ភ្នំពេញ៖ ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) បានបើកដំណើរការសាខាទី៣របស់ខ្លួន នៅមហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ។ ពិធីសម្ពោធសាខាថ្មីនេះ ធ្វើឡើងនៅថ្ងៃទី១៧ខែមករា ក្រោមអធីបតីលោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។
ធនាគារមួយនេះ បានចូលមកកម្ពុជានៅដើមឆ្នាំ២០១៧ ដែលមានការិយាល័យកណ្ដាលនៅលើមហាវិថីព្រះនរោត្តម និងបានបង្កើតសាខាចំនួនពីរត្រឹមឆ្នាំ២០១៨ គឺសាខាទួលគោក រាជធានីភ្នំពេញ និងសាខាខេត្តសៀមរាប មុននឹងសម្ពោធសាខាថ្មីទី៣នេះ។
លោក Guillaume Perdon អគ្គនាយកធនាគារ ប្រេដ ប៊ែង (ខេមបូឌា) បានថ្លែងក្នុងពិធីសម្ពោធសាខាថ្មីនេះដូច្នេះថា៖« ប្រេដ ប៊ែង គឺជាធនាគារបារាំង និងអឺរ៉ុបតែមួយគត់ ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា និងជាបុត្រសម្ព័ន្ធមួយនៃគ្រឹះស្ថានធនាគារដ៏ធំ និងរឹងមាំ»។
«គោលដៅរបស់យើង គឺគាំទ្រ និងបម្រើអស់លោក លោកស្រី ដើម្បីសម្រេចគោលដៅ មិនថាសម្រាប់ជីវភាពប្រចាំថ្ងៃ ឬសម្រាប់អាជីវកម្មរបស់លោក លោកស្រី»។ នេះជាប្រសាសន៍របស់លោក Guillaume Perdon មុននឹងលោកបញ្ជាក់ថា៖«ការផ្ដល់សេវាកម្មប្រកបដោយគុណភាព ប្រសិទ្ធភាព វិជ្ជាជីវៈ និងភាពទន់ភ្លន់ គឺជាសសរស្ដម្ភមួយនៃគុណតម្លៃរបស់យើងខ្ញុំ»។
បើតាមលោក Guillaume Perdon ធនាគារប្រេដ បើកគណនីសម្រាប់បុគ្គលឯកជនត្រឹមតែរយៈពេលមិនដល់ ២៤ម៉ោង និងធ្វើការសម្រេចចិត្តឆាប់រហ័សទៅលើសំណើសុំកម្ចីសម្រាប់អាជីវករលក់រាយ និងសហគ្រាសខ្នាតតូច និងមធ្យម ក្នុងរយៈពេល ១ថ្ងៃទៅ៣ថ្ងៃ និងអនុវត្តប្រតិបត្តិការយ៉ាងលឿនបំផុត។
ប្រេដ ប៊ែង មានផែនការពង្រីកបណ្ដាញធនាគារឲ្យបានចំនួន ២០សាខាត្រឹមឆ្នាំ២០២០ ខាងមុខ ដើម្បីបង្ខិតសេវាកាន់តែជិតប្រជាពលរដ្ឋ។ មកដល់ពេលនេះ ធនាគារនេះបានបម្រើសេវាកម្មហិរញ្ញវត្ថុដល់អតិថិជនជិត ២០០០នាក់រួចមកហើយនៅកម្ពុជា។
ចាប់តាំងពីឈានជើងចូលប្រទេសកម្ពុជាធនាគារ ប្រេដ បានរីកចម្រើនជាបន្តបន្ទាប់។ ជាក់ស្ដែងសំពៀតឥណទានរបស់ធនាគារនេះបានកើនដល់ចំនួន ១១៧លានដុល្លារអាមេរិក នៅត្រឹមបំណាច់ឆ្នាំ២០១៨ ។
លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានថ្លែងថា៖«ធនាគារ ប្រេដ បានដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងសហគមន៍ធុរកិច្ចបារាំង-កម្ពុជា។ធនាគារនេះបានជួយទ្រទ្រង់ដល់ការអភិវឌ្ឍលើវិស័យវិនិយោគបារាំងនៅកម្ពុជា និងបានជួយបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលបានកើនឡើងទ្វេមួយជាបីរួចមកហើយក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដោយបានកើនដល់ ១ពាន់លានអឺរ៉ូនៅក្នុងឆ្នាំ២០១៧ កន្លងទៅ»។
ក្រុមធនាគារ ប្រេដ គឺជាសមាជិកនៃ BPCE Group ដែលជាសម្ព័ន្ធធនាគារមួយក្នុងចំណោមសម្ព័ន្ធធនាគារធំជាងគេទាំង ២០ នៅលើពិភពលោក។ ក្រុមធនាគារប្រេដ គាំទ្របុតសម្ព័ន្ធរបស់ខ្លួនយ៉ាងពេញទំហឹង តាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើបបំផុត ហើយក្នុងនោះក៏មានធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ផងដែរ។
ទេសាភិបាលរងធនាគារជាតិលោកជំទាវ នាវ ច័ន្ទថាណា អះអាងថា ការបង្កើនសាខារបស់ធនាគារ ប្រេដ នេះ មិនត្រឹមតែជួយសម្រួលផ្នែកសេវាកម្មដល់អតិថិជនរបស់ធនាគារមួយនេះប៉ុណ្ណោះទេ តែវាបានរួមចំណែកដល់បរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
លោកជំទាវ នាវ ច័ន្ទថាណា មានប្រសាសន៍ដូច្នេះថា៖«ការសម្ពោធសាខាថ្មីនេះ គឺជាសក្ខីកម្មដែលអ្នកវិនិយោគ នឹងបន្តបោះទុនក្នុងរយៈពេលយូរអង្វែងនៅកម្ពុជា និងឆ្លុះបញ្ចាំងពីភាពជឿជាក់របស់វិនិយោគិនបរទេសចំពោះស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា។ ហើយធនាគារ ប្រេដ បានរួមចំណែកពង្រឹងវិស័យធនាគារនៅកម្ពុជា ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច»។
បើតាមតួលេខដែលលើកឡើងដោយលោកជំទាវ នាវ ច័ន្ទថាណា គិតត្រឹមត្រីមាសទី៣ឆ្នាំ២០១៨ ទ្រព្យសកម្មនៃប្រព័ន្ធធនាគារទាំងអស់ បានកើនដល់ ៣១ពាន់លានដុល្លារ សំពៀតឥណទានកើនដល់ ១៧,៨ពាន់លានដុល្លារ ប្រាក់បញ្ញើសរុប ១៩,៣ពាន់លានដុល្លារ។ វិស័យធនាគារនេះបានពង្រីកវិសាលភាពរបស់ខ្លួនជាបន្តបន្ទាប់ ដោយមានសាខាសរុប ៨៧៤ និង ATM ១៦៧៣ ហើយការប្រើកាតឥណទានកើនដល់ចំនួន ៩៦២១៤ កាត និងកាតឥណពន្ធ ១,៩លានកាត៕
(អត្ថបទពាណិជ្ជកម្ម)