ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល ហៅការយកពន្ធអង្ករកម្ពុជា ថាជាការធ្វើឃាតកសិករក្រីក្រ និងត្រៀមតវ៉ានឹងអឺរ៉ុប
ក្រសួងពាណិជ្ជកម្ម ដែលមានលោក ប៉ាន សូរស័ក្តិ ជារដ្ឋមន្រ្តី បានចេញសេចក្តីថ្លែងការណ៍ទាំងយប់ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីឆ្លើយតបនឹងសហភាពអឺរ៉ុប ដែលសម្រេចយកពន្ធលើអង្ករដែលនាំចូលពីកម្ពុជា។ ចាប់ផ្តើមឃ្លាដំបូងក្នុងសេចក្តីថ្លែងការណ៍ ក្រសួងពាណិជ្ជកម្ម បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចនេះ។
តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងពាណិជ្ជកម្ម បានចាត់ទុកការសម្រេចរបស់សហភាពអឺរ៉ុប ថាមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពច្បាប់ពាណិជ្ជកម្មអន្តរជាតិ បទដ្ឋានបច្ចេកទេស និងសច្ចភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមករវាងកម្ពុជា និងសហភាពអឺរ៉ុប។
បន្ទាប់ពីសម្តែងការសោកស្តាយ ក្រសួងពាណិជ្ជកម្ម ក៏បង្ហាញពីផលប៉ះពាល់ ដែលនឹងកើតដល់ប្រជាកសិករកម្ពុជា ដោយសារតែការសម្រេចរបស់សហភាពអឺរ៉ុប។ ក្រសួង បានសរសេរយ៉ាងដូច្នេះថា៖«ការសម្រេចដាក់វិធានការការពារទីផ្សារដោយសហភាពអឺរ៉ុប មកលើអង្ករ ដែលមានប្រភពដើមមកពីកម្ពុជា មានឥទិ្ធពលគ្រប់គ្រាន់ សម្រាប់ដកហូតចំណូលរបស់ប្រជាកសិករក្រីក្រកម្ពុជា និងជាអាវុធធ្វើឃាតពួកគាត់ និងក្រុមគ្រួសារ ដែលកំពុងជាប់បំណុល ជាមួយនឹងស្ថាប័នឥណទាន ដែលបានផ្តល់ប្រាក់កម្ចីដល់ពួកគាត់»។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា៖«ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងពិនិត្យផ្ទៀងផ្ទាត់សេចក្តីសម្រេចនេះ ដោយផ្អែកលើទិដ្ឋភាពច្បាប់ និងវិធានការពាណិជ្ជកម្មអន្តរជាតិ ដើម្បីបន្តតវ៉ានឹងសេចក្តីសម្រេច ដែលប្រជាជនកម្ពុជាយល់ថា ជាសេចក្តីសម្រេចដែលគ្មានសុក្រឹតភាពនិងសច្ចភាពសង្គមនិងសេដ្ឋកិច្ច»។
ទោះជាប្រកាសថានឹងតវ៉ាក្តី តែក្រសួងពាណិជ្ជកម្ម នៅតែឆ្លៀតទទូចជាមុន ឲ្យសហភាពអឺរុប ពិចារណាជាថ្មី ចំពោះសេចក្តីសម្រេចនេះ។ ក្រសួងពាណិជ្ជកម្ម បានស្នើបែបនេះថា៖«ក្រសួងពាណិជ្ជកម្ម សូមចូលរួមជាមួយប្រជាជនកម្ពុជាប្រមាណ១៦លាននាក់ អំពាវនាវឲ្យគណៈកម្មការអឺរ៉ុប ពិនិត្យឡើងវិញនូវការសម្រេចរបស់ខ្លួន ដោយផ្អែកលើវិធានការពាណិជ្ជកម្មអន្តរជាតិ និងបំណងកិច្ចសហប្រតិបត្តិការល្អជាប្រពៃណីរវាងកម្ពុជានិងសហភាពអឺរ៉ុប»៕
© រក្សាសិទ្ធិដោយ thmeythmey.com