អន្តរជាតិ
រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ប្រាប់​យោធា​ឲ្យ​កម្ទេច​ក្រុម​ឧទ្ទាម​នៅ Rakhine
08, Jan 2019 , 7:19 pm        
រូបភាព
​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​៧ ខែមករា បាន​ណែនាំ​ឲ្យ​យោធា​ធ្វើ​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ឧទ្ទាម ដែល​អុកឡុក​នៅ​រដ្ឋ Rakhine ។ ការណែនាំ​នេះ ធ្វើឡើង​ក្នុងជំនួប​កម្រ​រវាងរ​ដ្ឋា​ភិ​បាល​ស៊ីវិល និង​ក្រុម​ឧ​ត្ត​ម​សេនីយ៍​ដ៏​មាន​ឥទ្ធិពល​។ Rakhine ដែល​នៅ​ភាគ​ខាងលិច​មី​យ៉ាន់​ម៉ា បានក្លាយ​ទី​ប្រយុទ្ធ​រវាង​យោធា​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម Arakan Army នៅពេល​ថ្មីៗ​នេះ ដែល​ធ្វើ​ឲ្យ​បាត់​បង់ជីវិត​ទាំងសងខាង និង​ជន​ស៊ីវិល​រាប់ពាន់នាក់​ត្រូវ​ភៀសខ្លួន​។

 
​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា បាន​ជួប​ជាមួយ​មេទ័ព​កំពូលៗ​នៅ​ថ្ងៃទី​៧ ខែមករា ដើម្បី​ជជែក​ពី​សន្តិសុខ​ជាតិ និង​កិច្ចការបរទេស​។ ការប៉ះទង្គិច​រវាង​ក្រុម​ឧទ្ទាម Arakan Army និង​ក្រុម​យោធា​នៅឯ​រដ្ឋ Rakhine គឺជា​ប្រធានបទ​សំខាន់ ខណៈ​ការវាយប្រហារ​លើ​ប៉ុស្តិ៍​ប៉ូលិស​ចំនួន​៤ ពី​សំណាក់​ក្រុម​ឧទ្ទាម​សម្លាប់​ប៉ូលិស​១៣​នាក់ ហើយ​ប្រជាជន​ជាច្រើន​ក៏ត្រូវ​ចាកចោល​ផ្ទះសម្បែង​រក​ទី​សុវត្ថិភាព​ដូចជា​វត្ត​អារាម និង​ជំរំ​ភៀសខ្លួន​។​
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា Zaw Htay និយាយថា ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី ប្រធានាធិបតី វីន ម្ញី​ន និង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ដទៃទៀត បាន​ជួប​ជាមួយ​ក្រុម​មេទ័ព​ដែល​ដឹកនាំ​អគ្គមេបញ្ជាការ មីន អ៊ុង​ឡាំង ។ ក្នុងជំនួប​នេះ លោក Zaw Htay បញ្ជាក់ថា ការិយាល័យ​ប្រធានាធិបតី​ក៏​បង្គាប់​ឲ្យ​យោធា​ចាត់វិធានការ​ប្រឆាំង​ក្រុម Arakan Army ក្នុង​រដ្ឋ Rakhine តែម្ដង​។ 
 
​រដ្ឋ Rakhine ភាគ​លិច​នេះ ក៏​ជាទី​ដែល​ក្រុម​យោធា​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ក្រុម​ឧទ្ទាម​មួយទៀត ដែល​មកពី​សហគមន៍​មូស្លីម​តាំងពី​ឆ្នាំ​២០១៧ មក​។ ជនភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​រាប់សែន​នាក់ បាន​ភៀសខ្លួន​ទៅកាន់​បង់​ក្លា​ដែ​ស​ក្បែរ​ខាង​ដើម្បី​គេច​ពី​ការប្រយុទ្ធ​គ្នា​។ មន្ត្រី​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ​ខាងលើ​ក៏បាន​ចោទ​ក្រុម Arakan Army ដែល​មកពី​សហគមន៍​ពុទ្ធសាសនិក​ថា មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ឧទ្ទាម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​។​
 
Arakan Army គឺជា​ចលនា​ប្រដាប់អាវុធ​មួយ​ក្នុងចំណោម​ចលនា​ក្រុម​ភាគតិច​ជាច្រើន​នៅ​មី​យ៉ាន់​ម៉ា​។ ក្រុម​នេះ​ប្រយុទ្ធ​តស៊ូ​ដើម្បី​តាម​ទាមទារ​ស្វ័យភាព​កាន់តែ​ពី​រដ្ឋាភិបាល​សហភាព​មី​យ៉ាន់​ម៉ា​ក្នុង​រដ្ឋ Rakhine ។ ការ​ប៉ះ​ត​ង្គិ​ច​ជាមួយ​យោធា តែង​កើត​ឡើងជា​ញឹកញយ ខណៈ​រដ្ឋ​មួយ​នេះ​មិន​ស្ថិតក្នុង​បទ​ឈប់​បាញ់​ឯកតោភាគី​របស់​យោធា​មី​យ៉ាន់​ម៉ា​ឡើយ​។ សម្រាប់​ការវាយប្រហារ​លើ​ប៉ុស្តិ៍​កាលពី​សប្ដាហ៍​មុន ក្រុម​មួយ​នេះ​អះអាងថា យោធា​ប្រើ​ទីតាំង​ប៉ូលិស​ដើម្បី​វាយប្រហារ​ខ្លួន ទើប​ខ្លួន​សងសឹក​វិញ​។​
 
​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៩ Arakan Army បាន​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់ ហើយ​សព្វថ្ងៃនេះ​អាចមាន​ចំនួន​ខ្ទង់ពាន់​នាក់​ឯណោះ​។ យ៉ាងណាមិញ អ្នកនាំពាក្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បាន​ប្រាប់​ប្រជាជន​នៅ Rakhine កុំ​គាំទ្រ​ក្រុម​ឧ​ទ្ទា​មួយ​នេះ​ឲ្យ​សោះ​។ លោក Zaw Htay រំឭកថា​ឲ្យ​ប្រជាជន​គិតគូរ​ឲ្យ​វែង​ឆា្​យ​ពី​អនាគត​របស់​ពួកគេ និង​អនាគត​កូនចៅ​ជំនាន់​ក្រោយ​ផងដែរ​៕
 

Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី​
  Rakhine
© រក្សាសិទ្ធិដោយ thmeythmey.com