ជាតិ
តារាល្បីៗ
ធ្លាប់បរាជ័យជីវិតគូ លោក ទេព រិនដារ៉ូ រអាស្នេហាថ្មី
× ភ្នំពេញ៖ ក្រោយពីចែកផ្លូវជាមួយភរិយាអស់រយៈពេលដ៏យូរមកហើយ លោក ទេព រិនដារ៉ូ សារភាពថា លោកធ្លាប់ព្យាយាមមានទំនាក់ទំនងស្នេហាជាមួយនារីផ្សេងដែរ ប៉ុន្តែលទ្ធផលមិនសមប្រកបសោះ ដោយសារការប្រច័ណ្ឌច្រើន ដែលធ្វើឱ្យលោកយល់ថាកាន់តែមានគំនាប។
មិនត្រឹមតែមានទេពកោសល្យក្នុងការសម្តែងនោះទេ តារាភាពយន្តដែលគ្រងតំណែងតួឯកប្រមាណ២ទសវត្សរ៍រូបនេះ ក៏តែងក៏ត្រូវបានមហាជន,អ្នកដឹកនាំរឿង និងតារាភាពយន្តផ្សេងសរសើរថា ជាតារាមិនប្រកាន់ខ្លួនផងដែរ។ ជីវិតសិល្បៈហាក់ជោគជ័យត្រចះត្រចង់ តែជីវិតស្នេហាវិញ ផ្ទុយស្រឡះ សម្រាប់លោក ទេព រិនដារ៉ូ។
ធ្លាប់រៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៨៧ ប៉ុន្តែក៏បែកបាក់គ្នាវិញ។ រហូតមកដល់ពេលបច្ចុប្បន្ន តារាភាពយន្តកូនមួយរូបនេះ នៅមិនទាន់រកឃើញនារីណាម្នាក់ ដែលអាចដើររួមផ្លូវជីវិតជាមួយខ្លួនឡើយ។ មិនមែនលោកមិនធ្លាប់សម្លឹងមើលនារីណាមួយជាស្នេហាថ្មី ក្រោយបែកពីភរិយាឡើយ តែពេលមើលចិត្តគ្នាយូរទៅ រឹតតែធ្វើឱ្យលោករអាក្នុងការមានស្នេហា។
តារាភាពយន្តដែលត្រូវជាបងប្អូនជីទួតមួយ ជាមួយតារាល្បីនាទសវត្សរ៍ទី៦០លោក គង់ សំអឿន រូបនេះបានផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗថា ក្នុងដំណាក់កាលមើលចិត្តថ្លើមជាមួយនារីមួយចំនួន លោកបានឃើញថាខ្លួនហាក់មានអារម្មណ៍តានតឹង ព្រោះតែការប្រច័ណ្ឌខ្លាំងពេក។ លោក ទេព រិនដារ៉ូ បញ្ជាក់បន្ថែមដូច្នេះ៖ «ពេលដែលប្រច័ណ្ឌខ្លាំងពេកធ្វើឱ្យបុរសគេមានអារម្មណ៍ថាតឹងទៅវិញទេ ទៅជាឱ្យគេមិនចង់ចូលផ្ទះវិញ។ គួរតែផ្ដល់សេរីភាពឱ្យគេខ្លះ មិនមែនឱ្យបណ្ដោយរហូត គេទៅមានថ្មីទេ។ បុរសផ្សេងខ្ញុំមិនដឹងទេ តែខ្ញុំគឺជាអ្នកសម្ដែងអីចឹង តែងតែមានរឿងស្នេហាមនោសញ្ចេតនា។ ដល់តែតឹងពេក វាប៉ះពាល់ការងារ ហើយការសម្ដែងនេះ ខ្ញុំស្រឡាញ់ស្មើជីវិត»។
ដោយសារតែតារាភាពយន្តរូបនេះ ធ្លាប់បែកបាក់គ្រួសារ ទើបលោកបានឃើញចំណុចមួយចំនួន ដែលអាចធ្វើឱ្យស្នេហាងាយជួបផ្លូវបំបែក។ អាពាហ៍ពិពាហ៍របស់លោក ទេព រិនដារ៉ូ កើតឡើងដោយការរៀបចំពីចាស់ទុំ ដោយស្វាមីភរិយាមួយគូនេះ មិនបានស្គាល់គ្នាពីមុនមកសោះ។ អនុស្សាវរីយ៍ល្អៗសាងរួមគ្នាមិនមាន ការសិក្សាស្វែងយល់ចិត្តគ្នាក៏មិនមានច្រើន ជាកត្តានាំឱ្យពេលមានបញ្ហា ងាយបែកមិនអាល័យ។ លោកបានបន្ថែមយ៉ាងដូច្នេះ៖«ស្រឡាញ់គ្នាកុំឆាប់ពេក បង្កើតអនុស្សាវរីយជាមួយគ្នាឱ្យបានច្រើន។ រស់នៅជាមួយគ្នាតែងមានបញ្ហា តែបើមានអនុស្សាវរីយល្អៗនឹងគ្នាច្រើន ពេលចិត្តណាយ នឹងនឹកឃើញចំណុចល្អៗដែលសាងរួមគ្នា ក៏អាចធ្វើឱ្យគាត់មិនបែកបានដែរ»៕
Tag:
ភ្នំពេញ
ទេព រិនដារ៉ូ
តារាភាពយន្ត
ភាពយន្ត
សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com