ជាតិ
សេដ្ឋកិច្ច
AMRO ថា​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន ៧,២ ភាគរយ​ឆ្នាំ​២០១៨ និង ៧,១ ភាគរយ​ឆ្នាំ​២០១៩
12, Jan 2019 , 10:44 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​បី (AMRO) បាន​អះអាងថា សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​២០១៨​មាន​កំណើន​ក្នុង​អត្រា ៧,២​ភាគរយ ហើយ​រក្សា​ភាពរឹងមាំ​នេះ​ដល់​ឆ្នាំ​២០១៩ ដែល​នឹងមាន​កំណើន ៧,១​ភាគរយ​។ អត្រា​តាម​ការព្យាករណ៍​នេះ គឺ​ខ្ពស់ជាង​ឆ្នាំ​២០១៧ ដែលមាន​កំណើនសេដ្ឋកិច្ច ៧​ភាគរយ​។



​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់ AMRO ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១១​ខែមករា កម្ពុជា​រក្សា​កំណើនសេដ្ឋកិច្ច​រឹងមាំ​ល្អ​នៅ​ឆ្នាំ​២០១៨ ដោយសារ​កំណើន​នាំចេញ​កាន់​តែមាន​សន្ទុះ កំណើន​ភ្ញៀវទេសចរ និង​កំណើន​តម្រូវការ​ក្នុងស្រុក ជាពិសេស​ការពង្រីក​ចំណាយ និង​វិនិយោគ​របស់​រដ្ឋាភិបាល​។​
 
​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) បន្ត​មាន​លំហូរ​រឹងមាំ​។ ទុនបម្រុង​អន្តរជាតិ​មាន​ក្នុង​រង្វង់ ១០​ពាន់​លាន​ក្នុង​បំណាច់​ឆ្នាំ​២០១៨ ដែល​អាច​ធានា​ការ​នាំចូល​ទំនិញ ក្នុង​រយៈពេល ៦​ខែ​។​
​របាយការណ៍​ខាងលើនេះ បញ្ជាក់​ផងដែរ​អំពី​ហានិភ័យ​ខាងក្រៅ​ទាក់ទង​នឹង​ការពិចារណា​ដក​ប្រព័ន្ធ​អនុគ្រោះ EBA របស់​សហភាព​អឺរ៉ុប (EU) និង​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង EU និង​ប្រទេស​វៀតណាម ដែល​គំរាមកំហែង​ដល់​លទ្ធភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។ 
 
​ហានិភ័យ​របស់​វិស័យ​ហិរញ្ញវត្ថុ ក៏ត្រូវ​បានបង្ហាញ​ក្នុង​របាយការណ៍​នេះ​ផងដែរ​។ កំណើន​ឥណទាន​ទូទៅ​បាន​ថមថយ ដែល​សញ្ញា​ល្អ ប៉ុន្តែ​លំហូរ​ឥណទាន​នេះ​សម្រាប់​វិស័យ​សំណង់ និង​អចលនទ្រព្យ នៅតែ​ស្ថិតក្នុង​អត្រា​ខ្ពស់​។​
 
AMRO បានផ្ដល់​អនុសាសន៍​ថា កម្ពុជា​ត្រូវ​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់ខ្លួន​សម្រាប់​រក្សា​កំណើន​រឹងមាំ​ក្នុង​រយៈពេល​មធ្យម​។ កម្ពុជា​ត្រូវ​កែលម្អ លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ ភស្ដុភា ធនធានមនុស្ស​-​ពលកម្ម​ជំនាញ ពង្រឹង​ស្ថាប័ន ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​សម្រួល​នីតិវិធី​ធ្វើ​អាជីវកម្ម​ជាដើម​៕

© រក្សាសិទ្ធិដោយ thmeythmey.com