អន្តរជាតិ
លោក មូ​ន ចេ​អុី​ន ផ្លាស់ប្ដូរ​មន្ត្រី​ជំនិត ដើម្បី​ស្ដារ​ប្រជាប្រិយភាព​ដែល​ធ្លាក់ចុះ​
08, Jan 2019 , 8:19 pm        
រូបភាព
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អុី​ន នៅ​ថ្ងៃទី​៨ ខែមករា បាន​ផ្លាស់ប្ដូរ​មន្ត្រី​ជំនិតៗ​របស់ខ្លួន​ដែល​ចោម​ព័ទ្ធ​ដោយសារ​អាស្រូវ​លួច​តាមដាន​សកម្មភាព​ប្រជាជន​។ តំណែង​នាយខុទ្ទកាល័យ​ប្រធានាធិបតី និង​ទីប្រឹក្សា​ជាន់ខ្ពស់​ពីរ​ទៀត ត្រូវបាន​ជំនួស​ដោយ​អ្នកថ្មី​។ ការផ្លាស់ប្ដូរ​នេះ ធ្វើឡើង​ដើម្បី​បង្កើន​ប្រជាប្រិយភាព​ឡើងវិញ​ដ្បិត​កំពុង​ធ្លាក់ចុះ​ដោយសារ​រឿងអាស្រូវ​របស់​មន្ត្រី​ថ្នាក់ក្រោម​នេះ​បូករួម​នឹង​សេដ្ឋកិច្ច​មិន​សមប្រកប​ផង​នោះ​។​

 
​ក្នុង​សេចក្ដីប្រកាស​ថ្ងៃទី​៨ ខែមករា ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អុីន បាន​ដក​លោក Im Jong-seok ពី​តំណែង​នាយខុទ្ទកាល័យ​ប្រធានាធិបតី និង​ដាក់ជំនួស​វិញ​ដោយ​លោក Noh Young-min ជា​មនុស្ស​ជំនិត​លោក មូ​ន ផ្ទាល់ និង​ជា​អគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​ប៉េកាំង​។ ក្នុង​តំណែង​នាយខុទ្ទកាល័យ​ប្រធានាធិបតី លោក Noh ដែលជា​អតីត​តំណាងរាស្ត្រ​បី​អាណត្តិ គឺជា​មន្ត្រីជាន់ខ្ពស់​បំផុត​ក្នុង​វិមាន​ប្រធានាធិបតី Cheong Wa Dae ឬ​វិមាន​ខៀវ​។​
 
​ដោយឡែក លោក Yoon Do-han អ្នកសារព័ត៌មាន​មក​ពី​ទូរទស្សន៍ MBC ត្រូវបានតែងតាំង​ជា​លេខា​ផ្នែក​ព័ត៌មាន ហើយ​លោក Kang Gi-jung  អតីត​តំណាងរាស្ត្រ នឹង​កាន់តំណែង​ជា​លេខា​ជាន់ខ្ពស់​សម្រាប់​កិច្ចការ​នយោបាយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ដែល​បន្ថែមថា លោក Noh និង​លោក Kang ធ្វើការ​ក្នុង​ក្រុម​យុទ្ធនា​ការស្វែងរក​សំឡេងឆ្នោត​របស់លោក មូ​ន ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៧ ។​
 
​ការរុះរើ​មន្ត្រី​ជំនិតៗ​ប្រចាំ​វិមាន​ប្រធានាធិបតី​នេះ កើតឡើង​មុន​អាណត្តិ​លោក មូ​ន ឈានដល់​ឆ្នាំ​ទី​៣ នៃ​អាណត្តិ​៥​ឆ្នាំ​របស់លោក​។ យ៉ាងណាមិញ រដ្ឋបាល​លោក មូ​ន បាន​រង​រឿងអាស្រូវ​លួច​យក​ព័ត៌មាន​ពី​អតីតមន្ត្រី​រដ្ឋាភិបាល​មុន អ្នកនយោបាយ និង​ប្រជាជន​ធម្មតា​ផង​។ រឿងអាស្រូវ​នេះ ត្រូវបាន​ទម្លាយ​ដោយ​អតីតមន្ត្រី​ធ្វើការ​ក្នុង​វិមាន​ខៀវ ដែល​បាន​អះអាងថា ព័ត៌មាន​ដែល​ទទួលបាន​នោះ ត្រូវ​បញ្ជូនទៅ​ថ្នាក់លើ​កម្រិត​លោក Im ឯណោះ​។​
 
​វិមាន Cheong Wa Dae បាន​ទាត់ចោល​ព័ត៌មាន​នេះ ដោយ​លើកឡើងថា លោក មូ​ន មិនដែល​អនុញ្ញាត​ឲ្យ​មានការ​លួច​យក​ព័ត៌មាន​ដោយ​ខុសច្បាប់​ឡើយ ឯ​ព័ត៌មាន​អម្បាលម៉ាន​ដែល​លួចបាន ត្រូវបាន​បោះចោល​ដែរ​។ ទោះ​មានការ​បកស្រាយ​ក្ដី រឿងអាស្រូវ​នេះ បាន​ប៉ះពាល់​ប្រជាប្រិយភាព​លោក មូ​ន យ៉ាងខ្លាំង​។ ក្នុង​ស្ទង់​មតិ​ថ្មីៗ​នេះ ប្រជាប្រិយភាព​លោក មូ​ន ធ្លាក់​ដល់​កម្រិត​ទាប​មិន​ធ្លាប់មាន​ពោលគឺ​ដល់ ៤៥,៩​ភាគរយ មុននឹង​ឡើង​បន្តិច​មក​ត្រឹម​៤៦,៤​ភាគរយ​កាលពី​សប្ដាហ៍​មុន​។ 
 
​មិនមែន​តែ​រឿងអាស្រូវ​លួច​តាមដាន​ឡើយ បញ្ហា​សេដ្ឋកិច្ច​ក្នុងស្រុក ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​លោក មូ​ន ធ្លាក់ចុះ​ដែរ​។ ប្រជាជន​កូរ៉េខាងត្បូង​ជាច្រើន ខកចិត្ត​នឹង​នយោបាយ​សេដ្ឋកិច្ច​របស់​ប្រធានាធិបតី​រូបនេះ​។ ដោយសារ​បញ្ហា​សេដ្ឋកិច្ច​នេះ លោក មូ​ន បាន​ផ្លាស់ប្ដូរ​តំណែង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​មន្ត្រី​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​នាពេល​ថ្មីៗ​នេះដែរ​៕
 

Tag:
 កូរ៉េខាងត្បូង​
  មូ​ន ចេ​អុី​ន
© រក្សាសិទ្ធិដោយ thmeythmey.com