អន្តរជាតិ
ជម្លោះ​ពាណិជ្ជកម្ម​៖ ជំនួប​ចរចា​អាមេរិក​-​ចិន ឈានដល់​ថ្ងៃទី​៣, រំពឹង​មាន​លទ្ធផល​វិជ្ជមាន​
09, Jan 2019 , 10:45 am        
រូបភាព
​ជំនួប​ចរចា​រវាង​អាមេរិក និង​ចិន​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឈានទៅ​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម បាន​ឈានចូល​ថ្ងៃទី​បី​ហើយ​នៅ​ថ្ងៃទី​៩ ខែមករា ពោលគឺ​ច្រើនជាង​គម្រោង​ដើម​មួយថ្ងៃ​។ ការបន្ថែម​ពេល​ចរចា​មួយថ្ងៃ​ទៀត​នេះ ធ្វើ​ឲ្យ​មាន​ក្ដី​រំពឹងថា មហាអំណាច​ពិភពលោក​ទាំងពីរ ទំនងជា​សម្រេចបាន​ល​ទ្ធ​ផល​ដែល​ភាគី​នីមួយៗ​ទទួលយកបាន ឬ​កំពុង​ជជែក​គ្នា​លើ​បញ្ហា​រសើប​ខ្លះ​ដែល​ត្រូវការ​ពេល​ទៀត​។ សញ្ញា​វិជ្ជមាន​នេះ ក៏​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ​មួយ​ក្រឺត​ដែរ​។​

 
​ការចរចា​រវាង​មន្ត្រី​អាមេរិក និង​ចិន បាន​បន្ត​ដល់​យប់​ថ្ងៃទី​៨ ខែមករា ហើយ​ធ្វើឡើង​បន្តទៀត​នៅ​ថ្ងៃទី​៩ ខែមករា​។ នេះ​ជាការ​បញ្ជាក់​របស់​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​របស់​អាមេរិក​នៅ​ថ្ងៃទី​៨ ខែមករា​។ តាម​គម្រោង ជំនួប​នៅ​ទីក្រុង​ប៉េកាំង នឹង​បញ្ចប់​នៅ​ថ្ងៃទី​៨ ខែមករា ប៉ុន្តែ​ការពន្យារ​ពេលដែល​មិន​ប្រាប់​មុន​បែបនេះ អាចជា​សញ្ញា​ល្អ​សម្រាប់​ការចរចា​ដើម្បី​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​។​
 
​ជាការ​ពិត ការចរចា​ហួស​កាលបរិច្ឆេទ​កំណត់ មិនមែនជា​រឿង​មិនធម្មតា​ឡើយ​ក្នុង​ការចរចា ប៉ុន្តែ​សម្រាប់​ករណី​អាមេរិក និង​ចិន​នេះ វា​ជា​រឿង​វិជ្ជមាន​ដែល​ពិភពលោក​ចង់ឃើញ​។ តាំងពី​ថ្ងៃ​ដំបូង​នៃ​ការចរចា​មក​នោះ ភាគី​ទាំងពីរ​មិនសូវ​និយាយ​ច្រើន​ឡើយ​ទាក់ទង​ដំណើរការ​ជជែក​គ្នា​នេះ​។ ជាមួយនឹង​ការបន្ថែម​ថ្ងៃ​ចរចា​នេះ ដំណើរការ​ចរចា​ដែល​តឹងសរសៃក និង​ចូលរួម​ដោយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន អាចឈាន​ដល់​ការឯកភាព​គ្នា​លើ​បញ្ហា​ណាមួយ​មិន​ខាន​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters សញ្ញា​វិជ្ជមាន​ក្នុងការ​ចរចា​បាន​លេច​ឡើងលើ​ប្រធានបទ​សំខាន់ៗ​ជាច្រើន​ដូចជា ការបង្កើន​ការទិញ​ផលិតផល​កសិកម្ម និង​ថាមពល​របស់​អាមេរិក ក៏ដូចជា​ការអនុញ្ញាត​ឲ្យ​អាមេរិក​ចូល​ទីផ្សារ​ចិន​កាន់តែ​ទូលាយ​ផង​។ យ៉ាងណាមិញ សារព័ត៌មាន​រដ្ឋ​ចិន China Daily ផ្សាយ​នៅ​ថ្ងៃទី​៨ ខែមករា ថា ប៉េកាំង​ចង់​បញ្ចប់​បញ្ហា​ជាមួយ​អាមេរិក តែ​ខ្លួន​មិន​នឹងមិន​ធ្វើ​សម្បទាន​ដោយ​គ្មាន​ហេតុផល​ឡើយ ហើយ​ភាគី​ទាំងពីរ​ត្រូវតែ​សម្រប​តាម​គ្នា​ទៅមក​។​
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ តម្លៃ​ប្រេង​បាន​ឡើង​ក្រឺត​ក្នុង​ថ្ងៃទី​៩ ខែមករា ដែលជា​ថ្ងៃទី​បី​នៃ​ការចរចា​។  តម្លៃ​ប្រេង​ឆៅ​របស់ West Texas Intermediate បាន​កើន​លើស​៥០​ដុល្លារ​អាមេរិក​ក្នុង​មួយ​បារ៉ែល​ជា​លើកដំបូង​ក្នុង​ឆ្នាំ​២០១៩ គឺ​កើនឡើង​ចំនួន​០,៧​ភាគរយ​។ ចំណែក​តម្លៃ​ប្រេង​ឆៅ​របស់​International Brent កើន​ដល់​៥៩,១៤​ដុល្លារ​អាមេរិក​ក្នុង​មួយ​បារ៉ែល​ដែរ​។​
 
​សូមបញ្ជាក់ថា អាមេរិក និង​ចិន មាន​ពេល​ដល់​ថ្ងៃទី​២ ខែមីនា​ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​ណាមួយ​សំដៅ​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​របស់ខ្លួន​។ បើ​មិនអាច​សម្រេចបាន​តាម​កា​ល​បរិច្ឆេទ​ដែល​ឯកភាព​ដោយ​មេដឹកនាំ​ទាំងពីរ​កាលពី​ជំនួប​នៅ​អា​ហ្ស​ង់​ទីន​ទេនោះ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​ហើយ​ថា អាមេរិក​នឹង​ដំឡើង​ពន្ធ​នាំចូល​ពី​១០​ភាគរយ​ទៅកាន់​២៥​ភាគរយ​លើ​ទំនិញ​តម្លៃ​២០០​ពាន់​ដុល្លារ​របស់​ចិន​៕
 

Tag:
 ​អាមេរិក​
  ចិន​
  ជម្លោះ​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com