ជាតិ
អ្វី​ជា​ថ្នាំពុល​ធម្មជាតិ​?
13, Jan 2019 , 4:59 pm        
រូបភាព
​ភ្នំពេញ​៖ ថ្នាំពុល​ធម្មជាតិ គឺ​ការប្រើ​សារធាតុ​ផ្សំ​ពី​រុក្ខជាតិ ឬ​វត្ថុធាតុដើម​តាមបែប​ធម្មជាតិ ដែល​មិន​ប្រឈម​គ្រោះថ្នាក់​ដល់​សុខភាព​ទាំង​អ្នក​ផលិត និង​អ្នក​បរិភោគ​។ សារធាតុពុល​ពី​ធម្មជាតិ មាន​សារធាតុ​ក្រពុល ដូចជា ស្លឹក​ទាបបាយ ស្លឹក​ទាបបារាំង ស្លឹកគ្រៃ ស្លឹក​ក​ន្តួ​ត​, សារធាតុ​ល្វីង ដូចជា ស្ដៅ បណ្ដូល​ពេជ្រ គ្រាប់​ស្លែង និង​សារធាតុ​ហឹរ មានដូចជា ម្ទេស ខ្ញី រំដេង​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក វង្ស សាវឿន ជា​អ្នកសម្របសម្រួល​សហគម​ន៍​របស់​អង្គការ​សេ​ដាក​។​



​យើង​អាច​យក​សារធាតុ​ដែលមាន​ខាងលើ​មក​លាយ​បញ្ចូល​គ្នា និង​ត្រាំ​ជាមួយ​ទឹក​រយៈពេល​១៥​ទៅ​១​ខែ ។ បន្ទាប់​រយៈពេល​ប្រមាណ​ជាង​មួយខែ​មក វា​ក៏​ក្លាយទៅជា​ទឹក​ថ្នាំពុល​បែប​ធម្មជាតិ​។ របៀប​នៃ​ការប្រើប្រាស់​យើង​អាច​យក​ទឹក​ថ្នាំពុល​ធម្មជាតិ​១​លីត្រ លាយ​ជាមួយ​ទឹក​ធម្មតា ១០​លីត្រ​។ សម្រាប់​ការប្រើ​ទៅលើ​ដំ​ដាំ យើង​អាច​យកទៅ​ស្រោច​ជាមួយរ​ក្ខ​ជាតិ ដំណាំ បន្លែ ហើយ​ពេលដែល​ល្អ​គួរ​ស្រោច​នៅពេល​ល្ងាច​ទើប​មាន​ប្រសិទ្ធិភាព ព្រោះ​ស្វត​ល្អិត ឬ​កត្តា​ស្វត​ចង្រៃ​ភាគច្រើន​ចេញមក​នៅពេល​យប់​។​
 
​ក្នុងការ​ស្រោច​នេះ កសិករ​គួរតែ​ប្រើ​ម៉ាស​ពាក់​មុខ ស្រោមដៃ​ស្រោមជើង​ដើម្បី​ការពារ​កុំ​ឲ្យ​រង​ឬ​ប៉ះ​ជាមួយ​សារធាតុពុល​ព្រោះ​អាច​នឹងធ្វើ​ឲ្យ​រមាស់​។ ថ្នាំពុល​ធម្មជាតិ​អាច​រក្សាទុក​បាន​រហូត​ពី​ប្រាំ​មួយខែ​ដល់​មួយឆ្នាំ បើ​ទុក​យូរ​លើសពីនេះ នឹង​ក្លាយជា​ជី​ទឹក​វិញ​ម្ដង​។ ការចំណាយ​លើ​ការផលិត​ថ្នាំពុល​ធម្មជាតិ មិន​ប្រើ​ថវិកា​ច្រើន​ទេ ព្រោះ​អាច​ប្រើ​វត្ថុធាតុដើម​ដែលមាន​នៅក្នុង​សហគមន៍​។ 
 
​លោក វង្ស សាវឿន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ថ្នាំពុល​ធម្មជាតិ និង​ថ្នាំពុល​គីមី​មាន​កម្រិត​ពុល​ខុសគ្នា ខណៈដែល​ប្រជាជន​មួយចំនួន​មិនទាន់បាន​យល់ដឹង​ច្បាស់​ពី​ផលប៉ះពាល់​កម្រិតណា​នៅឡើយ​។ លោក​បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖«​ថ្នាំពុល​ធម្មជាតិ​មិន​បង្ក​ការ​ប្រឈម​ដល់​អាយុជីវិត​នោះទេ ប៉ុន្តែ​ដោយឡែក​ថ្នាំពុល​គីមី​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ហើយ​បង្ក​ជំងឺ​រ៉ាំរ៉ៃ​ដល់​សា​ពា​ង្គ​កាយ ដែល​អាច​ប៉ះពាល់​អាយុជីវិត​មនុស្ស ស្វត រុក្ខជាតិ និង​បរិស្ថាន​ទៀតផង​»​។​
 
​ជាមួយគ្នានេះដែរ លោក វង្ស សាវឿន បានស្នើ​ដល់​រដ្ឋាភិបាល និង​អង្គ​ការដែល​ពាក់ព័ន្ធ ចូលរួម​ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ឲ្យ​យល់ដឹង​កាន់តែ​ទូលំទូលាយ​អំពី​ថ្នាំពុល​ធម្មជាតិ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំពុល​គីមី​៕

© រក្សាសិទ្ធិដោយ thmeythmey.com