក ស៊ី បាន​ជួបគ្នា​ដល់​ទៅ​បី​លើក មុន​និង​ក្រោយ​ជំនួប​ប្រវត្តិសាស្ត្រ​ត្រាំ​-​គីម នៅ​សិង្ហ​បុរី​កាលពី​ឆ្នាំ​២០១៨ ។​
 
​បើតាម​និន្នាការ​បែបនេះ ជំនួប​នៅ​ប៉េកាំង ទំនងជា​ផ្ដល់​ក្ដីសង្ឃឹម​ថែមទៀត​ដល់​គម្រោង​ជួបគ្នា​រវាង​លោក គីម និង​លោក ត្រាំ ។ កាលពី​ចុង​សប្ដាហ៍​មុន លោក ត្រាំ អះអាងថា ក្រុង​ព្យុងយ៉ាង និង​ក្រុង​វ៉ាស៊ីនតោន កំពុង​ចរចា​គ្នា​ពី​ទីតាំង​ដែល​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួប​លើក​ទី​២ ខណៈ​ទីក្រុង​នៅ​អាស៊ី​ដូចជា បាងកក ហាណូយ និង​អ៊ូ​ឡង់​បា​ទ័​រ អាច​ជម្រើស​នាំមុខគេ​។​
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ដំណើរ​ទស្សនកិច្ច​រប​ស់លោក គីម ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​គំរាម​ដើរ​លើផ្លូវ​ផ្សេង បើ​អាមេរិក​នៅតែ​បន្ត​ដាក់ទណ្ឌកម្ម​លើ​ខ្លួន នៅពេល​ការចរចា​នុយក្លេអ៊ែរ​ជាប់គាំង​នោះ​។ ជាមួយនឹង​ការ​ទៅដល់​ក្រុង​ប៉េកាំង​៤​លើក​បែបនេះ ផ្លូវ​ថ្មី​ដែល​លោក គីម លើកឡើង អាចជា​ការ​ខិត​ទៅរក​ចិន​កាន់តែខ្លាំង​ឡើងវិញ​បន្ទាប់ពី​រអាក់រអួល​ខ្លះ​ដោយសារ​ការសាកល្បង​នុយក្លេអ៊ែរ ដែល​នេះ​ពិតជា​ធ្វើ​ឲ្យ​អាមេរិក​បារម្ភ​មិនតិច​ឡើយ​៕  

Tag:
 កូរ៉េខាងជើង​
  ចិន​
  អាមេរិក​
  គីម ជុង​អ៊ុន​
  ស៊ី ជិន​ភីង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com