កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយដេញគ្រូ ថៃអាចរកបាន៣ពិន្ទុដោយយកឈ្នះបារ៉ែន ១-០ រូបភាពពី AFC Asian Cup
× ខ្សែបម្រើឆ្នើម Chanathip Songkrasin ឬ Messi Jay ជាអ្នកស៊ុតបាល់ជ័យជម្នះឲ្យក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃយកឈ្នះបារ៉ែនក្នុងលទ្ធផល ១-០ នាការប្រកួតវគ្គជម្រុះពូល A ពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩។
Messi Jay ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លិប Hokkaido Consadole Sapporo នៃលីគកំពូលជប៉ុនបានក្លាយជាវីរបុរសបន្ទាប់ពីសម្រេចទីមួយគ្រាប់ឲ្យថៃនៅនាទី៥៨ដើម្បីជួយប្រទេសនេះទទួលបាន៣ពិន្ទុ។
នេះជាជ័យលើកដំបូងរបស់ក្រុមរហស្សនាមដំរីក្នុងជំនួបពីរលើកចុងក្រោយ ដែលការប្រកួតលើកដំបូងពួកគេបានចាញ់ឥណ្ឌាយ៉ាងចាស់ដៃដល់ទៅ ៤-១ រហូតធ្វើឲ្យសហព័ន្ធកីឡាបាល់ទាត់ថៃបណ្តេញគ្រូបង្វឹកលោក Milovan Rajevac ចេញពីតំណែងភ្លាមៗទៀតផង។
៣ពិន្ទុរបស់ថៃដែលដឹកនាំដោយគ្រូជំនួយលោក Choketawee Promrat ជាទន់ដ៏សំខាន់ក្នុងការប្រជែងកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ដែលត្រូវជួបម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួមសម្រាប់ជំនួបចុងក្រោយពូល A នេះ។
ថៃឡើងទៅឈរចំណាត់ថ្នាក់ទី២បណ្តោះអាសន្ន ដោយត្រូវរង់ចាំលទ្ធផលរវាងអេមីរ៉ាតអារ៉ាប់រួមជាមួយឥណ្ឌាដែលនឹងត្រូវប៉ះគ្នានៅយប់នេះម៉ោង១១:០០៕
© រក្សាសិទ្ធិដោយ thmeythmey.com