អេហ្ស៊ីបនឹងដឹកនាំរៀបចំការប្រកួតពានរង្វាន់កីឡាបាល់ទាត់ទ្វីបអាហ្វ្រិកឆ្នាំ ២០១៩ African Nations Cup ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៣ ខែកក្កដាខាងមុខនេះ បន្ទាប់ពីកាមេរូនបានសម្រេចដកខ្លួនចេញក្នុងនាមជាម្ចាស់ផ្ទះ។ នេះបើតាមការប្រកាសរបស់ប្រធានសហព័ន្ធកីឡាបាល់ទាត់អាហ្វ្រិក (CAF) លោក Ahmad Ahmad នៅថ្ងៃទី៨ ខែមករា។
គណៈកម្មាធិការប្រតិបត្តិរបស់ CAF បានផ្តល់ការទុកចិត្តទៅលើអេហ្ស៊ីប ជាជាងអាហ្វ្រិកខាងត្បូងដើម្បីដឹកនាំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំតំបន់អាហ្វ្រិកនេះជំនួសតំណែងកាមេរូនដែលប្រកាសដកខ្លួនចេញវិញ។
តាមពិតទៅម៉ារុកឯណោះទេដែលត្រូវស្នងតំណែងនេះពីកាមេរូន ប៉ុន្តែពួកគេមិនមានចំណាប់អារម្មណ៍ដឹកនាំធ្វើម្ចាស់ផ្ទះពាននេះឡើយ។
នេះគឺជាលើកទី៥ ហើយសម្រាប់អេហ្ស៊ីបដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះពាន Cup of Nations ដោយក្នុងនោះពួកគេដឹកនាំលើកដំបូងក្នុងឆ្នាំ ១៩៥៩ (កាលនៅជាសាធារណរដ្ឋអារ៉ាប់រួម), ១៩៧៤, ១៩៨៦ និងចុងក្រោយ ២០០៦។
អេហ្ស៊ីបជាក្រុមដែលគ្រងពាននេះច្រើនជាងគេរហូតដល់៧ដង (១៩៥៧, ១៩៥៩, ១៩៨៦, ១៩៩៨, ២០០៦, ២០០៨, ២០១០) តាមពីក្រោយដោយកាមេរូន៥ដង (១៩៨៤, ១៩៨៨, ២០០០, ២០០២, ២០១៧), ហ្គាណា៤ដង (១៩៦៣, ១៩៦៥, ១៩៧៨, ១៩៨២), នីហ្សេរីយ៉ា៣ដង (១៩៨០, ១៩៩៤, ២០១៣) ហើយ កូដឌីវ័រ និងកុងហ្គោ ឈ្នះ២លើកម្នាក់។
សូមបញ្ជាក់ថា African Cup of Nations ឆ្នាំ២០១៩ និងជាលើកទី៣២នេះ ក៏នឹងបន្ថែមក្រុមពី១៦ ទៅ២៤ក្រុមជាលើកដំបូងផងដែរ៕