ជាតិ
សង្គមជាតិ
ក្រសួង​វប្បធម៌ រៀបចំ​ចុះបញ្ជី​អ្នកស្លាប់ ក្នុងសម័យ​ខ្មែរក្រហម ដើម្បី​ទុកជា​ភស្តុតាង​
12, Jan 2019 , 10:59 pm        
រូបភាព
រូបភាព​ពី​ទី​ភ្នាក់ងារ​សារព័ត៌មាន​​កម្ពុជា
រូបភាព​ពី​ទី​ភ្នាក់ងារ​សារព័ត៌មាន​​កម្ពុជា
ដោយ:
​ភ្នំពេញ​៖ សាកសព​ផ្សេងៗ​នៅ​ទូទាំងប្រទេស ដែល​ស្លាប់​ក្នុងសម័យ​ខ្មែរក្រហម ហើយ​ត្រូវបាន​អ្នកជំនាញ​រកឃើញ ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រៀប​ចុះបញ្ជី សម្រាប់​ទុកជា​ភស្តុតាង និង​ឯកសារ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ កុំ​ឲ្យ​បំភ្លេច​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​មួយ​នេះ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ដែល​បាន​ស្រង់​សម្តី​របស់លោក វឿន វុទ្ធី ប្រធាន​នាយកដ្ឋាន​បុរាណវិទ្យា និង​បុ​រេ​ប្រ​វ​តិ្ត​វិទ្យា នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទៅ​ចុះផ្សាយ​។



​លោក វឿន វុទ្ធី បាន​លើកឡើងថា ការអភិរក្ស​នេះ គឺ​ដើម្បី​រក្សា​ទុកជា​ភស្តុតាង​ជូន​ជនរងគ្រោះ​ទាំងអស់ និង​ទុក​ជូន​ដល់​ប្រជាជន​មួយចំនួន​តូច ដែលមាន​មតិផ្ទុយ​។ លោក បន្តថា រហូតមកដល់​ពេលនេះ នាយកដ្ឋាន​បុរាណវិទ្យា និង​បុរេប្រវត្តិ​វិទ្យា បានបញ្ចប់​គម្រោង​អភិរក្ស​អដ្ឋិធាតុ​ជនរងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ នៅក្នុង​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ក្នុង​រាជធានី​ភ្នំពេញ ប្រកបដោយ​ជោគជ័យ​ហើយ​។​
 
​ប្រធាន​នាយក​រដ្ឋា​ន​រូបនេះ បន្ថែមថា គម្រោង​អភិរក្ស​មួយ​នេះ មាន​លក្ខណៈ​វិទ្យាសាស្ត្រ ដែល​ត្រូវបាន​អនុវត្ត​ដោយ​បុរាណ​វិទូ​ខ្មែរ និង​យក​រូបមន្ត​បច្ចេកទេស​ពី​បរទេស ដើម្បី​ថែរក្សា​អដ្ឋិធាតុ​ទាំងនោះ ឲ្យ​មាន​អាយុកាល​យូរអង្វែង និង​មានតម្លៃ​សម្រាប់​ជា​ប្រវត្តិសាស្ត្រ​កម្ពុជា​តទៅ​អនាគត​។​
 
​គិត​ត្រឹម​ដើមឆ្នាំ​២០១៩​នេះ នាយកដ្ឋាន​បុរាណវិទ្យា និង​បុរេប្រវត្តិ​វិទ្យា នៃ​ក្រសួង​វប្បធម៌ បាន​អភិរក្ស​និង​ចុះបញ្ជី​សាកសព​ជនរងគ្រោះ (​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​) បាន​ជាង​១០​ម៉ឺន​អ​ដិ្ឋ​ធាតុ និង​ផ្នូរ​សាកសព​រួម នៅតាម​ទីតាំង​វាល ពិឃាត នៅ​ទូទាំងប្រទេស គឺមាន​ជិត​២០០​ផ្នូរ​សាកសព​រួម​ផងដែរ​៕
 
 

Tag:
 សាកសព​
 ​ប៉ុលពត
© រក្សាសិទ្ធិដោយ thmeythmey.com