ក្រុមកីឡាបាល់ទាត់ជម្រើសជាតិហ្សកដានីបានសិទ្ធិទៅកាន់វគ្គ១/៨ផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិបន្ទាប់ពីយកឈ្នះស៊ីរី ២-០ និងជាជ័យជម្នះលើកទី២ក្នុងការប្រកួតវគ្គជម្រុះពូល B នៃពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ នៅយប់ថ្ងៃទី១០ ខែមករា។ ចំណែកម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួមដែលស្ថតិក្នុងពូល A ក៏រកបានជ័យជម្នះដំបូងរបស់ខ្លួនដោយការផ្តួលឥណ្ឌាក្នុងលទ្ធផល ២-០ ផងដែរ។
ឆ្លងកាត់ពីរប្រកួតហ្សកដានីអាចរកបាន៦ពិន្ទុពីការប្រកួតពីលើកដោយនាំមុខគេដាច់ក្នុងពូល B តាមពីក្រោយដោយប៉ាឡេស្ទីន និងស៊ីរីដែលមាន១ពិន្ទុដូចគ្នា ហើយអូស្ត្រាលីនៅបាតតារាងមានសូន្យពិន្ទុ។ ប៉ុន្តែក្រុមការពារជើងឯកអូស្ត្រាលីនឹងត្រូវតទល់ជាមួយប៉ាឡេស្ទីននាជំនួបជើងទី២នៅថ្ងៃទី១១ ខែមករានេះ។
ដូច្នេះហ្សកដានីបានកក់កៅអីទៅកាន់វគ្គបន្តហើយ ខណៈប៉ាឡេស្ទីន ស៊ីរី និងអូស្ត្រាលីត្រូវប្រជែងគ្នាយកចំណាត់ថ្នាក់លេខពីរក្នុងពូល B នេះ ឬលេខ៣ល្អបំផុត។
ចំណែកម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួមក៏ទទួលជ័យជម្នះរបស់ខ្លួនផងដែរនាការប្រកួតលើកទីពីរនេះដោយយកឈ្នះឥណ្ឌដោយលទ្ធផល ២-០។ លទ្ធផលនេះបាននាំឲ្យម្ចាស់ផ្ទះឡើងទៅឈរកំពូលតារាងពូល A បណ្តោះអាសន្នវិញដោយមាន៤ពិន្ទុ។ ថៃដែលរកបាន៣ពិន្ទុដោយការយកឈ្នះបារ៉ែន ១-០ ស្ថិតនៅលេងរៀងទី៣ តាមពីក្រោយឥណ្ឌាដ្បិតមានគ្រាប់បាល់បញ្ចូលល្អជាង ខណៈបារ៉ែនមាន១ពិន្ទុនៅបាតតារាង។
យ៉ាងណាក៏ដោយក្នុងពូល A នេះក្រុមទាំង៤សុទ្ធតែនៅមានលទ្ធភាពដើម្បីប្រជែងគ្នាទៅវគ្គបន្តដោយត្រូវកាត់សេច្ចក្តីនាជំនួបចុងក្រោយនៃវគ្គជម្រុះតាមពូលក្នុងព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីលើកទី១៧នេះ៕