កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ មុនប៉ះអ៊ីរ៉ាក់ គ្រូវៀតណាមថា ក្រុមលោកអាចស៊ីក្រុមខ្លាំងទាំង៣បាន
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមនឹងបើកឆាកយុទ្ធនាការរបស់ពួកគេក្នុងព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ២០១៩ ដោយត្រូវតទល់ជាមួយអ៊ីរ៉ាក់ក្នុងពូល D នៅឯកីឡដ្ឋាន Zayed Sports City ក្នុងទីក្រុងអាប៊ុយដាប៊ី យប់ថ្ងៃទី៨ ខែមករា វេលាម៉ោង ៨:៣០នាទី [ម៉ោងនៅកម្ពុជា]។
ម្ចាស់ជើងឯកពានរង្វាន់ប្រចាំតំបន់អាស៊ានវៀតណាមត្រូវស្ថិតក្នុងពូលរួមគ្នាជាមួយអ៊ីរ៉ង់ អ៊ីរ៉ាក់និងយេម៉ែន សម្រាប់ព្រឹត្តិការណ៍ដណ្តើមពានតំបន់អាស៊ីដែលអេមីរ៉ាតអារ៉ាប់រួមដឹកនាំធ្វើម្ចាស់ផ្ទះ។
ថ្លែងក្នុងសន្និសីទកាសែតមុនការប្រកួតដំបូងនៅយប់នេះ គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម លោក Park Hang-seo បានបង្ហាញការជឿជាក់យ៉ាងមុតមាំថាកូនក្រុមរបស់លោកពិតជាអាចយកឈ្នះក្រុមខ្លាំងទាំងបីក្នុងការប្រកួតជម្រុះតាមពូលនេះបាន។
សកម្មភាពហ្វឹកហាត់របស់ជម្រើសជាតិវៀតណាមត្រៀមប៉ះអ៊ីរ៉ាក់
«ខ្ញុំគិតថាយើងស្ថិតក្នុងពូលដ៏ស្វិតស្វាញមួយដែលមានក្រុមប្រកួតប្រជែងខ្លាំងៗចំនួនបី ហើយអ៊ីរ៉ាក់នឹងជួបយើងដំបូងនៅថ្ងៃអង្គារនេះ។ ខ្ញុំជឿជាក់ថាវានឹងក្លាយជាការប្រកួតដ៏លំបាកសម្រាប់យើង ប៉ុន្តែក្រុមរបស់យើងត្រៀមរួចស្រេចសម្រាប់ការប្រកួតនេះ ដូច្នេះយើងនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីទទួលបានលទ្ធផលល្អ »។ នេះជាការបញ្ជាក់របស់គ្រូសញ្ជាតិកូរ៉េខាងត្បូង ដែលបាននាំក្រុមរហស្សនាមផ្កាយមាសលើកពាន AFF Suzuki Cup ឆ្នាំ ២០១៨ កាលពីខែធ្នូកន្លងទៅ។
Park វ័យ៦០ឆ្នាំ ធ្លាប់ទទួលបន្ទុកជួយក្រុម U-23 វៀតណាមដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC U-23 Championship ឆ្នាំ ២០១៨ និងជួយឲ្យពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៤ ក្នុងព្រឹត្តិការណ៍ Asian Games ឆ្នាំ ២០១៨ ដែលធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ីផងដែរ។
បន្ទាប់ពីគូនេះទៅ ក៏មានជំនួបរវាងអារ៉ាប៊ីសាអូឌីតទល់នឹងកូរ៉េខាងជើងមួយគូទៀតសម្រាប់វគ្គសន្សំពិន្ទុពូល E ដែលប្រព្រឹត្តទៅនៅម៉ោង១១យប់៕
Tag:
បាល់ទាត់
វៀតណាម
Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com